​ឲ្យ​តែមាន​បាយ​ហូប​គឺ​គ្រប់គ្រាន់​

643

កង​នារី​ក្នុងសម័យ​ខ្មែរក្រហម (​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

លុច ជួប មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ភរ ឃុំ​តា​ភរ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ប្រពន្ធ​ទីមួយ​របស់ ជួប ស្លាប់​ក្នុង​ឆ្នាំ​១៩៧៥ ពេល​សម្រាលកូន​ដំបូង ក្រោយមក ជួប យកប្រពន្ធ​ក្រោយ​ឈ្មោះ អ៊ុច ដាម និង​កូន​៤​នាក់ (​ប្រុស​បីនាក់​ស្រី​មួយ​នាក់​)​។ ជា​គ្រួសារ​កសិករ ជួប មាន​ឪពុក​ឈ្មោះ លុច ជុំ (​ស្លាប់​) និង​ម្តាយ​ឈ្មោះ មីន វ៉ាង (​ស្លាប់​) ព្រមទាំង​មាន​បងប្អូន​ប្រុស​ស្រី​៧​នាក់ (​ស្រី​ពីរ​នាក់​)​។

​ជូ​ប បាន​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​៨ (​សង្គមចាស់​) ប៉ុណ្ណោះ ព្រោះ​គ្រួសារ​គាត់​មាន​ជីវភាព​ក្រលំបាក​។ នៅ​ឆ្នាំ​១៩៦៩ គ្រួសារ​របស់ ជូ​ប បាន​ផ្លាស់​មក​រស់នៅ​ភូមិ​បន្ទាយឆ្មារ ដោយ​ប្រក​បរបរ​ធ្វើស្រែ​។ ជួប និង​គ្រួសារ​រស់នៅ និង​ធ្វើស្រែ​នៅ​ភូមិ​បន្ទាយឆ្មារ​រហូតដល់ ពេល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ឆ្នាំ​១៩៧៥​។​

​ឆ្នាំ​១៩៧៥ អង្គការ​បាន​បំបែក​ប្រជាជន​ឲ្យ​រស់នៅ​ភូមិ​ផ្សេងៗ​។ ជួប ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ជា​ឈ្លប​ឃុំ​គោក​សំរោង ដែលមាន​តា យឹ​ប ជា​គណៈ​ឃុំ​។ ជួប មាន​ភារកិច្ច​ដើរ​យាមល្បាត​ការពារ​ភូមិ​។ ភូមិ​របស់ ជួប មិនមាន​ប្រជាជន ១៧ មេសា មក​រស់​នៅទេ គឺ​សុទ្ធសឹង​ជា​អ្នកមូលដ្ឋាន​ចាស់​ទាំងអស់​។ ក្រៅពី​ការងារ​ការពារ​ភូមិ ជួប ក៏មាន​នាទី​ដើរ​ស៊ើប​ក្នុងចំណោម​ប្រជាជន​មូលដ្ឋាន ដើម្បី​រក​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង​។ ឪពុកម្តាយ​របស់គាត់​ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ទៅ​ចាំចម្ការ​ដំឡូង​នៅ​ភូមិ​គោក​សំរោង ហើយ​បងប្អូន​ឯទៀត ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ទៅ​កងចល័ត លើក​ទំនប់​ត្រពាំងថ្ម និង​ដាំ​កប្បាស​។ អំឡុង​ពេលដែល ជួប ធ្វើ​ឈ្លប អង្គការ​មិនទាន់​ចាប់ខ្លួន​ប្រជាជន​ទេ​។ ក្រោយមក ទើប​អង្គការ​ចាប់ខ្លួន អ្នក​ទាំងនេះ រួច​យកទៅ​ឃុំឃាំង​នៅ​គុក​ថ្មពួក ដែលមាន​ទីតាំងនៅ​សាលា​ថ្មពួក​។ អ្នកទោស​ភាគច្រើន​ត្រូវបញ្ជូន​ទៅដោយ​រទេះសេះ និង​ឡាន​។ ជួប ក៏​ធ្លាប់បាន​យក​សំបុត្រ​ទៅ​ឲ្យ​គណៈ​ស្រុក​ថ្មពួក​ដែរ​។​

​នៅ​ចុងឆ្នាំ​១៩៧៦ បន្ទាប់ពី ជួប រៀប​គ្រួសារ​រួច អង្គការ​បាន​ដក​គាត់​ពី​កងឈ្លប​ឲ្យ មក​ធ្វើជា​ប្រធាន​ក្រុម គ្រប់គ្រង​សមាជិក​៣០​គ្រួសារ​។ ជួប បាន​រម្លឹក​អំពី​របប​អាហារ​ដែល​គាត់​បានទទួល​ថា មិន​ខុសពី​ប្រជាជន​ដទៃ​ទេ ទោះបីជា​គាត់​មាន​នាទី​ជា​ប្រធាន​ក្រុម​ក៏ដោយ​។ ជួប អាច​បរិភោគបាន​ឆ្អែត តែ​ពេលដែល​អង្គការ​លើ​ហៅ​គា​ត់ទៅ​រៀនសូត្រ​ប៉ុណ្ណោះ​។ ពេល​គាត់​ទៅ​រៀនសូត្រ​នៅ​ថ្មពួក​ម្តងៗ អង្គការ​ធ្វើ​ម្ហូប និង​ដាំបាយ​សម្រាប់​អ្នកចូលរួម​ហូប​គ្រប់គ្រាន់​។ គាត់​បាន​រម្លឹកថា មិនចាំបាច់​មាន​ម្ហូប​ក៏បាន​ដែរ ឲ្យ​តែមាន​បាយ​ហូប​ឆ្អែត គឺ​គ្រប់គ្រាន់​ហើយ​។ ចំណែក នៅ​ភូមិ​វិញ អ្នកភូមិ​គ្រប់គ្នា ទទួលបាន​របប​បប​រ​មួយ​កូនចាន​ស្មើៗ​គ្នា តែបើ​នរណាម្នាក់​លួច​ហូប​អាហារ​ក្រៅ​បន្ថែម គឺ​ត្រូវ​ចាត់ទុកថា «​ខ្មាំង​ក្បត់​សមូហភាព​»​។​

