​អ្នក​ដាំ​ស្វាយ​នៅ​ស្រុក​កងមាស សប្បាយចិត្ត​ដោយ​ក្នុង​មួយថ្ងៃៗ មាន​ឈ្មួញ​ទៅ​ទិញ​ជាង ១០០​តោន

2670

(​កំពង់ចាម​): ប្រជាពលរដ្ឋ​ដែល​ដាំ​ស្វាយកែវ​រមៀត​ខុសរដូវ នៅ​ស្រុក​កងមាស កំពុងតែ​សប្បាយរីករាយ ដោយសារ​ផ្លែស្វាយ ដែល​ពួកគាត់​ដាំ​បាន​មាន​ឈ្មួញ​ចូលទៅ​ទិញ​ដល់​ចម្ការ​ក្នុង​មួយថ្ងៃៗ ជាង​១០០​តោន ដើម្បី​នាំយកទៅ​លក់​បន្តទៅ​ប្រទេស​មួយចំនួន​ជាពិសេស គឺ​ប្រទេស​ថៃ​។​

​លោក យន់ ឆន អាយុ ៦០ ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ព័ន្ធ​ទី​១ ឃុំ​ខ្ចៅ ស្រុក​កងមាស​បាន​និយាយថា ឈ្មួញកណ្តាល​បាន​យក​កម្មករ និង​ឡាំង​មក​បេះ​ផ្លែស្វាយ​ពី​ដើម​អាយុ​៥​ឆ្នាំ​ចំនួន​២៥ ដើម​នៅ​ចម្ការ​ក្បែរ​ផ្ទះ​។ ដោយ​មួយ​គីឡូក្រាម​បាន​តម្លៃ ៧៥០ រៀល​ទាំង​លេខ​១ និង​លេខ​២ ចម្រុះ​គ្នា​។ ខាង​ម្ចាស់​ចម្ការ​មិនបាច់​ខ្វល់​ចាំ តែពិនិត្យ​ភ្នែកជញ្ជីង​ហើយ​ទូទាត់​លុយ​ជាការ​ស្រេច​។​

​លោក​បាន​បន្ថែមថា តម្លៃ​នេះ​មួយ​គីឡូក្រាម​ផ្លែស្វាយ​កែវ​រមៀត ថោក​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​២០១៦​ជាង​១.០០០ រៀល​។ ប៉ុន្តែ​លោក​មិនដឹង​ពី​មូលហេតុ​តម្លៃ​ធ្លាក់ចុះ​នេះ​ទេ ហើយ​ទិន្នផល​ក៏​ធ្លាក់ចុះ​ដែរ គឺ​ឆ្នាំនេះ​បេះ​មួយ​លើក​បាន​ផ្លែ​ជិត​មួយ​តោន ខុសពី​ឆ្នាំមុន​បេះ​មួយ​លើក​ជាង​មួយ​តោន​។ បញ្ហា​នេះ ទំនង​អាចពាក់ព័ន្ធ​នឹង​អាកាសធាតុ​ភ្លៀង​ធ្លាក់​ចំពេល​ស្វាយ​ចេញ​ផ្កា ។​

​លោក​បន្តថា បន្ទាប់ពី​ប៉េះ​ផ្លែ​អស់​យើង​ចាប់ផ្តើម​កប់​ជី​ជំនួយ​ដើម និង​មួយ​សប្តាហ៍​ក្រោយ​កប់​ជី​ជំនួយ​ផ្កា និង​ត្រួយ​។ មួយខែ​ក្រោយ​ប្រើ​ថ្នាំ​ឲ្យ​ចេញ​ផ្កា និង​ត្រួយ គឺ​មួយ​សប្តាហ៍​ប្រើ​បាញ់​ដោយ​ឧបករណ៍​កសិកម្ម​នេះ​ម្តង​។ ប៉ុន្តែ​នៅ​ចន្លោះ​នៃ​ការប្រើ​ថ្នាំ​ខាងលើ បើ​មាន​ភ្លៀង​ធ្លាក់​ត្រូវ​ប្រើ​ថ្នាំ​ជំនួយ​ផ្កា និង​ត្រួយ​ក្រោយ​ភ្លៀង​ធ្លាក់​គ្រប់ពេល បើ​មិន​ដូច្នេះ​ទេ អាច​ប្រឈម​ជ្រុះ​ធ្លាក់​ផ្កាស្វាយ​អស់ ខ្សត់​ផ្លែ ឬក៏​អត់​ផ្លែ​តែម្តង​។ មួយឆ្នាំ​ប្រមូល​ផល​បានតែ​ពីរដង គឺ​ខុសរដូវ​ម្តង និង​ចំ​រដូវ​ម្តង​តែមាន​អ្នកធ្វើ​ឲ្យ​ផ្លែស្វាយ​ប្រភេទ​នេះ​បាន​ទទួលផល​ខុសរដូវ​ពីរដង​។​

