​អ្នកលក់​សាច់ជ្រូក​ក្នុង​ផ្សារ​សៀមរាប​អះអាងថា​សាច់ជ្រូក​ដែល​ដាក់លក់​មានការ​ពិនិត្យ​ត្រឹមត្រូវ​

325
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: អាជីវករ​លក់​សាច់ជ្រូក​ក្នុង​ផ្សារ​ចាស់​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​អះអាងថា​សាច់ជ្រូក​ដែល​ពួកគាត់​លក់​រាល់​ថ្ងៃជា​សាច់​ដែល​បានការ​ពិនិត្យ​ហ្មត់ចត់​ពី​មន្ត្រី​ជំនាញ​។​បងស្រី​ឈ្មោះ ឈន់ សុភា អាជីវករ​លក់​សាច់ជ្រូក​នៅ​ផ្សា​ចាស់ ក្នុង​ក្រុង​សៀមរាប បាន​អះអាងថា ចាប់តាំងពី​មាន​ផ្ទុះ​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​មក ការលក់ដូរ​របស់​ពួកគាត់​មានការ​ធ្លាក់ចុះ​រហូតដល់ ទៅ​៦០​ភាគរយ ដែល​ការលក់​ធ្លាក់ចុះ​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​។

​ដូច្នេះ តាមរយៈ​នេះ សូម​អំពាវនាវ​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ងាក​មក​ទទួលទាន​សាច់ជ្រូក​វិញ ព្រោះ​សាច់ជ្រូក​ដែល​ពួកគាត់​ដាក់លក់​រាល់ថ្ងៃនេះ​គឺជា​សាច់​ដែលមាន​សុវត្ថិភាព​ពុំមាន​ជំងឺឆ្លង​ណាមួយ​នោះទេ ព្រោះ​មានការ​ត្រួតពិនិត្យ​គុណភាព​សាច់​យ៉ាង​ហ្មត់ចត់​ពី​មន្ត្រី​ជំនាញ ។​

​លោក​ស៊ឹម​ធ​រដ្ឋ​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​ន​សាទ​ខេត្តសៀមរាប បាន​បញ្ជាក់ថា នៅក្នុង​ខេត្តសៀមរាប មិនទាន់​កើតមាន​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​ទេ ។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ខាង​មន្ត្រី​ជំនាញ ចុះ​ធ្វើការ​ពិនិត្យ​តាមដាន​លើ​ស្ថានភាព​ជំងឺ​នេះ​ជាប្រចាំ និង ពង្រឹង​ការត្រួតពិនិត្យ​លើ​ការ​នាំចូល​សត្វ​ជ្រូក​តាម​ព្រំប្រទល់​ខេត្ត​ផ្សេងៗ​ផងដែរ ។​

​លោក បាន​បន្តថា តាម​ឯកសារ​ជាច្រើន​បញ្ជាក់ថា ចំពោះ​វីរុស​ដែល​បង្ក​ជំងឺ​ប៉េ​ស្ដិ​ជ្រូក​អាហ្វ្រិក​នេះ មិនអាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ឬ ឆ្លង​ពី​មនុស្ស​ទៅ​សត្វ​ឡើយ ។​ដូច្នេះ​សូម​បង​ប្រជាពលរដ្ឋ គួរតែ​បរិភោគ​សាច់ជ្រូក​ឡើងវិញ​ចំពោះ​សាច់ជ្រូក​ដែលមាន​បោះត្រា​សម្គាល់ថា​សាច់សត្វ​មាន​សុវត្ថិភាព ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ព្រោះថា ប្រសិនបើ​សាច់សត្វ​មិនមាន​បោះត្រា​សម្គាល់ ឬ​សាច់សត្វ​គ្មាន​ប្រភព​ច្បាស់​ទេនោះ អាចមាន​ជំងឺ​ផ្សេងទៀត ដែល​អាច​ឆ្លង​ដល់​មនុស្ស ៕S/

​រូបភាព​: អាជីវករ​លក់​សាច់ជ្រូក​ក្នុង​ផ្សារ​ចាស់​ក្រុង​សៀមរាប អះអាងថា សាច់ជ្រូក​ដែល​ពួកគាត់​លក់​រាល់ថ្ងៃ ជា​សាច់​ដែល​បានការ​ពិនិត្យ​ហ្មត់ចត់​ពី​មន្ត្រី​ជំនាញ​៕​គូលែន​