​អ្នកលក់​ប្រាប់ថា​ខ្យង​មាស​ឫ​ខ្យង​ថៃ​ក្នុង​១​គីឡូ​៧៥​បាត​ស្មើ​១០.០០០​រៀល​

247
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ខ្យង​មាស​ឫ​ខ្យង​ថៃ​ដែល​យើង​តែងតែ​សង្កេតឃើញ​កើតមាន​នៅតាម​ស្រែ​ប្រជាពលរដ្ឋ​នៅតាម​អូរ​និង​នៅតាម​បឹង​នោះ​ជា​ប្រភេទ​ខ្យង​ម្យ៉ាង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ហ៊ាន​ចាប់​យកទៅ​បរិភោគ​នោះទេ​ដោយសារតែ​ខ្លាច​ពុល​។​តែ​ពេលនេះ​ខ្យង​ប្រភេទ​នេះ​ត្រូវបាន​ឈ្មួញ​ថៃ​ហ៊ាន​ទិញ​ក្នុង​១​គីឡូ​៧៥​បាត​ស្មើ​១០.០០០​រៀល​។​

​លោក​ចាប​ឌឿ​ន​អាយុ​៣៧​ឆ្នាំ​រស់នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បាន​ប្រាប់ថា​ខ្យង​ដែល​ទិញ​យកមក​លក់​ឱ្យ​ឈ្មួញ​ថៃ​នេះ​គឺ​បាន​នាំ​មកពី​ខេត្តព្រៃវែង​ដែល​តម្លៃ​ជាទូទៅ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​តម្លៃ​៨.០០០​រៀល​។​យកមក​លក់​ឲ្យ​ឈ្មួញ​ថៃ​នៅ​ច្រក​អានសេះ​គឺមាន​តម្លៃ​៧៥​បាត​ស្មើ​និង​១០.០០០​រៀល​។​

​លោក​ចាប​ឌឿ​ន​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ខ្យង​ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​មក​លក់​ឲ្យ​ឈ្មួញ​ថៃ​នៅ​ច្រក​អានសេះ​នេះ​គឺ​បាន​ស្ងោរ​យ៉ាង​ឆ្អិន​និង​ឆ្កឹះ​យកតែ​សាច់​ក្បាល​ទេ​ដោយ​ក្នុង​ខ្យង​រស់​១០​គីឡូ​គឺ​ស្ងោរ​ឆ្កឹះ​បានតែ​សាច់​១​គីឡូ​ប៉ុណ្ណោះ​។​លោក​បញ្ជាក់ថា​រយៈពេល​៣​ថ្ងៃ​លោក​អាច​នាំ​សាច់​ខ្យង​យកមក​លក់​ឲ្យ​ឈ្មួញ​ថៃ​បាន​ប្រហែល​៤០០​ទៅ ៥០០​គីឡូ​ដែរ​បាន​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​មួយកម្រិត​ផងដែរ​។​

​ដោយឡែក​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា​ខ្យង​មាស​ឫ​ខ្យង​ថៃ​នេះ​កន្លងមក​ខាង​មន្ទីរ​កសិកម្ម​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​យកទៅ​កម្ទេចចោល​ដោយសារ​ខ្យង​នេះ​បាន​កាត់​បំផ្លាញ​ស្រូវ​នៅក្នុង​ស្រែ​របស់គាត់​។​

​ស្របពេល​និង​ប្រភេទ​ខ្យង​នេះ​មាន​ទីផ្សារ​មាន​ឈ្មួញ​ថៃ​ទទួល​ទិញ​បែបនេះ​លោក​សូម​អំពាវនាវ​ឲ្យ​ប្រជាកសិករ​យើង​គួរ​ប្រមូល​ចាប់​ខ្យង​នេះ​នៅក្នុង​ស្រែ​របស់​យើង​ស្ងោរ​ឆ្កឹះ​យកសា​ច់លក់​ឲ្យ​ឈ្មួញ​ដើម្បី​យក​ថវិកា​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​៕S/​