​អ្នកស្រី ណាំ អៀង អាយុ ៤៨ ឆ្នាំ​អ្នកប្រមូល​ទិញ​ផ្លែ​ស្វាយកែវ​រមៀត​នៅ​ស្រុក​កងមាស​ទៅ​លក់​នៅ​ភ្នំពេញ និង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងថា អ្នក​បាន​ប្រកបមុខរបរ​នេះ​ជាង​១០​ឆ្នាំ​ហើយ គឺ​សព្វថ្ងៃ​ចំពោះ​អ្នកស្រី​ម្នាក់​មួយថ្ងៃៗ​ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត​ក្នុងស្រុក​កងមាស​បាន​ពី​២០​ទៅ​២៥​តោន​។ ក្នុងនោះ​មួយផ្នែក​យកទៅលក់​នៅ​ក្រុងភ្នំពេញ និង​មួយចំណែក​ទៀត​ទៅកាន់​ប្រទេស​ថៃ​តាម​ច្រក​ព្រំ របស់​ខេត្ត​ប៉ៃលិន​បាន​តម្លៃ ៨០០ ទៅ ១.២០០ រៀល​។ ក្នុង​មួយថ្ងៃ​បាន​មួយ​លើក​អាច​ចំណេញ​បាន​ប្រាក់​ពី ២០ ទៅ​២៥​ម៉ឺន​រៀល​។​

​អ្នកស្រី​បាន​បន្តថា ស្វាយកែវ​រមៀត​នៅ​ស្រុក​កងមាស​នេះ មាន​ឈ្មួញ​ក្នុងស្រុក​ដូច​អ្នកស្រី​មិន​ក្រោម​១០​នាក់​ដែល​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស មាន​ប្រទេស​វៀតណាម ប្រទេស​ចិន កូរ៉េខាងត្បូង និង​ច្រើនជាងគេ​ប្រទេស​ថៃ គឺ​ក្នុង​មួយថ្ងៃៗ អាច​ជាង​មួយរយ​តោន​។​

​លោក ឈាង ឆៃ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ខាង​លោក​គ្មាន​តួលេខ​នៃ​ការនាំចេញ​ស្វាយកែវ​រមៀត​នៅ​ស្រុក​កងមាស​ទៅ​ប្រទេសក្រៅ​នៅឡើយ​ទេ​។ ប៉ុន្តែ​នឹង​តាមដាន​ការនាំចេញ​នេះ ដើម្បី​ឲ្យ​ដឹង​ចំនួន និង​តម្លៃ​ច្បាស់លាស់​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ​។​

​លោក​បាន​បន្តថា ទំនង​ស្វាយកែវ​រមៀត​នៅ​ស្រុក​កងមាស​នេះ នៅ​មិនទាន់មាន​ផ្លាក​យីហោ​នៃ​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស ដូច​ផ្លែ​ស្វាយកែវ​រមៀត​នៅ​ខេត្តកំពង់ស្ពឺ​នោះទេ​។ ស្លាក​យីហោ​នេះ​សំខាន់​ណាស់ គឺ​បានបញ្ជាក់​ពី​គុណភាព​ទំនិញ​ផលិត​មាន​លក្ខណ​:​ស្តង់ដា និង​មាន​ការធានា​ទីផ្សារ​។ ខាង​លោក​នឹង​ចុះទៅ​ណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ស្រុក​កងមាស អ្នក​ដាំ​ស្វាយកែវ​រមៀត​ចងក្រង​ជា​សហគម ឲ្យ​ដូច​នៅ​ខេត្តកំពង់ស្ពឺ​ដែរ​៕ L ដោយ​: ភោគ សម្បត្តិ​