​អ​.​ស​.​ប គាំទ្រ​ការបង្ការ​ជំងឺមិនឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា​

2154
ចែករម្លែក

​ក្នុង​រយៈពេល​មួយ​សតវត្សរ៍​កន្លងមក​នេះ គេ​សង្កេតឃើញ​មាន​ការវិវឌ្ឍ​ជាស​កល​នូវ​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​។សមិទ្ធផល​នេះ​បានកើត​ឡើង តាមរយៈ​ការទទួលបាន​ទឹកស្អាត​និង​អនាម័យ​កាន់តែច្រើន និង​ការអនុវត្ត​ចំណេះដឹង​វិទ្យាសាស្ត្រ​ថ្មី ទៅលើ​យុទ្ធសាស្ត្រ​និង​សេវា​សុខភាព​សាធារណៈ​ដោយ​ផ្អែកលើ​ប្រជាជន ដូច​ជាការ​គ្របដណ្តប់​ថ្នាំ​បង្ការ​ជាស​កល ដើម្បី​ការពារ​កុមារ ពី​ជំងឺ​នានា ដូចជា ជំងឺ​កញ្ជ្រឹល និង​គ្រុន​ស្វិតដៃជើង ជាដើម​។ នៅក្នុង​សតវត្សរ៍​ទី​២១ ការកើនឡើង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នូវ​ជំងឺមិនឆ្លង ជាពិសេស ជំងឺ​ទឹកនោមផ្អែម ជំងឺ​សរសៃឈាម​បេះដូង ជំងឺមហារីក និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ បង្ក​ជាការ​គំរាមកំហែង​ថ្មី​និង​បន្ទាន់​មួយ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សមិទ្ធផល​ទាំងនេះ​។​

​មាន​ភ័ស្តុតាង​យ៉ាងច្បាស់​ថា បន្ទុក​ជំងឺមិនឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​កើនឡើង​។ នៅក្នុង​ឆ្នាំ​២០១៤ ជំងឺ​ទាំងនេះ​បាន​បង្ក​ការស្លាប់​ប្រមាណ​ជាង​ពាក់កណ្តាល (៥២%) នៃ​ការស្លាប់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ពោលគឺ​កើនឡើង​ពី ៤៦ភាគរយ ប្រើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១​។ ករណី​ស្លាប់​ជិត​មួយ​នាក់ ក្នុងចំណោម​រាល់​ការស្លាប់​ប្រាំ​នាក់​ដោយសារ​ជំងឺមិនឆ្លង គឺជា​មនុស្ស​ក្រោម​អាយុ ៧០​ឆ្នាំ​។ ជំងឺ​រ៉ាំរ៉ៃ​ទាំងនេះ​កំពុង​បង្ក​ជា​បន្ទុក​កាន់តែ​ធំ​មកលើ​ប្រទេស​នានា ទាក់ទង​ទៅនឹង​ការកើនឡើង​នូវ​ការចំណាយ​លើ​ការព្យាបាល និង​បន្ទុក​មកលើ​គ្រួសារតាមរយៈ​ការបាត់បង់​ប្រាក់ចំណូល​ដោយសារតែ​ពិការភាព​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺមិនឆ្លង និង​ការចំណាយ​លើ​ការថែទាំ​សុខភាព​។ ប្រជាជន​ក្រីក្រ​ប្រឈមមុខ​នឹង​ការលំបាក​ខ្លាំង​បំផុត​។ មានការ​ទទួលស្គាល់​កាន់តែច្រើន​ថាការខកខាន​មិនបាន​ទប់ស្កាត់​ជំងឺមិនឆ្លង នឹង​បង្ក​ការគំរាមកំហែង​ដល់​ការសម្រេចបាន​ចំណុច​ដៅ​សុខភាព​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​។​

​ពុំមាន​គោលនយោបាយ ឬ​អន្តរាគមន៍​តែមួយគត់ ដែល​អាច​ធានា​ជោគជ័យ​នៅក្នុង​ការសម្រេចបាន​ចំណុចដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចរី​ភាព នៃ​ការកាត់បន្ថយ​ការស្លាប់​មុន​អាយុ​ដោយសារ​ជំងឺមិនឆ្លង ត្រឹម​ឆ្នាំ​២០៣០ នោះឡើយ​។ ការស្លាប់​មុន​អាយុ​ភាគច្រើន​គឺពាក់ព័ន្ធ​នឹង​ជម្រើស​របៀប​រស់នៅ​ដែល​មិនល្អ​ចំពោះ​សុខភាព​។

