​អ្នក​ប្រដាល់​ថៃ ម៉​ង ដាំ ប្រកាស​សងសឹក​ជាមួយ ហ៊ឹម សេរី​

165
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖
អ្នក​ប្រដាល់​ថៃ ទម្ងន់​ស្រាល វ័យក្មេង ម៉​ង ដាំ (Morng Dam) ប្រកាស​សុំ​ប្រកួត​សងសឹក ជាមួយ​អ្នក​ប្រដាល់​កម្ពុជា ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​១៧ សីហា នេះ ។​

ហ៊ឹម សេរី និង ម៉​ង ដាំ​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ម្ដង​ហើយ ដែល​កាលនោះ អ្នក​ប្រដាល់​ថៃ​រូបនេះ ចាញ់​សេរី ដោយ​ពិន្ទុ ទាំង​មិន​អស់ចិត្ត ។ សេរី ក៏បាន​ស្វាគមន៍ ចំពោះ​ការប្រកួត​សងសឹក​នេះ ហើយ​គេ​ព្រមទាំង​និយាយថា គេ​នឹងធ្វើ​ឲ្យ ម៉​ង ដាំ ចាញ់​ដោយ​អស់ចិត្ត ។ លើក​នេះ បើ​មានឱកាស គេ​នឹង​ផ្ដួល ម៉​ង ដាំ ឲ្យ​បាន​មុន​ទឹក​ទី​៥ ដើម្បី​កុំ​ឲ្យ​ចៅក្រម ពិបាក​ផ្ដល់​ពិន្ទុ ។​

​សេរី មាន​ប្រវត្តិ​ប្រកួត ចំនួន​៩១​ដង ឈ្នះ​៧៥​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ផ្លែ​វ៉ៃ​ល្អ ការពារ​បាន​រឹងមាំ ចិត្តធំ និង​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​តស៊ូ​ជាមួយ​គូប្រកួត បាន ៥ ទឹក​ពេញ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ តើន​រណា ឈ្នះ ?​។​

គឹម វាសនា និង ផេ​ត អ៊ូ​ប៊ុន​

​គឹម វាសនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បន្ទាប់ពី​បាត់​ឱកាស​ប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស មួយរយៈ​ធំ​នោះ ក៏បាន​បង្ហាញខ្លួន ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ដែរ ដោយ​ពួកគេ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦,៥០ គីឡូក្រាម ។​

​បន្ទាប់ពី​វិលវល់ ជាមួយនឹង​ការបរាជ័យ ញឹកញាប់​ពេក​នោះ វាសនា ត្រូវបាន​គេ​បំភ្លេចចោល មួយរយៈ ទើបតែ​ពេលនេះ គេ​ផ្ដល់ឱកាស​ឲ្យ​វិញ តែ​មិនដឹងថា គេ​ធ្វើ​បានល្អ ឬ អត់​តែប៉ុណ្ណោះ ។ ផេ​ត អ៊ូ​ប៊ុន មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៦​ដង ឈ្នះ​៥៥​ដង និង​ចាញ់​១១​ដង ។​

​ចំពោះ​វាសនា​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៦​ដង ឈ្នះ​៥៥​ដង ចាញ់​១០​ដង និង ស្មើ​ពិន្ទុ​១​ដង ។ នេះ​ជាការ​ប្រកួត​មួយ​សំខាន់​ណាស់ សម្រាប់ វាសនា មិនដឹងថា គេ​អាច​កសាង​កេរ្តិ៍ឈ្មោះ បាន​វិញ​ឬទេ ?​។

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​​ការប្រកួត​ជាមួយ អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ជួប​ជាមួយ​អ្នក​ប្រដាល់ ព្រឿង សុជាតិ ក្លិប​កងពលធំ អន្តរាគមន៍​លេខ​២ ក្រសួងការពារជាតិ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ភួង ណាំ​ហង ក្លិប​ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់ ទិ​ត្យ សុវណ្ណ​គី​រី សមាគម​ប្រដាល់​ក្រសួងកសិកម្ម ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ជាយដែន យី​ប ឌុ​ក ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v