​អ្នក​ប្រដាល់​ជាយដែន លាប រដ្ឋា មានឱកាស​ប្រកួត ជាមួយ​បរទេស

875
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ជាយដែន លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ជា​លើកដំបូង នៅ​រសៀល​ថ្ងៃទី​១៧ មិថុនា នេះ លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ ។​

​អ្នក​ប្រដាល់​ថៃ ឈ្មោះ អា ណន (A Norn) គឺជា​គូប្រកួត​របស់​រដ្ឋា ហើយ​ពួកគេ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ រដ្ឋា មួយរយៈ​នេះ គេ​មាន​ម៉ូយ​ប្រកួត​ច្រើន នៅ​សង្វៀន​នានា ក្នុង​រាជធានី​ភ្នំពេញ ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​មុខរឹង កណ្ដាប់ដៃ​រហ័ស ទាត់​ចេញ​ធ្ងន់ ឯ​ជង្គង់ ក៏​វ៉ៃ​ចេញ​បាន​ធ្ងន់​ល្អ​ដែរ តែ​កំពស់​របស់គេ ស្ទើរ​បន្តិច​។​

​នេះ​ជា​ឱកាស​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់ ជាយដែន​រូបនេះ ត្រូវ​ការកសាង​កេរ្តិ៍ឈ្មោះ ដើម្បី​រក​ឱកាស​ប្រកួត ជាមួយ​បរទេស ឲ្យ​បាន​កាន់តែ​ញឹកញាប់​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន ៤៥ ដង ឈ្នះ ៣៣ ដង ចាញ់ ១០ ដង និង​ស្មើ​ពិន្ទុ ២ ដង​។​

​ចំពោះ​អ្នក​ប្រដាល់ អា​ណន វិញ អាច​និយាយបានថា នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ធ្វើដំណើរ មក​ប្រកួត នៅ​ស្រុក​ខ្មែរ មិនមាន​នរណាម្នាក់ ដឹងថា តើ​អ្នក​ប្រដាល់​រូបនេះ ខ្លាំង ឬ​ខ្សោយ​នោះទេ ។ បើតាម​ការអះអាង​ពី​លោក ថៃ អ៊ូ ដែលជា​អ្នក​នាំ​អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា គ្រូ និង ម្ចាស់​ក្លិប​របស់គេ អះអាងថា អា ណន មិន​អន់​ឡើយ ហើយក៏​មិន​ខ្លាំង​ហួសហេតុ​ដែរ ។ អា ណន មាន​ប្រវត្តិ​ប្រកួត ចំនួន ៦៥ ដង ឈ្នះ ៥៧ ដង ចាញ់ ៦ ដង និង​ស្មើ​ពិន្ទុ ២ ដង ។ លាប រដ្ឋា ឬ អ្នក​ប្រដាល់​ថៃ អា ណន ជា​អ្នកឈ្នះ ក្នុងការ​ប្រកួត​នេះ ? ។​

​រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ អ៊ូ រ៉ូ​នូ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។​

​សា​រ័ត្ន មានឈ្មោះ​ក្នុង​បញ្ជី នៃ​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ទម្ងន់ ៦៥ គីឡូក្រាម​នេះ ។ សម្រាប់​ការប្រកួត​នេះ គឺជា​ការ​កំដៅ​សាច់ដុំ ដ៏​សំខាន់​របស់ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន ៧៥ ដង ឈ្នះ ៥៩ ដង ចាញ់ ១៣ ដង និង​ស្មើ​ពិន្ទុ ៣ ដង ។​

​ចំពោះ​អ៊ូ រ៉ូ​នូ​វិញ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ២-៣ ដង​ហើយ គេ​មិនមែនជា​ដុំ​សាច់ ដែល​ស្រួល​ទំពារ​នោះទេ ព្រោះ​ក្រៅពី​កម្លាំង​រឹងមាំ​ល្អ​នោះ កលល្បិច និង​ភាពរហ័សរហួន​របស់​គេ តែងតែ​ធ្វើ​ឲ្យ​គូប្រកួត ជួប​ការលំបាក ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៦៣ ដង ឈ្នះ ៥៤ ដង ចាញ់ ៩ ដង ។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ ? ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ នឿន សាវ​ឌី ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ ទី ព​ន្លែ​ត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ សួង សុវណ្ណ​ថា សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

#