​ឪពុកម្តាយ​ខ្ញុំ​ស្លាប់​ដោយសារ​ជំងឺ និង​ព្រួយចិត្ត​បែក​ពី​កូន​

297

ដោយៈ សុន ស្រី​ពេជ្រ ជា​គរុ​សិស្ស​ឆ្នាំ​ទី ១ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង​
​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ ស៊ិន គឹមអេង អាយុ​៥៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ទន្លាប់​ឃុំ​លើកដែក​ស្រុក​លើកដែក​…​ខេត្តកណ្តាល​.​។ សព្វថ្ងៃ ខ្ញុំ​មានមុខរ​បរជាកសិក​រ រស់នៅក្នុង​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ មុន​ឆ្នាំ​១៩៧៥ ខ្ញុំ​បានរស់នៅ​ជាមួយ​គ្រួសារ​ដែលមាន​សមាជិក​៥​នាក់​។ នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ គ្រួសារ​របស់ខ្ញុំ​បានរស់នៅ​ជួបជុំគ្នា​យ៉ាង​សុខសាន្ត​។ នៅពេលនោះ​ខ្ញុំ​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​ពុំ​សូវ​ចងចាំ​ពី​ព្រឹត្តិការណ៍​ដែល​កើតមានឡើង​នៅក្នុង​របប​នោះបាន​ច្រើន​ទេ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា នៅក្នុង​សម័យ​នោះ ខ្ញុំ​បានឃើញ​ការទម្លាក់​គ្រាប់បែក និង​មាន​សង្គ្រាម​កើតឡើង​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។ រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បានទទួល​ជ័យជម្នះ​លើ​ទាហាន លន់ នល់​។ នៅពេលនោះ ប្រជាជន​កម្ពុជា​ទាំងអស់ ក៏ដូចជា​គ្រួសារ​របស់ខ្ញុំ​បាន​ចូលរួម​អបអរសាទរ ចំពោះ​ជ័យជម្នះ​ខ្មែរក្រហម​ដោយបាន​គិតថា សង្គ្រាម​នៅក្នុង​កម្ពុជា​បានបញ្ចប់​ហើយ សន្តិភាព​នឹង​កើតមាន​ឡើងវិញ​មិន​ខាន ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​បែរ​ជាមាន​ភាពផ្ទុយ​ស្រឡះ​ពី​ការគិត​នេះ​។

