​២​ថ្ងៃ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាង​៣០​ម៉ឺន​នាក់​ចូលមក​ទស្សនា​បុណ្យអុំទូក​នៅ​ខេត្តសៀមរាប​

1198
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ រយៈពេល​២​ថ្ងៃ ភ្ញៀវ​ជាតិ និង អន្តរជាតិ ជាង​៣០​ម៉ឺន​នាក់ ចូលមក​ទស្សនា ក្នុង​ព្រះរាជ ពិធីបុណ្យ​អុំទូក​បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប ។​នេះ​គឺជា​ការបញ្ជាក់​របស់លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។​

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បានឱ្យដឹងថា នា​ពិធី​បិទ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា អាជ្ញាធរ​ខេត្តសៀមរាប​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងមហាផ្ទៃ​និង​ក្រសួង​-​ស្ថាប័ន​នានា បានធ្វើ​ឱ្យមាន​ការរីក​ចម្រើន​នូវ​ជីវភាព​ប្រជាពលរដ្ឋ​។

តាមរយៈ​ការធ្វើ​វិនិយោគ​លើ​វិស័យ​សាធារណៈ​ជាច្រើន​រួមចំណែក​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៦ -២០៣០​។​លោក​បញ្ជាក់ថា​ការរីកចម្រើន​នៃ​ជីវភាព​របស់​ប្រពល​រដ្ឋ​នៅ​ខេត្តសៀមរាប ដែល​បានកត់សម្គាល់​ឱ្យឃើញថា អត្រា​នៃ​ភាពក្រីក្រ​ពី ៤២.​ភាគរយ​ក្នុង​ឆ្នាំ​២០០៤ បាន​ថយ​ចុះមក​នៅត្រឹម ២១.១៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​និង​ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​មួយឆ្នាំ សម្រាប់​មនុស្ស​ម្នាក់ៗ​ប្រមាណ ១.០០០​ដុល្លារ ក្នុង​ឆ្នាំ​២០១១ កើន​ដល់ ១ ៤៤៦.២​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។​

​លោក​បាន​បន្ដ​ឱ្យដឹងទៀតថា គឺ​បាន​បង្កើត​ឱកាស​ការងារ​បាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ដែល​មុន​ឆ្នាំ​១៩៩៨​ប្រជាពលរដ្ឋ​ភាគច្រើន​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ហើយ​ក្រោយពី​ទទួលបាន​សន្តិភាព​ពេញលេញ ខេត្តសៀមរាប​បាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​វិស័យ​នានា​។​ដូចជា វិស័យ​សំណង់ វិស័យ​សិប្បកម្ម ជាពិសេស​វិស័យ​ទេសចរណ៍ ដែល​បាន​បង្កើត​ការងារ​ក្នុង​ផ្នែក​សេវាកម្ម​ទេសចរណ៍ ជា​ឱកាស​ការងារ​មួយ​ផ្សេងទៀត​សម្រាប់​ប្រជាពលរដ្ឋ ក្រៅពី​វិស័យ​កសិកម្ម ដូចជា ការងារ​តាម​សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌល កម្សាន្ត ទីភ្នាក់ងារ​ទេសចរណ៍ ភោជនីយដ្ឋាន ផ្សារ​ទំនើប ហាង​វត្ថុ​អនុស្សា​រី​យ៍ ក៏ដូចជា​ការផ្គត់ផ្គង់ បន្លែ ផ្លែឈើ ព្រមទាំង​ធ្វើ​សិប្បកម្ម​សូត្រ ក្រមា កន្សែង រូបចម្លាក់​នានា ដែលជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ភ្ញៀវទេសចរ​។

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវទេសចរ ៣៣១,៨៩៦​នាក់ មាន​ភ្ញៀវ​បរទេស​មាន​ចំនួន ៣២,៨៩៦​នាក់ កើនឡើង ២.៩៩​ភាគរយ​។​ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង​២៩​ម៉ឺន​នាក់​កើនឡើង​១៩.៦​ភាគរយ​បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​ពិធី​ព្រះរាជ បុណ្យអុំទូក បណ្ដែតប្រទីប និង​អក​អុំ​បុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​កំពុង​ទទួលបាន​ការចូល​រួម​ទស្សនា​ពី​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ជាច្រើន​សិប​ម៉ឺន​នាក់​នោះ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្ដែ​ត​ប្រទីប​និង​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​ខេត្តសៀមរាប​ឯណោះ ក៏​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ ៣៣​ម៉ឺន​នាក់​ផងដែរ​។

​ការធានា​សន្តិសុខ​ក្នុង​ខេត្ត​បានល្អ​ប្រសើរ​បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ដើរហើរ​គ្រប់​ច្រកល្ហក​គ្រប់ពេលវេលា និង​ប្រក​របរ​ដោយ​សុវត្ថិភាព​។ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ដែល​បង្កលក្ខណៈ​ងាយស្រួល បង្កើន​ផលិតកម្ម កសិកម្ម និង​ជួយ​កាត់បន្ថយ​ការចំណាយ​ថវិកា ក្នុងការ​ដឹកជញ្ជូនរ​បស់​ប្រជាកសិករ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​។​

ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ផ្តល់នូវ​ការអប់រំ​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដល់​សិស្ស និស្សិត​និង​ប្រជាពលរដ្ឋ​ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ស្វែងរក​ឱកាស​ការងារ​និង​ជា​ទុន​នៃ​គំនិត​ក្នុងការ​អភិវឌ្ឍ​មុខរបរ​អាជីវកម្ម និង​វិនិយោគ​ផ្សេងៗ​៕S/

​រូបភាពៈ រយៈពេល​២​ថ្ងៃ ភ្ញៀវ​ជាតិ និង អន្តរជាតិ ជាង​៣០​ម៉ឺន​នាក់ ចូលមក​ទស្សនា ក្នុង​ព្រះរាជ ពិធីបុណ្យ​អ៊ុ​ទូក​បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប​៕​គូលែន​