​អ្នក​ប្រដាល់​ថៃ ភេត ទ្រី អះអាងថា នឹងធ្វើ​ឲ្យ លាប រដ្ឋា ស្គាល់​កណ្ដាប់ដៃ​របស់គេ​

92
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ថៃ ផេ​ត ទ្រី (Phat Trey) ដែល​ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ ជា​លើកដំបូង ជាមួយ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយ មានជ័យ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល ថ្ងៃទី​២៥ មករា ខាងមុខ នេះ ។ គេ​បាន​ធ្វើជា​អ្នកក្លាហាន ដោយ​ប្រកាសថា នឹងធ្វើ​ឲ្យ លាប រដ្ឋា ស្គាល់​ពី​ទម្ងន់ កណ្ដាប់ដៃ​របស់គេ ។​

​រដ្ឋា ក៏​ជា​អ្នកលេង​កណ្ដាប់ដៃ មួយរូប ដែល​មិនធម្មតា​ដែរ មាន​អ្នក​ប្រដាល់ ជាច្រើន ដែល​សន្លប់ ដោយសារ​កណ្ដាប់ដៃ របស់គេ មិនតែប៉ុណ្ណោះ អ្នក​ដែល​ប្រកួត​ជាមួយ រដ្ឋា តែងតែ​រក​គ្រប់​វិធី ដើម្បី​រារាំង​អ្នក​ប្រដាល់ រូបនេះ កុំ​ឪ្យ​មានឱកាស បញ្ចេញ​កណ្ដាប់ដៃ ។​

​លាប រដ្ឋា និង​ ផេ​ត ទ្រី​

​ពេលនេះ ស្រាប់តែ អ្នក​ប្រដាល់​ចំណូល​ថ្មី ផេ​ត ទ្រី បានបង្ហាញ​ពី​ភាពក្លាហាន​ថា នឹង​ប្រើ​កណ្ដាប់ដៃ លេង​ជាមួយ រដ្ឋា ឲ្យ​ដឹង​ដៃ​ម្ដង ។ ការដែល​មកជា​ន់ ដី​ស្រុក​ខ្មែរ​ដំបូង ទំនងជា​ខ្លាំង​របស់គេ មែន​ទេ​ដឹង បានជា​ក្លាហាន​បែបនេះ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៩​ដង ឈ្នះ​៤៦​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា លាប រដ្ឋា វិញ​គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង ឈ្នះ​៥៦​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ជំនួប​នេះ ទោះបី ផេ​ត ទ្រី ក្អេងក្អាង​យ៉ាងនេះ​ក៏ដោយ ក៏​គេ​ជឿថា រដ្ឋា​នឹង​ឈ្នះ ជាមិនខាន​។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

ផាន់ គ្រាន់ និង យ៉​ត មឿង

​ផាន់ គ្រាន់ ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ យ៉​ត មឿង (Yorth Moeung) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ផាន់ គ្រាន់ ដែល​ខិតខំ​ទម្លាក់​ទម្ងន់ ពី ៦៥ ដល់ ៦៣,៥០ គីឡូក្រាម​នោះ ពេលនេះ ទម្ងន់​របស់គេ លោត​ដល់ ៦៥ គីឡូក្រាម វិញ​ហើយ ។ ការឡើង​ទម្ងន់ បែបនេះហើយ ដែល​ធ្វើ​ឲ្យ ផាន់ គ្រាន់ មួយរយៈ​នេះ ការប្រកួត​របស់គេ ជួប​បរាជ័យ ភាគច្រើន​នោះ​។ សម្រាប់​ការប្រកួត មួយ​នេះ មិនដឹងថា ផាន់ គ្រាន់ អាច​ប្រជែង​បាន​ជ័យជំនះ ឬក៏​យ៉ាងណាទេ មួយរយៈ​នេះ គេ​ច្រើនតែ​ចាញ់​គូប្រកួត មុន​ទឹក​ទី​៥ ។​

​អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៣៧​ដង ឈ្នះ​១១១​ដង ចាញ់​២៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ យ៉​ត មឿង វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង ឈ្នះ​៥៧​ដង ចាញ់​១៣​ដង និង​ស្មើ​ពិ​ន្តុ​១​ដង ។ នរណា ជា​អ្នកឈ្នះ ក្នុងការ​ប្រកួត​នេះ ? ។​

​ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ សេក ថាវ​រី ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ សោម ពិសិដ្ឋ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ តូច ទូ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ស្វាគមន៍​ការប្រកួត សងសឹក​របស់ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។​

​សា​រ៉ា​យ ចំរើន ក្លិប​រាជសីហ៍ ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ កែវ សំរិទ្ធ ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​​ទម្ងន់​៦៧​គីឡូក្រាម ៕v