កត្តា​ហានិភ័យ​ដែល​អាច​ជៀសវាង​បាន​ចម្បង គឺ​របប​អាហារ​មិនល្អ កង្វះ​សកម្មភាព​ផ្លូវកាយ ការប្រើប្រាស់​គ្រឿងស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់​និង​ថ្នាំជក់​។ ទោះបី​ជាមាន​វឌ្ឍនភាព​នៅក្នុង​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ថ្នាំជក់​កាន់តែ​តឹងរឹង​ក្តី ជិត​មួយ​ភាគបី​នៃ​បុរស​កម្ពុជា​ពេញវ័យ​នៅតែ​ប្រើ​ថ្នាំជក់​។ ទិន្នន័យ​ពី​ការអង្កេត សេដ្ឋកិច្ចសង្គម​របស់​កម្ពុជា បង្ហាញ​ពី​ទិន្នាការ​កើនឡើង​នូវ​ការប្រើ​គ្រឿង​ស្រវឹង​ដែល​គួរឱ្យ​ព្រួយបារម្ភ​។ ទោះបីជា​គេ​បានដឹង​យ៉ាងច្រើន​អំពី យុទ្ធសាស្ត្រ និង​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​អាចធ្វើ​ឱ្យមាន​ការផ្លាស់​ប្តូរ​ក្តីប៉ុន្តែ​ការអនុវត្ត និង​ការពង្រឹង​វិធានការ​ទាំងនេះ ត្រូវការ​យុទ្ធវិធី​រួមគ្នា​រវាង​រដ្ឋាភិបាល និង​សង្គម​ទាំងមូល​។​
​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ និង​បង្កើត​ការគាំទ្រ​ជាស​កល​និង​ធនធាន​សម្រាប់​ការបង្ការ និង​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​បង្កើត ក្រុមការងារ​អន្តរ​ស្ថាប័ន​អង្គការ​ប្រជាជាតិ​ស្តីពី​ការបង្ការ និង​ការប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង (UNIATF) ក្នុង​ឆ្នាំ​២០១៣ ដោយមាន​គោលដៅ​ជួយ​ប្រទេស​នានាកៀងគរ​វិស័យ​សុខាភិបាល​និង​មិនមែន​សុខាភិបាល​នៅក្នុង​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បន្ទុក​ជំងឺមិនឆ្លង​ដែល​កំពុងតែ​កើនឡើង តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​។ UNIATF កំពុង​ជួយ​ប្រទេស​នានាកៀងគរ​វិស័យ​នានា​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ សុខាភិបាល និង​ក្រៅពី​សុខាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺមិនឆ្លង ដោយ​លើកកម្ពស់​យុទ្ធវិធី រដ្ឋាភិបាល​ទាំងមូល​។ ក្រុមការងារ​នេះ​សម្របសម្រួល​សកម្មភាព​របស់​ទីភ្នាក់ងារ​នានា​នៃ​អង្គការសហប្រជាជាតិ សង្គម​ស៊ីវិល និង​ស្ថាប័ន​ពហុភាគី​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល នៅក្នុង​ការ អនុវត្ត​ការប្តេជ្ញាចិត្ត​ខ្ពស់​នៃ​សេចក្តីប្រកាស​នយោបាយរ​បស់អង្គការសហ​ប្រជា​ជាតិ​ឆ្នាំ​២០១១ ស្តីពី​ជំងឺមិនឆ្លង ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ឆ្នាំ​២០១៤ ស្តីពី​ជំងឺមិនឆ្លង និង​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ដែល​ពាក់ព័ន្ធ​។​

​ក្រុមការងារ​នេះ​នឹងមាន​បេសកកម្ម​រួមគ្នា​មួយ មកកាន់​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​៧ ដល់ ១១ ខែសីហា ឆ្នាំ​២០១៧ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​នានា​នៃ​អង្គការសហប្រជាជាតិ ដែល​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ការឆ្លើយតប​ពហុ​វិស័យ​ទៅនឹង​ជំងឺមិនឆ្លង​។ រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​រួចទៅ​ហើយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ តាមរយៈ​ការអនុម័ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​ថ្មី​មួយ និង​អនុក្រឹត្យ​មួយចំនួនដែល​ការពារ​មនុស្ស​ពី​ការ​ស្រូប​ផ្សែង​បារី និង​ដាក់បញ្ចូល​សារ​ព្រមាន​សុខ​ភាពជា​រូបភាព​នៅលើ​កញ្ចប់​បារី ក៏ដូចជាការហាមឃាត់​ការផ្សព្វផ្សាយ​នៅ​កន្លែង​លក់​ផ្ទាល់​នូវ​ផលិតផល​ថ្នាំជក់​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុងតែធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល ដើម្បី​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​។ ស្រដៀង​គ្នា​នេះដែរ ចាំបាច់​ត្រូវមាន​វិធានការ​កាត់បន្ថយ​ការផ្គត់ផ្គង់ និង​តម្រូវការ​ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់​បណ្តាលមកពី​គ្រឿង​ស្រវឹង​។ រដ្ឋាភិបាល​ក៏បាន​បង្ហាញ​ផងដែរ​ពី​ការប្តេជ្ញាចិត្ត​របស់​ខ្លួនតាមរយៈ​ការបង្កើត​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ពហុ​វិស័យ​ជាតិ​ស្តីពី​ការបង្ការ និង​ការប្រយុទ្ធ​នឹង​ជំងឺមិន​ឆ្លងដែលជា​ក្របខ័ណ្ឌ​ច្បាស់លាស់​មួយ​សម្រាប់​វិធានការ​ពហុ​វិស័យ​នៅក្នុង​ផ្នែក​ជាច្រើន រួមបញ្ចូល​ទាំង តួនាទី​ជាក់លាក់​របស់​ក្រសួង​ផ្សេងៗ​។​