​នៅពេលដែល​ខ្មែរក្រហម​បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ ខ្មែរក្រហម​បាន​ជម្លៀស និង​បង្ខំ​ប្រជាជន​ចេញពីផ្ទះ​សម្បែង​ឲ្យ​ទៅ​រស់​តំបន់​ជនបទ​ដាច់ស្រយាល​នៅ​ទូទាំងប្រទេស​កម្ពុជា​។ នៅពេលនោះ គ្រួសារ​របស់ខ្ញុំ​ដែល​ធ្លាប់​រស់នៅ​ជុំគ្នា ត្រូវបាន​ខ្មែរក្រហម​ជម្លៀសចេញ និង​បំបែក​មិន​ឲ្យ​រស់នៅ​ជុំគ្នា​ដូច​មុន​ឡើយ​។ នៅពេលនោះ​ខ្ញុំ​ទើបតែ​មាន​អាយុ​ប្រហែលជា​១៥​ឆ្នាំ​តែប៉ុណ្ណោះ​។ ខ្មែរក្រហម​បាន​បង្ខំ​ខ្ញុំ និង​ឪពុកម្តាយ​ឲ្យ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ពី​ទីក្រុង​ភ្នំពេញ រហូតដល់​ខេត្តបន្ទាយមានជ័យ ដោយ​មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​តាមចិត្ត​ឡើយ​។ នៅពេល​ធ្វើដំណើរ​ដល់​គោលដៅ ខ្មែរក្រហម​បាន​បែងចែក​ឲ្យ​ឪពុកម្តាយ​របស់ខ្ញុំ​រស់​នៅក្នុង​សហករណ៍​មួយ​នៅ​ស្វាយ​ស៊ីសុផុន ហើយ​ឲ្យ​ខ្ញុំ​នៅក្នុង​កងកុមារ​ដែលមាន​សមាជិក​សរុប​២៤​នាក់​។ ចំណែក​បងប្អូន​ប្រុសរ​បស់​ខ្ញុំ​ពីរ​នាក់​ទៀត​ត្រូវបាន​ខ្មែរក្រហម​បំបែក​ឲ្យ​ទៅ​រស់នៅ​ភូមិ​មួយ ស្ថិតនៅ​ក្នុងស្រុក​ភ្នំស្រុក ដោយសារ​ខ្មែរក្រហម​បានចាត់ទុក​គ្រួសារ​របស់ខ្ញុំ​ថា​ជា​ប្រជាជន​ថ្មី​។ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការងារ​កសិកម្ម​ដែល​ខ្ញុំ​មិនដែល​ធ្លាប់ធ្វើ​ពីមុនមក ដូចជា លើក​ទំនប់ លើកភ្លឺស្រែ ជីក​ប្រឡាយ​នៅតាម​បណ្តោយ​ថ្នល់ជាតិ និង​ការដក​ស្ទូង​ដោយ​មិនមាន​ពេលទំនេរ​ឡើយ​។ នៅ​រដូវ​ស្ទូង ប្រធាន​កង​បាន​ផ្លុំ​កញ្ចែ​ញាប់​រន្ថាន់​ជាស​ញ្ញា​ប្រាប់​ឲ្យ​យើង​ខិតខំ​ស្ទូង​តាម​សំឡេង​កញ្ចែ ប្រសិនបើ​យើង​ស្ទូង​មិនទាន់​តាម​ផែនការ​ទេ ប្រធាន​កង​នឹង​ស្តីបន្ទោស​យើង​មិន​ខាន​។

​នៅពេល​ដំបូង ខ្ញុំ​មានការ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ស្ទូង ដោយសារតែ​ខ្ញុំ​មិន​ធ្លាប់ធ្វើ​កិច្ចការ​នេះ​ពីមុនមក​។ ខ្ញុំ​តែងតែ​ទទួល​ការស្តីបន្ទោស និង​គំរាមកំហែង​ពី​ប្រធាន​កង​។ ប៉ុន្តែ​ជា​បុណ្យ​សំណាង ខ្ញុំ​មិន​ត្រូវបាន​ប្រធាន​កង​ធ្វើ​ទារុណកម្ម ឬ​វាយ​ធ្វើបាប​ឡើយ​។ ខ្ញុំ​ត្រូវ​ចេញទៅ​ធ្វើការ​ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច ទើប​អាច​ត្រឡប់មក​សហករណ៍​។ នៅពេល​កំពុងធ្វើការ​ងា​រ​ប្រធាន​កង​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឈប់សម្រាក​ទេ ទោះបីជា​ខ្ញុំ​នឿយហត់​យ៉ាងណាក៏ដោយ​។ ចំណែក​របប​អាហារ​វិញ ខ្ញុំ​ទទួលបាន​ត្រឹមតែ​បបរ​រាវ​មួយ​ចាន​ប៉ុណ្ណោះ​ក្នុង​មួយពេល ដោយ​ខ្ញុំ​ទទួលបាន​របប​អាហារ​ពីរ​ពេល​ក្នុង​មួយថ្ងៃ​។ ពេលខ្លះ​ក្នុង​បបរ​ដែល​ខ្ញុំ​ទទួលបាន មាន​លាយ​បណ្តូលចេក គល់​ចេក ឬ​គល់​ល្ហុង ប្រៀបបាន​ទៅនឹង​បបរ​សម្រាប់​សត្វ​ជ្រូក​ដែរ​។ នៅពេលដែល​ខ្ញុំ​មាន​ជំងឺ អង្គការ​ក៏មាន​ចែក​ថ្នាំ​ឲ្យ​លេប​ដែរ ប៉ុន្តែ​ភាគច្រើន​ខ្ញុំ​មិនបាន​ស្នើសុំ​ថ្នាំ​ពី​អង្គការ​ឡើយ​ព្រោះ​ខ្លាច​អង្គការ​ស្តីបន្ទោស​។ ដូច្នេះ​នៅពេល​ឈឺក្បាល ឬ​ក្តៅខ្លួន ខ្ញុំ​តែងតែ​បេះ​ត្រួយ​ទៀបបារាំង និង​ត្រួយ​សាវម៉ាវ​ព្រៃ​មក​បុក​លាយ​ជាមួយ​ទឹក​អង្ករ​ដាំ​ផឹក​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​។ នៅ​សម័យ​នោះ មិនមាន​ថ្នាំពេទ្យ​ល្អៗ​សម្រាប់​ព្យាបាល​ជំងឺ​ទេ ទើប​បណ្តាល​ឲ្យ​អ្នកជំងឺ​ក្នុងភូមិ​ជាច្រើន​នាក់​បាន​ស្លាប់​។ ពេល​នឹកឃើញ​ដល់​រឿងនេះ បានធ្វើ​ឲ្យ​ខ្ញុំ​ក្រៀមក្រំ និង​ឈឺចាប់​យ៉ាងខ្លាំង ព្រោះ​ឪពុកម្តាយ​របស់ខ្ញុំ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៧ ដោយសារ​ជំងឺ និង​ព្រួយចិត្ត​ដែល​កូនៗ​ត្រូវបាន​អង្គការ​បំបែក​ឲ្យ​ទៅ​រស់នៅ​ឆ្ងាយ​។ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​បាន​ក្លាយជា​ក្មេង​កំព្រា ហើយ​ត្រូវ​រស់នៅ​តែម្នាក់ឯង និង​គ្មាន​អ្នក​ទីពឹង​អាស្រ័យ​។

