​អ​.​ស​.​ប​.​មក​កម្ពុជា​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​

160
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​អង្គការសហប្រជាជាតិ​(​អ​.​ប​.​ស​)​អ្នកជំនាញ​មកពី​ប្រទេស​ថៃ​និង​អេ​ស្វា​ទី​នី បានមក​ធ្វើការ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ (UNCAC) ជុំ​ទី​២​នៅ​កម្ពុជា​។​នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ឃាង​សេង​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​។​
ថ្លែង​ក្នុង​ពិធី​កិច្ចប្រជុំ​ទទួល​ការត្រួតពិនិត្យ​ដល់​ប្រទេស​នូវ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​(UNCAC)​ជុំ​ទី​២​នៅ​កម្ពុ​ជានា​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ឃាង​សេង​បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​ភាគី​ត្រួតពិនិត្យ​(​តំណាង​អ​.​ស​.​ប​និង​អ្នកជំនាញ​មកពី​ប្រទេស​ថៃ​និង​អេ​ស្វា​ទី​នី​)​។​

​ជួប​សាកសួរ​ជជែក​ដេញដោល​លម្អិត​ផ្ទាល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​អំពី​ការអនុវត្ត​ជាក់ស្តែង​ទាក់ទង​នឹង​បទដ្ឋាន​ដែល​UNCAC​បានកំណត់​និង​ដែល​កម្ពុជា​ត្រូវគោរព​តាម​ដោយ​ផ្តោតលើ​ជំពូក​ទី​២​វិធានការ​បង្ការ​អំពើពុករលួយ​និង​ជំពូក​ទី​៥​ការបញ្ជូន​មកវិញ​នូវ​ផល​នៃ​បទល្មើស​ពុករលួយ​នៃ​UNCAC​បន្ថែម​លើ​ព័ត៌មាន​ដែល​បាន​ផ្តល់ជូន​ក្នុង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ដែល​បានអនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៩ ដែល​កម្ពុជា​បានដាក់​ជូន​ពិនិត្យ ។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​”​ក្នុង​កិច្ចប្រជុំ​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​និង​ការបើកចំហ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទទួល​ទស្សនកិច្ច​ត្រួតពិនិត្យ​ដល់​ប្រទេស​ពី​ភាគី​ត្រួតពិនិត្យ ដែលជា​យន្តការ​ជា​ជម្រើស​ក្នុង​ដំណើរការ​ត្រួតពិនិត្យ “​។​
​លោក​បានឱ្យដឹង​បន្ថែម​ដែរ​ថា​”​ក្រោយ​កិច្ចប្រជុំ​ផ្អែកលើ​ព័ត៌មាន​ទទួលបាន​ភាគី​ត្រួតពិនិត្យ​នឹង​រៀបចំ​នូវ​របាយការណ៍​ប្រចាំ​ប្រទេស​(CountryReport)​ស្តីពី​ការអនុវត្ត​UNCAC​នៅ​កម្ពុជា​ដែលជា​ការគូសបញ្ជាក់​ពី​ការបិទ​បញ្ចប់​ការត្រួតពិនិត្យ​ការអនុវត្ត UNCAC​ជុំ​ទី​២ នៅ​កម្ពុជា​” ។​

​គួរ​បញ្ជាក់ថា​ការត្រួតពិនិត្យ​ការអនុវត្ត​UNCAC​ត្រូវបានធ្វើ​ឡើងជា​២​ជុំ​ដោយ​ជុំ​ទី​១​ផ្តោត​ការត្រួតពិនិត្យ​លើ ជំពូក​ទី​៣ ការកំណត់​ជា​បទល្មើស និង ជំពូក​ទី ៤ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ជុំ​ទី​២ ផ្តោត​ការត្រួតពិនិត្យ​លើ​ជំពូក​ទី​២​វិធានការ​បង្ការ​អំពើពុករលួយ​និង​ជំពូក​ទី​៥​ការបញ្ជូន​មកវិញ​នូវ​ផល​នៃ​បទល្មើស​ពុករលួយ​ហើយ​ភាគី​មក​ត្រួតពិនិត្យ​គឺ​ជ្រើសរើស​តាម​ការចាប់​ឆ្នោត​។​

​កម្ពុជា​បានទទួល​ការត្រួតពិនិត្យ​ជុំ​ទី​១​បានបញ្ចប់​នៅ​ឆ្នាំ​២០១៥​ដោយ​តំណាង​អង្គការសហប្រជាជាតិ​និង​អ្នកជំនាញ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​និង​តូ​ហ្គ​។​បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យ​ង​ផង​ថា​ចំពោះ​ដំណើរការ​នៃ​ការរៀបចំ​ការត្រួតពិនិត្យ​ការអនុវត្ត​UNCAC​នៅ​កម្ពុជា​ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ​កោតសរសើរ​។​ទទួលស្គាល់ថា​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​បើកចំហ​ប្រកបដោយ​តម្លាភាព​ដោយ​កម្ពុជា​បានរួម​បញ្ចូល​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​យន្តការ​នៃ​ការត្រួតពិនិត្យ​រួមមាន​ភាគី​មកពី​ក្រសួង​ស្ថាប័ន​សាធារណៈ អង្គការ​សង្គម​ស៊ីវិល ផ្នែក​សារព័ត៌មាន​ផ្នែក​សិក្សាធិការ និង​វិស័យ​ឯកជន​។​

​សូមបញ្ជាក់ថា​សម្រាប់​ការត្រួតពិនិត្យ​ការអនុវត្ត​UNCAC​ជុំ​ទី​១​កម្ពុជា​ក៏បាន​បញ្ជូន​អ្នកជំនាញការ​រាជរដ្ឋាភិបាល​របស់ខ្លួន ទៅ​ត្រួតពិនិត្យ​ប្រទេស​ចំនួន ៣ រួមមាន ម៉ា​ល់តា (២០១៣) ប៉ា​ឡៅ​(២០១៤) និង​អា​រ៉ា​ប៊ី​សា​អូឌីត​(២០១៥)​។​ក៏បាន​ទៅ​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​តាម​ការអញ្ជើញ​របស់​អ​.​ស​.​ប​. អំពី​ការរៀបចំ​យន្តការ​ត្រួតពិនិត្យ​ការអនុវត្ត UNCAC នៅ​កម្ពុជា ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​ភាគី​ត្រួតពិនិត្យ​ខ្លួន​ផងដែរ​កាលពីដើមឆ្នាំ​២០១៥​។​សម្រាប់​ការត្រួតពិនិត្យ​ការអនុវត្ត​UNCAC​ជុំ​ទី​២​កម្ពុជា​ក៏​នឹង​បញ្ជូន​អ្នកជំនាញការ​រាជរដ្ឋាភិបាល​ទៅ​ត្រួតពិនិត្យ​ប្រទេស​គី​រី​បាស​ផងដែរ​៕S/

​លោក​ឃាង​សេង​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​(UNCAC)​ជុំ​ទី​២​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​