​ឬ​ស្សី​ពីងពង់​លក់​ក្នុង​មួយឆ្នាំ​អាច​រកប្រាក់​បាន​ពី​១.០០០​ទៅ​១.៥០០​ដុល្លារ​

632

(​កំពង់ចាម​):​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ឃុំ​ព្រែកកក់​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ដែល​ប្រក​បរបរ​ដាំ​ដើម​ឬ​ស្សី​ពីងពង់​លក់​នោះ​ក្នុង​មួយ​គ្រួសារៗ​អាច​រកប្រាក់​ចំណូល​បានជា​មធ្យម​ពី​១.០០០​ទៅ​១.៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។​ប្រាក់ចំណូល​នេះ​បានធ្វើ​ឲ្យ​ពួកគេ​មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។​ ​

​លោក​ប៉ាក់​សេង​ហៃ​នៅ​ភូមិ​បឹង​ដែង​ឃុំ​ព្រែកកក់​បាន​ឲ្យ​ដឹងថា​សព្វថ្ងៃ​លោក​មាន​ចម្ការ​ឬ​ស្សី​ពីងពង់​ប្រហែល​១​ហិកតា​មាន​ប្រមាណ​ជា​៤០០​គុម្ព​និង​មាន​អាយុ​២០​ឆ្នាំ​។​ក្នុង​រយ​:​ពេល​ពី​៧​ទៅ​១០​ថ្ងៃ​គ្រួសារ​របស់គាត់​អាច​កាប់​ដើម​ឬ​ស្សី​ទាំងនោះ​បាន​ពី​២.៥០០​ទៅ​៣.០០០​ដើម​និង​ប្រមូល​ទិញ​បន្ថែម​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយចំនួន​ដូចជា​ភូមិ​បឹង​ដែង​,​ភូមិ​បឹង​កា​ចូ​ត​,​ភូមិ​មាឃ​៣,​ភូមិ​ថ្នល់​ទន្សាយ ដើម្បី​យកមក​លក់​បន្ត​ឲ្យ​ឈ្មួញ​ក្នុងស្រុក​និង​ឈ្មួញ​វៀតណាម​ដែល​បានមក​ប្រមូល​ទិញ​ដល់​ចម្ការ​។​
​ ​
លោក​បាន​បន្តថា​ក្នុង​ឬ​ស្សី​ពីងពង់​១​ដើម​ទិញ​ក្នុងតម្លៃ​មាន​តូច​មាន​ធំ​ពី​១.០០០​ទៅ​៤.២០០​រៀល​ហើយ​លក់​បន្តទៅ​ឲ្យ​ឈ្មួញ​វិញ​ក្នុង​មួយ​ដើម​អាច​ចំណេញ​បាន​៣០០​រៀល​។​ដោយ​ពី​១៥​ទៅ​២០​ថ្ងៃ​លក់​ម្តង​បាន​ឬ​ស្សី​ពី​២.៥០០​ទៅ​៣.០០០​ដើម​គឺអាច​ចំណេញ​បាន​ប្រាក់​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល​សរុប​ប្រចាំឆ្នាំ​អាច​ចំណេញ​បាន​ពី​១.០០០​ទៅ​១.៥០០​ដុល្លារ​ដោយ​ទូទាត់​ការចំណាយ​ផ្សេងៗ​រួច​។​

​លោក​បន្ថែមថា​សព្វថ្ងៃនេះ​ទាំង​ឪពុក​ម្តាយបង្កើត​,​ឪពុក​ម្តាយក្មេក​និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​គឺ​នៅតែ​បន្ត​ជ្រើសរើស​និង​ចាប់យក​មុខរបរ​ដាំ​ឬ​ស្សី​ពីងពង់​នេះ​។​ដោយសារ​ដំណាំ​មួយ​នេះ​ភាគច្រើន​គឺ​មិនសូវ​ជា​ជួប​បញ្ហា​ហានិភ័យ​ផ្សេងៗ​ពិសេស​គឺ​តម្លៃ​នៅ​ថេរ​អាច​ទទួលយកបាន​មិន​ដូចជា​ប្រភេទ​ដំណាំ​ផ្សេងៗ​ទៀត​ទេ​។​

