​៩​ខែ​ឆ្នាំ​២០១៧​បទល្មើស​កើតមាន​៧១៥​លើក​,​បង្ក្រាបបាន​៦៦៤​ករណី​ឃាត់ខ្លួន​បាន​៩៤០​នាក់​

385

(​ភ្នំពេញ​)៖ មន្ត្រី​បានឱ្យដឹងថា​៖​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៧​នេះ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម លើ​ការអនុវត្ត​គោលនយោបាយ ភូមិ សង្កាត់​មាន​សុវត្ថិភាព គឺ​បទល្មើស​ព្រហ្មទណ្ឌ លួច​ឆក់​ប្លន់ បានកើត​មាន​៧១៥​លើក​។ ក្នុងនោះ​បង្ក្រាបបាន​៦៦៤​ករណី ឃាត់ខ្លួន​ជនល្មើស​បាន​៩៤០​នាក់​។
​ ​
​យោងតាម​របាយការណ៍ ស្តីពី​សមិទ្ធិផល​សម្រេច​បាន និង​បញ្ហា​ប្រឈម រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៧ និង​របាយការណ៍​ស្តីពី​ស្ថានភាព​ហិរញ្ញវត្ថុ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​លើក​យកមក​ផ្សព្វផ្សាយ នៅក្នុង​វេទិការ​ផ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នៅ​ខណ្ឌចំការមន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​សួន រិនឌី តំណាង​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​អៀង អូន​នី តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។
​ ​
​របាយការណ៍​ខាងលើ​ក៏បាន​បញ្ជាក់ថា ចំពោះ​ការងារ​បង្ក្រាប​គ្រឿងញៀន បាន​១៥៩០​ករណី ឃាត់ខ្លួន បាន​៣៥០១​នាក់ ស្រី​៣៩៦​នាក់​។ ការងារ​បង្ក្រាប​អំពើ​អនាចារ ការជួញដូរ​ស្ត្រី និង​កុមារ ដោយ​ក្នុងនោះ បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស បាន​៣៦​ករណី ឃាត់ខ្លួន​៤៩​នាក់ ស្រី​២៣​នាក់​។ បង្ក្រាប​ក្មេង​ទំនើង​បង្ក​អោយ​បាត់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​បាន​៣៦១​ករណី ឃាត់ខ្លួន​បាន​៥៩០​នាក់​។ បង្ក្រាប​ល្បែងស៊ីសង ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​។​ក្នុងនោះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​១៤៦​ករណី ឃាត់ខ្លួន​៥០៨​នាក់ សហការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​៨​ករណី បាន​ត្រួតពិនិត្យ​យានយន្ត​ល្មើសច្បាប់​គ្រប់​ប្រភេទ ចំនួន​៣៣៨១០​គ្រឿង បាន​ត្រួតពិនិត្យ​ជាតិ​អាកុល​លើ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ចំនួន​២៦ ៤៧៧​គ្រឿង​។
​ ​
​នៅក្នុង​របាយការណ៍​នោះដែរ ក៏បាន​លើកឡើង​ដែរ​ថា ទន្ទឹមនឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​នេះ ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ប្រមូល​ផ្តុំគ្នា​ដោះស្រាយ​អោយបាន​ល្អ​នាពេលខាងមុខ ដូចជា បញ្ហា​គ្រឿងញៀន បញ្ហា​ចោរលួច ចោរឆក់ ចោរប្លន់ បញ្ហា​ល្បែងស៊ីសង នៅតែ​ជាការ​ព្រួយបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​។ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មកពី​ខ្វះ​ការប្រុងប្រយ័ត្ន មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​គ្មាន​ពាក់មួក​សុវត្ថិភាព នាំអោយមាន​ការបាត់បង់​ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ នៅមានកម្រិត​នៅឡើយ​។

​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​លូ​ស្ពាន ស្ពាន​អាកាស មណ្ឌល​សុខភាព​សាធារណៈ ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅតែ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​បន្តធ្វើ ព្រមទាំង​សេវា​ប្រមូល​សំរាម កំពុង​ត្រូវបាន​ពង្រឹង​ក្នុងការ​អនុវត្ត​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​បញ្ហា​ប្រឈម​ទាំងនេះ ទាមទា​អោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​បងប្អូន​ប្រជាពលរដ្ឋ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន អោយបាន​ច្រើនជាង​នេះ​។​

​នៅក្នុង​វេទិកា​ររ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​ខណ្ឌចំការមន​នេះដែរ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខណ្ឌចំការមន ជាច្រើន​នាក់ បានលើកឡើង​ពី​កង្វល់ និង​សំណូមពរ​ជូន​ដល់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ មានដូចជា​ផ្លូវ លូ ខ្សែភ្លើង​ធ្លាក់​តាម​ដងផ្លូវ នៅ​ពីមុខ​ផ្ទះ និង​ដើមឈើ​ងាប់ សូមអោយ​ខាង​ជំនាញ​ជួយ​កាប់​ចេញ ខ្លាច​រលំ​សង្កត់​លើ​មនុស្ស ឬ​របស់ទ្រព្យ​របស់​ពួកគាត់​ជាយថាហេតុ​។​

​ឆ្លើយតប​ទៅនឹង​កង្វល់ និង​សំណូមពរ​នេះ លោក​អៀង អូន​នី បាន​អរគុណ​ដែល​បងប្អូន​ប្រពល​រដ្ឋ​ទាំងអស់ បាន​ចូលរួម​ពិគ្រោះ​យោបល់​គ្នា​យ៉ាង​ផុលផុស ក្នុង​វេទិកា​នេះ ដែល​បានធ្វើអោយ​យើង​រកឃើញ​នូវ​បញ្ហា​ជា​អាទិភាព​សំខាន់ៗ សម្រាប់​អោយ​រដ្ឋបាល​រាជធានី យកទៅ​ពិចារណា​ធ្វើការ​កែទម្រង់​ក្នុងការ​អនុវត្ត​សកម្មភាព​របស់ខ្លួន ដើម្បី​លើកកម្ពស់​គុណភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​មូលដ្ឋាន​សង្កាត់​ខណ្ឌ​រប​ស់​ខ្លួន​អោយបាន​កាន់តែ​ល្អប្រសើរ​។

​លោក​អភិបាលរង​បន្តថា​៖​ការផ្តល់​មតិ សំណើរ និង​សំណូមពរ របស់​អស់លោក លោកស្រី​នៅថ្ងៃនេះ គឺ​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​ធ្វើអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ឆ្លុះបញ្ចាំង​បាន​នូវ​ចំណុច​ខ្វះខាត ចំណុច​អសកម្ម ដែល​រដ្ឋបាល​រាជធានី​អនុវត្ត​កន្លងមក និង​អាចឱ្យ​គណៈ​អភិបាល​យកទៅ​ពិចារណា​និង​ធ្វើការ​កែលម្អ​ឡើងវិញ​ឱ្យបាន​សមស្រប​តាម​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​៕S/​ដោយ​៖​រ៉ា​ម៉ន​