​អ្នក​ប្រដាល់​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ ជួប​ជាមួយ អ្នក​ប្រដាល់​ជើង​ថ្មី អ៊ីរ៉ង់​

626
ចែករម្លែក

​ដោយ​; រ៉ូ​ហ្សា
​ភ្នំពេញ​: លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក របស់​អាស៊ីអាគ្នេយ៍ នៅ​យប់​ថ្ងៃទី​២៩ ធ្នូ នេះ អ្នក​ប្រដាល់​ជើង​កន្ត្រៃ​ហោះ​កម្ពុជា ធា នុ​រាជ ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី អ៊ីរ៉ង់ ហ្វារ​ហាដ ម៉ាន់​ដូ​មី (Farhad Mandomi) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​ធា នុ​រាជ អ្នក​ប្រដាល់​កម្ពុជា តែមួយ​រូប​គត់ ដែល​ប្រើ​ស្នៀត នាគ​វ័ធ​កន្ទុយ បានល្អ និង​ហ៊ាន​ប្រើ​ស្នៀត ទាត់​ជើង​កន្ត្រៃ​ហោះ នៅពេល​ប្រកួត​។ ទោះបី​ការប្រើ​ស្នៀត​ទាំងនេះ មិនសូវ​បាន​ផល ក៏ពិតមែន តែ​អ្វី​ដែលជា​ស្នៀត​ដូនតា ក្នុង​ប្រដាល់​គុន​បូរាណ​ខ្មែរ គេ​ក្លាហាន​ក្នុង​ការប្រើ​។​

​ក្រៅពី​ប្រើ​ស្នៀត​ជើង​ទាំងនេះ បានល្អ​នោះ ស្នៀត​កណ្ដាប់ដៃ ជង្គង់ កែង​របស់គេ ក៏​មិនអាច​មើលស្រាល​បានដែរ​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៥​ដង ឈ្នះ​៦៨​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។​

​ចំពោះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ហ្វារ​ហាដ ម៉ាន់​ដូ​មី គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ មិនដឹងថា អ្នក​ប្រដាល់​រូបនេះ ខ្លាំង ឬ​ខ្សោយ​នោះឡើយ តែ​តាមរយៈ​កំណត់ត្រា​ប្រកួត របស់គេ បង្ហាញថា គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែប៉ុណ្ណោះ ។ គេ​ទើបតែ​ធ្លាប់​ប្រកួត​បាន ១១​ដង ឈ្នះ​៩​ដង និង​ចាញ់​២​ដង ។ ធា នុ​រាជ អាច​ឈ្នះ​អ្នក​ប្រដាល់​ជើង​ថ្មី​រូបនេះ បាន​ឬទេ ?​។​

ធា នុ​រាជ និង ហ្វារ​ហាដ ម៉ាន់​ដូ​មី​

​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ខ្លា ឃុន​ស៊ើ​ក (Khla Khunseuk) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​
​សម្រាប់​ស្រុក​ខ្មែរ រិទ្ធី គឺជា​អ្នកខ្លាំង​មួយរូប ក្នុងចំណោម​អ្នកខ្លាំង ។ ចំពោះ ខ្លា ឃុន​ស៊ើ​ក​វិញ ក៏​មិនមែនជា​អ្នក​ប្រដាល់​ជើង​ខ្សោយ​ដែរ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០១​ដង ឈ្នះ​៩០​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​តែ ១ ដង​ប៉ុណ្ណោះ ។ នេះ​ជា​គូប្រកួត ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ចាំមើល​នរណា​ឈ្នះ​?​។​

​ចំពោះ​ការប្រកួត​ដណ្ដើម ប្រាក់​លាន​ហ្គេ​ន​ស្ប៊ើ​ក រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ បាន​ឈានដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​។ ជី ឆៃលី មកពី​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​២៥​ដង ឈ្នះ​២៣​ដង ចាញ់​២ ដងនោះ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ ជាមួយ​អ្នក​ប្រដាល់ ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៤៣​ដង ឈ្នះ​៣១​ដង ចាញ់​៩​ដង​និង​ស្មើ​ពិន្ទុ​៣​ដង ។​

ពុទ្ធ ឆាយ​រិទ្ធី និង ខ្លា ឃុន​ស៊ើ​ក​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ កាល​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ៤ ប្រកួត​របស់ ជី ឆៃលី ឈ្នះ​ទាំង​៤​ប្រកួត ឯ ម៉ន វ៉ា​ន្នី វិញ ៤ ប្រកួត​របស់គេ ឈ្នះ​៣​ប្រកួត ចាញ់​មួយ​ប្រកួត គឺ​ចាញ់​ពិន្ទុ ជី ឆៃលី នេះឯង ។ ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ មិនទាន់​ប្រាកដថា ជី ឆៃលី ឈ្នះ​ទៀត​នោះដែរ ហើយក៏​មិន​ប្រាកដថា វ៉ា​ន្នី ឈ្នះ​វិញ​ដែរ ៕v

#