​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ មួយរូប​ទៀត ឆ្លងដែន​មក​សាក​ក្បាច់គុន ជាមួយ ឃុន ឌី​ម៉ា​

180
ចែករម្លែក
  • 123
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ពេលនេះ អ្នក​ប្រដាល់​កម្ពុជា ឃុន ឌី​ម៉ា ក្លិប​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែលជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​នោះ បាន​បង្កើន​ម៉ោង ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ជួប​តតាំង​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ នៅ​រសៀល​ថ្ងៃទី​១៦ មីនា ខាងមុខនេះ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ ។​

​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ បាន​និយាយថា លោក​មិន​ធ្លាប់​បានឃើញ អ្នក​ប្រដាល់​ថៃ​រូបនេះ ប្រកួត​ទេ តែ​ប្រធាន​ក្លិប និង​គ្រូបង្វឹក​របស់គេ ប្រាប់ថា ប្រសិនបើ​គេ​ចាញ់ ឌី​ម៉ា ក៏​ឌី​ម៉ា ទ្រមខ្លួន​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ឈ្មោះ គីម យុង (Kim Young) ។​

​លោក​បាន​បន្តថា ព័ត៌មាន​ដែល​ក្លិប​របស់គេ ផ្ដល់​ឲ្យ​លោក​នោះ គេ​ថា គីម យុង ទើបតែ​ឈ្នះ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ នៅ​ខេត្ត​ឈៀង​រ៉ៃ ។ ព្រឹត្តិការណ៍​នោះ គឺជា​ការប្រកួត​ចម្រុះ​ជាតិ​សាសន៍ ដែល​អ្នកឈ្នះ គឺ​សុទ្ធតែជា​អ្នកខ្លាំង​។​

​មិនមាន​នរណា ដឹង​ពី​ស្ថិតិ​ប្រកួត​របស់ អ្នក​ប្រដាល់​ថៃ​រូបនេះ នៅឡើយ​ទេ ហើយ​របៀប​វ៉ៃ ស្នៀត​របស់គេ យ៉ាងណា ក៏​មិនមាន​នរណា​ដឹង​ដែរ ។ គេ​ទើបតែ​ឡើងមក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។​

​ឃុន ឌី​ម៉ា និង គីម យុង​

​ចំពោះ ឃុន ឌី​ម៉ា វិញ សម្រាប់​ទម្ងន់ ៦៣,៥០ គីឡូក្រាម នៅ​ស្រុក​ខ្មែរ គេ​មិនមាន​ដៃគូ​ប្រកួត​ឡើយ ។ នេះ​ជា​ទម្ងន់ ដែល​គេ​ដណ្ដើមបាន មេដាយមាស​ស៊ី​ហ្គេម ។ លោក ហេង ប៊ុន​ឃីម ដែលជា​ឪពុក និង ជា​គ្រូបង្វឹក​របស់ ឌី​ម៉ា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ កូនប្រុស​របស់លោក ខិតខំ​ហ្វឹកហាត់ ទាំង​កម្លាំង ទាំង​កលល្បិច និង អំណត់ ។​

​លោក​មិន​ហ៊ាន​មើលស្រាល គូប្រកួត​ឡើយ ព្រោះ​គេ​ក៏​ហាត់ ឯ​យើង​ក៏​ហាត់ ។ តែ​លោក​មាន​ជំនឿ​ចិត្ត​ថា កូនប្រុស​របស់លោក នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ។ រឿង​ចាញ់​-​ឈ្នះ វា​ជា​រឿង​ធម្មតា​របស់​អ្នកកីឡា បើ​យើង​ខ្សោយ គឺ​គេ​ឈ្នះ តែបើ​យើង​ខ្លាំង អ្វីៗ​ប្រាកដជា​តឹងតែង​ហើយ​។

​ប្រកួត​ជាមួយ អ្នក​ប្រដាល់​បរទេស​ដែរនោះ ប៊ុន គ​ន្ធា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឆាត ផេ​ត (Chhart Phat) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។​

​គ​ន្ធា ទើបតែ​ខ្ទាត​ចេញ ពី​ការប្រកួត​ដណ្ដើម​ពានរង្វាន់ នៅ​ជុំ​ទី​១ ។ អ្នក​ប្រដាល់​រូបនេះ ល្អ​កែង និង ជង្គង់ តែបើ​គូប្រកួត​ខ្លាំង​ដែរនោះ គេ​វ៉ៃ​ចេញ​មិន​រួច​ឡើយ ដោយសារតែ គេ​មិនសូវ​ក្លាហាន ។ ចំពោះ ឆាត ផេ​ត នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ។ សម្រាប់​គូ​នេះ មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះឡើយ ៕v

ប៊ុន គ​ន្ធា និង ឆាត ផេ​ត​