​ខណៈដែល​បន្ទុក​ជំងឺ​បន្ត​ប្តូរ​ពី​ជំងឺឆ្លង ទៅ​ជំងឺមិនឆ្លង​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន គេ​ចាំបាច់​ត្រូវតែ​តម្រង់ទិស​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​ត្រៀម​សម្រាប់​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​នេះ​។ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី ៣.៨ ដាក់ចេញ​នូវ​ចំណុច​ដៅ​ដើម្បី​សម្រេច​បានការ​គ្របដណ្តប់​សុខភាព​ជាស​កល រួមទាំង​គាំពារ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ ការទទួលបាន​សេវា​ថែទាំ​សុខភាព​សារ​វ័​ន្ត​ប្រកបដោយ​គុណភាព និង​ការទទួលបាន​ឱសថ​សារ​វ័​ន្ត​និង​ថ្នាំ​បង្ការ​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ​សម្រាប់​ទាំងអស់គ្នា​ត្រឹម​ឆ្នាំ​២០៣០​។ សេវា​ទាំងនេះ​ត្រូវដាក់​បញ្ចូល សេវា​បង្ការ​និង​ស្រាវជ្រាវ​អោយទាន់​ពេលវេលា​សម្រាប់​ជំងឺមិនឆ្លង ដែល​បច្ចុប្បន្ន​មិនទាន់មាន​សម្រាប់​ប្រជាជន​ជាច្រើន ជាពិសេស ប្រជាជន​កម្ពុជា​នៅ​តំបន់​ជនបទ​។

ទោះបីជា​តួនាទី​របស់​វិស័យ សុខាភិបាល​គឺ​ដើម្បី​ធានា​ឲ្យ​មាន​សេវា​ទាំងនេះ​ក្តី ការគាំទ្រ​ផ្នែក​នយោបាយ​គឺជា​ការចាំបាច់​សម្រាប់​ការផ្ដល់​ធនធាន​ដែលជា​តម្រូវការ​យ៉ាងខ្លាំង​។ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​ដែល​ទើប​ជាប់ឆ្នោត​ថ្មី លោក Tedros Adhanom Ghebreyesus បានចាត់ទុក​ការ​គ្របដណ្តប់​សុខភាព​សកល​ជា​អាទិភាព​ខ្ពស់បំផុត​មួយ​។ កិច្ចការ​នេះ​នឹង​តម្រូវឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ថែមទៀត ពី​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ជំរុញ​ការចូលរួម និង​ការតស៊ូ​មតិ​ជាមួយ​រចនាសម្ព័ន្ធ​នយោបាយ​និង​មេដឹកនាំ​នៅ​ថ្នាក់​សកល ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ រួមទាំង​ប្រមុខរដ្ឋ និង​រដ្ឋសភាជាតិ​។​​ផ្អែកលើ​ចំណុច​ទាំងនេះ UNIATF និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នៅក្នុង​ប្រទេស​កម្ពុជា ប្តេជ្ញាចិត្ត​ពង្រឹងសមត្ថភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​បង្ការ​និង​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ព្រមទាំង​ធានា​អនាគត​មួយ​ប្រកបដោយ​សុខភាព​ល្អ និង​ចីរភាព​៕
​កំណត់សម្គាល់ៈ​
វេជ្ជ​. Liu Yunguo តំណាង អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា​និង​លោក នី​ក ប៊ែ​រេ​សហ្វ​តនាយក​ប្រចាំ​ប្រទេស កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​កម្ពុជា​តាំង​នាម​ឲ្យ​ក្រុមការងារ​អន្តរ​ស្ថាប័ននៃ​អង្គការសហ​ប្រជា​ជាតិ​ស្តីពី​ការបង្ការ និង​ទប់ស្កាត់ ជំងឺមិនឆ្លង​