​៧២​នាក់​រងរបួស​ក្នុង​ការប៉ះទង្គិច​អំពី​ច្បាប់​បត្យាប័ន​នៅ​ហុងកុង​

518
ចែករម្លែក

​ប៉ូលិស​បង្ក្រាប​បាតុកម្ម​និង​អ្នកប្រឆាំង​តវ៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មិថុនា​នេះ កំពុង​ប្រឈម​ការប៉ះទង្គិច​គ្នា​សាជាថ្មី នៅ​កណ្តាល​ទីក្រុង​ហិរញ្ញវត្ថុ​នេះ នៅ​មួយថ្ងៃ​បន្ទាប់​ពី​អំពើ​ហិង្សា​​ជុំវិញ​ច្បាប់​បត្យាប័ន​ បាន​បណ្តាលឲ្យអតីត​ទឹកដី​អាណានិគម​អង់គ្លេស​មួយ​នេះ​ធ្លាក់​ក្នុង​ភាពវឹកវរ​ខ្លាំង​បំផុត​ចាប់តាំងពី​វា​ត្រូវបាន​ប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​

​គិត​មក​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃ​ពុធ មនុស្ស​៧២​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រងរបួស​និង​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ ក្នុងនោះ​២​នាក់​រងរបួស​ធ្ងន់​។​កាលពី​ថ្ងៃ​ពុធ ប៉ូលិស​​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក ទឹកម្ទេស​និង​កាំភ្លើង​គ្រាប់​ជ័រ​នៅក្នុង​ការប៉ះទង្គិច​ជាច្រើន​ដើម្បី​បណ្តេញ​បាតុករ​ចេញពី​អគារ​សភា​ហុងកុង​។​

​ប្រឈម​នឹង​ការ​ប្រទាញប្រទង់​ដូច្នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​ហុងកុង​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​សង្កាត់​ហិរញ្ញវត្ថុ​រហូត​ដល់​សប្តាហ៍​ក្រោយ ​តែ​វិថី​មួយចំនួន​បាន​បើក​ឡើង​​វិញ​។​

​ពួក​និស្សិត​និង​សកម្មជន​សិទ្ធិ​ស៊ីវិល​បាន​ប្តេជ្ញា​បន្ត​ការតវ៉ា​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ប្រទូសរ៉ាយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​​ទៅ​កាត់ទោស​នៅ​ចិនដីគោក ដោយសារតែ​ពួកគេ​បារម្ភ​ថា អាជ្ញាធរ​ក្រុង​ប៉េកាំង​កាន់តែ​ត្រួតត្រា​ខ្លាំង​ឡើង​មក​លើ​ហុងកុង​និង​សេរីភាព​ស៊ីវិល​នៃ​ទឹកដី​នេះ​ក៏​កាន់តែ​សឹក​រិល​។​

​ការប្រឈមមុខ​គ្នា​កាលពី​ថ្ងៃ​ពុធ​ បណ្តាលឲ្យ​អាជ្ញាធរ​ពន្យារ​ពេល​ពិភាក្សា​ខ្លឹមសារ​នៃ​ពង្រាង​ច្បាប់​នេះ​ក្នុង​សភា ទោះជា​យ៉ាងណា​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី ការី ឡាំ​​មិន​ព្រម​បោះបង់​វា​ចោល​ទេ ហើយ​ប្រធាន​សភា​ហុងកុង​អះអាងថា​នឹង​អនុម័ត​ច្បាប់​នេះ​ឲ្យបាន​នៅ​ថ្ងៃ​២០​មិថុនា​៕​ដោយ​៖​វាសនា​/Ha

​អតីត​ទឹកដី​អាណានិគម​អង់គ្លេស​មួយ​នេះ​ធ្លាក់​ក្នុង​ភាពវឹកវរ​ខ្លាំង​បំផុត​កាលពីថ្ងៃពុធ

#