​បន្ទាប់ពី​ឪពុកម្តាយ​ខ្ញុំ​ស្លាប់ទៅ នៅ​អំឡុង​ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​អង្គការ​បញ្ជូន​ឲ្យ​ទៅ​លើក​ទំនប់​នៅ​អាង​ត្រពាំងថ្ម​។ ពេលនោះ អង្គការ​មានបំណង​ឲ្យ​ខ្ញុំ​ទៅ​ជីករណ្តៅ​សម្រាប់​កប់​សាកសព​មនុស្ស​ដែល​អង្គការ​មាន​គម្រោង​សម្លាប់ចោល ហើយ​ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ស្ថិតនៅក្នុង​ផែនការ​សម្លាប់​នោះដែរ​។ រណ្តៅ​នោះ​មាន​ទំហំ​ធំ និង​មាន​ជម្រៅ​ជ្រៅ​។ នៅ​អំឡុងពេល​ជីករណ្តៅ​នោះ ខ្ញុំ​សង្កេតឃើញ​មាន​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​នោះ និង​ស្លាប់​៦​នាក់​ទៅ​៧​នាក់ ក្នុង​មួយថ្ងៃៗ​ដោយសារតែ​ប្រជាជន​ទាំងនោះ​ហេវ​ហត់​អស់កម្លាំង​ខ្លាំងពេក​។ នៅ​អំឡុងពេល​កំពុងធ្វើការ ខ្ញុំ​បានឃើញ​ឈ្លប​ខ្មែរក្រហម​បណ្តើរ​មនុស្ស​៣០​នាក់​ទៅ​៤០​នាក់​ទាំង​ដៃ​ជាប់​ចំណង​ខ្សែ​គោ យកទៅ​សម្លាប់ និង​កប់​នៅក្នុង​រណ្តៅ​ដែល​រៀបចំ​ទុកជា​ស្រេច​នៅក្បែរៗ​នោះ​។ មុនពេល​យកទៅ​សម្លាប់​ឈ្លប​ខ្មែរក្រហម​បាន​ឲ្យ​អ្នកទោស​ដែល​ស្លៀកពាក់​ខោអាវ​ថ្មីៗ ដោះ​ខោអាវ​ចេញ រួចហើយ​ឈ្លប​បាន​យក​ត្បូងចប អង្រែ និង​ដំបង​វាយ​លើក​ញ្ជឹ​ងក​អ្នកទោស​ទម្លាក់​ចូល​រណ្តៅ​។ ពេល​នឹកឃើញ​ដល់​ហេតុការណ៍​នោះ ខ្ញុំ​ពិតជា​មាន​សេចក្តី​រន្ធត់​យ៉ាងខ្លាំង​ដោយ​សារបាន​ខ្ញុំ​គិតថា​ថ្ងៃ​ណាមួយ​នឹង​រឿងរ៉ាវ​នេះ​កើត​ឡើងលើ​ខ្ញុំ​មិន​ខាន​។ ខ្ញុំ​ធ្វើការ​នៅ​អាង​ត្រពាំងថ្ម​បាន​រយៈពេល​បួន​ថ្ងៃ ទើប​ឪពុកធម៌​របស់ខ្ញុំ​ឈ្មោះ «​តា​ហឿន​» គឺជា​ប្រធាន​សហករណ៍ បាន​ផ្លាស់​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅ​ភូមិ​ផ្សេង​វិញ​។

