​ឯកឧត្តម អ៊ាង សុផល្លែត បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និសីទ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​ចិន​

277
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ឆ្លើយតប​តាម​ការអញ្ជើញ​របស់​គ​ណៈ​ក​ម្មា​ធិ​ការរៀបចំ​វេទិកា​សន្និសីទ​និង​ពិព័រណ៍​ក​សិ​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​លើក​ទី​ ២៦ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថានបាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ​ផ្សព្វផ្សាយបច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​កសិកម្ម​នៅ​ទីក្រុង​យ៉ាង​លីង ខេត្ត​សាន​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​នៅក្នុង​ពី​ធី​បើក​វេទិកា​នោះ​ថា​៖ វេទិកា​សន្និសីទ​និង​ពិព័រណ៍​ក​សិ​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​គឺ ផ្តល់នូវ​បទពិសោធន៍​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នានា​ជាពិសេស​វិស័យ​កសិកម្ម​ទំនើប​តាម​គោល​គំនិត​ផ្តួចផ្តើម​”​ផ្លូវមួយ ខ្សែក្រវាត់​មួយ​” របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ចិន​ ។ ឯកឧត្តមបានបង្ហាញ​ជូន​អង្គ​សន្និសីទ​ស្តីពី​ការលើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​ដើម្បី​រួមចំណែកជំរុញ​សេដ្ឋកិច្ចជាតិ​ដូចដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​កំណើន ការងារ សម​ធ៌​ម និង ប្រសិទ្ធភាព​របស់​រាជ​រដ្ឋា​ភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ដោយ​សង្កត់​លើ​ការតម្រង់ទិស​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម អ៊ាង សុផល្លែត ក៏បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​កិច្ចសហប្រតិបត្តិការ​តាម រយៈ​”​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​”​នឹង​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​កិច្ច សហប្រតិបត្តិការ​នានា​លើ​គ្រប់​វិស័យ​ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រួមគ្នា​និង​អនាគត​ទាំងអស់គ្នា ។ ជាមួយគ្នានេះ​ឯកឧត្តម​បាន​បញ្ជាក់ថា​កម្ពុជា​សង្ឃឹម​លើ គម្រោង​និង​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​មិត្ត​ចិន​ដែលជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដ៏​សំខាន់​មួយ​។​

​គួរ​ជម្រាបជូន​ថា​៖​ព្រឹត្តិការណ៍​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​កសិក​ម្ម​ទំនើប​លើក​ទី ២៦ ​នៅ​ប្រទេស​ចិន​ត្រូវបាន​រៀបចំឡើង​តាម​គោល​គំនិត​ផ្តួចផ្តើម “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” របស់លោក​ប្រធានាធិបតី​ចិន ។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តឡើង​ពីថ្ងៃ​ទី ២២-២៦ ខែតុលាឆ្នាំ​២០១៩នៅ​ទីក្រុង​យ៉ាង​លីង ខេត្ត​សាន​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ជាមួយគ្នា​នោះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាងភាគី​ចិន​និង​ស្ថាប័ន​អន្តរ ជាតិ​មួយចំនួនទៀត​ផងដែរ ៕