​អ្នក​ទីផ្សារ​បណ្តាញ​នៅ​កម្ពុ​ជាមាន​ច្រើនតែ​អ្នកជំនាញ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ប្រឈម​

361
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​បើទោះបី​នាពេល​បច្ចុប្បន្ននេះ​ទីផ្សារ​បណ្តាញ​នៅ​កម្ពុជា​មានការ​រីកចម្រើន​និង​កំពុងមាន​សកម្មភាព​ខ្លាំង​ក្លា​ក្តី​ប៉ុន្តែ​អ្នកជំនាញ​បានលើកឡើង​ថា​អ្នក​ប្រកប​របរ​នេះ​នៅតែ​ជួប​បញ្ហា​ប្រឈម​ចំពោះមុខ​ច្រើន​។​ដោយសារតែ​ខ្វះ​លើ​សមត្ថភាព​ចំណេះដឹង​ហេតុនេះ​ចាំបាច់​ត្រូវមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ចៀសវាង​បង្ក​គ្រោះថ្នាក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​។​

​ការបញ្ជាក់​បែបនេះ​ធ្វើឡើង​ដោយ​លោក​សហ​មូ​ហក​បណ្ឌិត​ឡី​សុភាព​ប្រធាន​សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​កម្ពុជា​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​កន្លងមក​។​វគ្គ​បណ្តុះបណ្តាល​នេះ​គឺមាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៦=១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

លោក​ឡី សុភាព​បាន​មានប្រសាសន៍​ជុំវិញ​បញ្ហា​នេះ​ថា​”​យើង​ត្រូវ​ដឹងថា​ក្នុង​យុគសម័យ​ឌីជីថល​នេះ បើសិន​អ្នកលក់​តាម​អន​ឡាញ​គាត់​មិនបាន​យល់ដឹង​ពី​ច្បាប់ ឬ​មិនចេះ​ធ្វើ​ទីផ្សារ​បណ្ដាញ​ទេនោះ ច្បាស់​ជា​ចាញ់បោក​គេ​តៗ​គ្នា​ឬ​អាច​ប្រឈម​នឹង​ច្បាប់​។​មានន័យថា​អ្នក​ទាំងអស់នេះ​ច្រើនតែ​មិនបាន​យល់ច្បាស់​អំពី​នីតិវិធី​ច្បាប់ បទបញ្ញត្តិ ក៏ដូចជា​ចំណេះដឹង​នានា ដូចជា ការចុះបញ្ជី ពាណិជ្ជ​នាម ពាណិជ្ជសញ្ញា ការស្នើសុំ​អាជ្ញា​បណ្ណ ដែល​នាំទៅដល់​ការចាញ់បោក​គេ​តៗ​គ្នា​”​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​អ្នក​ប្រកប​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​ឱ្យទទួល​ការផ្សព្វផ្សាយ​និង​បណ្ដុះបណ្ដាល​ឱ្យបាន​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​(TVET)​របស់​ក្រសួង​ការងារ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ ។​

ទាក់ទិន​ទៅនឹង​ធុរកិច្ច​ទីផ្សារ​បណ្តាញ​នេះដែរ​លោក​ឡី​សុភា​ពបាន​អំពាវនាវ​ឱ្យចំ​ពោះ​អ្នក​ប្រកប​អាជីវកម្ម​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​ទាំងអស់​ចាំបាច់​ត្រូវតែ​មក​ទទួល​ការបណ្ដុះបណ្ដាល​ដើម្បី​យកចំណេះ​ដឹង​ទៅប្រើ​ប្រាស់​ក្នុងការ​ប្រកប​អាជីវកម្ម​របស់ខ្លួន​។​មិន​ត្រឹម​តែមាន​មុខជំនាញ​ត្រឹមត្រូវ​ងាយស្រួល​ក្នុងការ​ពង្រីក​ទីផ្សារ​ទេ​ប៉ុន្តែ​នៅ​មិន​ព្រួយបារម្ភ​អំពី​បញ្ហា​ប្រឈម​ពិសេស​ចំពោះ​រឿង​រាវ​ពាក់ព័ន្ធ​នឹង​ច្បាប់​ផង​។​

លោក​ឡី​សុភាព​បាន​លើកឡើងថា​នាពេល​បច្ចុប្បន្ន​ចំពោះ​អ្នកមាន​ជំនាញ​ផ្នែក​ទីផ្សារ​បណ្តាញ​គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​ទេ​ហេតុនេះ​លោក​គ្រោង​នឹង​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​ឱ្យបាន​ប្រមាណ​១​ពាន់​ដល់​២​ពាន់​នាក់​ត្រឹម​ឆ្នាំ​២០២០​។​ចំពោះ​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះដែរ​ស្របទៅនឹង​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​បាន​ដាក់ឱ្យអនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រ​និក​។ច្បាប់​ស្ដីពី​ការការពារ​អ្នកប្រើប្រាស់ ព្រមទាំង​គោលនយោបាយ​ជាតិ​សិក្សា​ពេញ​មួយជីវិត​៕S/

​លោក​សហ​មូ​ហក​បណ្ឌិត​ឡី​សុភាព​ប្រធាន​សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​កម្ពុជា​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធុរកិច្ច​ទីផ្សារ​បណ្តាញ កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​