​ក្នុង​នាទី​ជា​មេក្រុម ជួប មាន​កាតព្វកិច្ច​ដឹកនាំ​ប្រជាជន​ធ្វើស្រែ ហើយ​នៅពេល​ឈប់សម្រាក​ហូប​អាហារ ប្រជាជន​មិនចាំបាច់​ទៅ​ហូប​នៅ​រោង​បាយ​រួម​ទេ គឺ​ខាង​ចុងភៅ​យក​របប​មក​ចែក​ដល់​ការដ្ឋាន​ការងារ​តែម្តង​។ គ្មាន​នរណាម្នាក់​ហ៊ាន​រអ៊ូ​រឿង​ហូប​មិន​ឆ្អែត​នោះទេ តែ​ប្រសិនបើ​មាន​អ្នក​តវ៉ា ប្រាកដ​ណាស់ ម្នាក់​នោះ​នឹងត្រូវ​អង្គ​ការហៅ​ទៅ​រៀនសូត្រ​មិន​ខាន​។ ចំពោះ​ការ​ទៅ​រៀនសូត្រ ជួប បាន​ឲ្យ​ដឹងថា អង្គការ​លើ​មិនបាន​បង្រៀន និង​ណែនាំ​អ្វី​ក្រៅពី​ដាស់តឿន ក្រើនរម្លឹក​អំពី​ការ​សកម្មប្រយុទ្ធ​ជាមួយ​ការងារ ដើម្បី​សម្រេច​តាម​ផែន​ការដែល​អង្គការ​លើ​ដាក់​ឲ្យ និង​ស៊ើបរក​ខ្មាំង​បង្កប់​ស៊ី​រូង​ផ្ទៃក្នុង​នៅតាម​សហករណ៍​ទេ​។​

​នៅ​ឆ្នាំ​១៩៧៧ សភាពការណ៍​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ដោយសារ​អង្គការ​បាន​បញ្ជូន​កម្មាភិបាល​ភូមិភាគ​និរតី​មក​គ្រប់​តំបន់​ដែល ជួប រស់នៅ​។ កម្មាភិបាល​តំបន់ ឃុំ ភូមិ​ចាស់ ត្រូវបាន​អង្គការ​ផ្លាស់​ទៅ​កន្លែង​ផ្សេង និង​ទៅ​រៀនសូត្រ ដោយ​ជំនួស​មកវិញ ដោយ​កម្មាភិបាល​មកពី​ភូមិភាគ​និរតី ដែលមាន​ចរិត​កាច​សាហាវ និង​ម៉ឺងម៉ាត់​។ ជួប បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ក្រុម​និរតី​ចូលមក ការគ្រប់គ្រង និង​ការរស់នៅ​របស់​ប្រជាជនមាន​ការលំបាក និង​តឹងតែង​កាន់តែខ្លាំង ហើយ​ការសម្លាប់​មនុស្ស​ក៏​កើតមានឡើង​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កម្មាភិបាល​ដែល​មកពី​ខាង​និរតី ចាប់ផ្តើម​ធ្វើការ​បោសសម្អាត និង​ស្វែងរក​អ្នក​ដែលមាន​បងប្អូន​ជាប់​និន្នាការ​នឹង​សង្គមចាស់​។ ប្រជាជន​មួយចំនួន បាននាំគ្នា​លួចរ​ត់ទៅ​ព្រំដែន​ថៃ​។

​ជួប បាន​ធ្វើជា​ប្រធាន​ក្រុម​រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​។ ក្រោយ​របប ខ្មែរក្រហម​ដួលរលំ ជួប និង​គ្រួ​សារបាន​ភៀសខ្លួន​ទៅ​រស់នៅ​ស្វាយចេក​។ រយៈពេល មួយឆ្នាំ​ដែល​គាត់​រស់នៅ​ស្វាយចេក ជូ​ប ត្រូវបាន​អាជ្ញាធរ​ខាង​រដ្ឋាភិបាល​ចាត់​ឲ្យ​ធ្វើជា ប្រធាន​យុវជន មាន​នាទី​ជ្រើសរើស​យុវជន​ឲ្យ​ចូល​បម្រើកងទ័ព​។ ដោយមាន​ការ ប្រយុទ្ធ​គ្នា​ជា​ញឹកញាប់ ជួប បានស្នើ​សុំ​ឈប់​ធ្វើជា​ប្រធាន​ក្រុមយុវជន និង​នាំ​គ្រួសារ​ត្រឡប់មក​រស់នៅ​ភូមិ​បន្ទាយឆ្មារ​ខាងលិច​រហូតដល់​បច្ចុប្បន្ន​។​

​គាត់​បានចាប់ផ្តើម​ជីវិត​ថ្មី​របស់គាត់ ដោយ​ប្រកប ការងារ​ជា​ឆ្មាំ​យាម​ប្រាសាទ និង​ធ្វើស្រែ​៕L ដោយៈ ទាវ សារៈ​មុនិន្ទ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​