​ក្រោយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា រួមជាមួយ​កងទ័ពរ​បស់​វៀតណាម​បាន​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​ផ្សារ​ទួល​តា​ឯក ក្នុង​ទី​រួម​ខេត្តបាត់ដំបង ជាមួយ​បងស្រី​ចិញ្ចឹម​។ ខ្ញុំ​បាន​ប្រកបមុខរបរ​លក់ដូរ​បន្តិចបន្តួច​នៅក្នុង​ផ្សារ​ដើម្បី​ចិញ្ចឹមជីវិត​។ នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​ឈ្មោះ ញ៉ែម ប៊ុល និង​បានរស់នៅ​ជាមួយគ្នា​តាំងពី​ពេល​នោះមក​។​

​ខ្ញុំ​រន្ធត់ចិត្ត​យ៉ាងខ្លាំង ដោយសារ​បងប្អូន​រប​ស់​ខ្ញុំ​បាត់បង់​ជីវិត​រហូតដល់​៧​នាក់​ក្នុង​របប​ខ្មែរក្រហម​។ ហេតុការណ៍​នៅក្នុង​របប​ខ្មែរក្រហម​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់ខ្ញុំ​ជានិច្ច​។ ខ្ញុំ​តែងតែ​រៀបរាប់​ប្រាប់​កូន​របស់ខ្ញុំ​ពីអ្វី​ដែល​ខ្ញុំ​បាន​ជួបប្រទះ និង​បាន​ឆ្លងកាត់​នៅ​របប​ខ្មែរក្រហម​។ ដំបូង​កូន​របស់ខ្ញុំ​មិន​ជឿ​ការរៀបរាប់​របស់ខ្ញុំ​ទេ​។ ប៉ុន្តែ​ក្រោយមក​កូន​របស់ខ្ញុំ​បានដឹង​រឿងរ៉ាវ​ពី​របប​ខ្មែរក្រហម​នេះ​តាមរយៈ​ការសិក្សា​រៀនសូត្រ​នៅក្នុង​ថ្នាក់ អាន​ឯកសារ និង​មើល​ភាពយន្ត​ឯកសារ​ទើប​ពួកគេ​ជឿ​។​

​ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​រឿងរ៉ាវ​រន្ធត់ ឃោរឃៅ​បែបនេះ​បាន​កើតមានឡើង​ក្នុងប្រទេស​កម្ពុជា ដែល​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​ស្លូតត្រង់​ប្រហែល​ជិត​បី​លាន​នាក់​ស្លាប់បាត់​បង់ជីវិត រួមទាំង​សមាជិកគ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ជួយ​ថែរក្សា​សន្តិភាព ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ ហើយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​របប​ដ៏​ឃោរឃៅ​នេះ​កើតឡើង​ម្តងទៀត​៕