ប៉ុន្តែ​នៅក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺមាន​សត្វល្អិត​ម្យ៉ាង​ដែល​ពលរដ្ឋ​ហៅថា​សត្វ​ក្បាលរឹង​បានមក​ចុច​ហើយ​ពង​ដាក់​ពើ​លើ​ទំពាំង​ដែលមាន​កម្ពស់​ពី​២​ទៅ​៣​ម៉ែត្រ​ធ្វើ​ឲ្យ​ទំពាំង​ស្អុយ​បាក់​កំបុត​ពាក់កណ្តាល​ដើម​តែម្តង​។​​លោក​បន្តថា​ដោយសារតែ​សត្វល្អិត​មួយ​នេះ​រាតត្បាត​បំផ្លាញ​ខ្លាំងពេក​និង​គ្មាន​វិធី​ទប់ស្កាត់​នោះ​គឺមាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែលមាន​ចម្ការ​ឬ​ស្សី​ពីងពង់​ប្រហែល​ពីរពាន់​ហិកតា​បាន​បង្ខំចិត្ត​កាប់​ដើម​ឬ​ស្សី​ចោល​ហើយ​បាន​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ​ដែល​សព្វថ្ងៃ​នៅសល់​ប្រហែល​មួយ​ពាន់​ហិកតា​។​

ចំណែក​ខាង​ក្រុមគ្រួសារ​សាច់ញាតិ​លោក​និង​ម្ចាស់​ចម្ការ​ឬ​ស្សី​មួយចំនួនទៀត​នោះ​គឺ​មិនបាន​កាប់​ឬ​ស្សី​ពីងពង់​ចោល​ទេ​គឺ​មានតែ​រិះរក​គ្រប់​វិធី​ដើម្បី​ការពារ​និង​កម្ចាត់​សត្វល្អិត​ចង្រៃ​នេះ​ដោយ​ខ្លួនឯង​។​ក្នុងនោះ​គឺ​អ្នក​ដាំ​ឬ​ស្សី​បាន​ដើរ​មើល​គុម្ព​ឬ​ស្សី​ចាប់​សម្លាប់​សត្វល្អិត​និង​យក​ថង់​ប្លា​ស្ទិ​ច​ច្រក​ស្រោម​ទំពាំង​ចន្លោះពេល​សត្វ​នេះ​វា​ធ្វើ​សកម្មភាព​ពី​ខែមិថុនា​ដល់​ខែវិច្ឆិកា​ពោលគឺ​រដូវ​ទំពាំង​ដុះ​លូតលាស់​ល្អ​នោះ​។​

លោក​គឹម​សាវឿន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​ជុំវិញ​បញ្ហា​ការការពារ​និង​ទប់ស្កាត់​កុំ​ឲ្យ​សត្វល្អិត​ប្រភេទ​ខាងលើ​យាយី​បំផ្លាញ​ទំពាំង​ឬ​ស្សី​ពីងពង់​បន្តទៀត​នោះ​គឺ​ក្រៅពី​វិធី​ដូច​លោក​ប៉ាក់​សេង​ហៃ​បាន​អនុវត្ត​នោះ​គឺ​អ្នក​ដាំ​ឬ​ស្សី​ពីងពង់​ក៏​ដូច​ដំណាំ​អំពៅ​ដែរ​ចាំបាច់​បោសសម្អាត​គល់​ឬ​គុម្ព​ដំណាំ​ទាំងនោះ​ជាប្រចាំ​។​បន្ទាប់មក​ប្រើ​ដី​ពួន​គល់​និង​ដាក់​ជី​តាម​លក្ខណ​:​បច្ចេកទេស​។​

​លោក​ប្រធាន​មន្ទីរ​បន្តថា​ប៉ុន្តែ​ហាម​ដាច់ខាត​សូម​បងប្អូន​ការប្រមូល​សំរាម​ឬ​ស្លឹក​ដំណាំ​ទាំងនោះ​ដុត​ក្បែរ​គល់​ឬ​ក្នុង​ចម្ការ​ដែល​អាច​បង្ក​ឲ្យ​បាត់បង់​គុណភាព​ដី​ព្រោះ​ដំណាំ​ឬ​ស្សី​ជា​ដំណាំ​មួយ​ធ្វើ​ឲ្យ​គុណភាព​ចុះថយ​ស្រាប់​ហើយ​។​បើ​វិធី​ទាំង​ប៉ុន្មាន​ខាងលើ​នៅតែ​គ្មាន​ប្រសិទ្ធិភាព​ទៀត​សូម​បងប្អូន​ទំនាក់ទំនង​មក​ខាង​មន្ទីរ​យើងខ្ញុំ​ដើម្បី​ទប់ស្កាត់​បន្ថែម​ពោលគឺ​គ្មាន​សត្វល្អិត​ណា​ដែល​មិនអាច​កម្ចាត់​បានឡើយ​៕S/​ដោយ​:​គង់​ហេង​
​ ​

​ឬ​ស្សី​ពីងពង់​លក់​ក្នុង​មួយឆ្នាំ​អាច​រកប្រាក់​បាន​ពី​១.០០០​ទៅ​១.៥០០​ដុល្លារ​