​​ករណី​ចាប់​ជម្រិត​ទារលុយ​!​ជនរងគ្រោះ​បន្ត​ដាក់ពាក្យ​បណ្តឹង​ចូល​ក្រសួងមហាផ្ទៃ​ទៀត

2275

(​ភ្នំពេញ​)៖​ករណី​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង​ម្នាក់​ដែល​ចាប់​បង្ខាំង​មនុស្ស​ដើម្បី​ជម្រិត​ទារលុយ​ចំនួន​៣.០០០​ដុ​លា្ល​រ​និង​៦៩​ម៉ឺន​រៀល​នោះ​មាន​រយៈពេល​ជិត​៨​ខែ​ហើយ​ដែល​ជនរងគ្រោះ​នៅ​មិនទាន់​ទទួល​បានយុត្តិធម៌​នៅឡើយ​។​ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ក្នុងករណី​ជម្រិត​ទារលុយ​នេះ​ក៏​នៅតែមាន​ឥទ្ធិពល​ដដែល​ដែលជា​អំពើ​មួយ​ធ្វើឱ្យ​ជនស្លូតត្រង់​ស្ទើរ​អស់ជំនឿ​លើ​ការអនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​ខិល​ខូ​ល​មួយចំនួន​នោះ​។​

​បន្ទាប់ពី​មាន​សកម្មភាព​ចាប់​ជម្រិត​ទារលុយ​ក្នុងករណី​ដែល​សមត្ថកិច្ច​អះអាងថា​បាន​ចុះ​ចាប់​បទល្មើស​ល្បែងស៊ីសង​មួយកន្លែង​នៅ​ឃុំ​ស្វាយជ្រុំ​ស្រុក​រលារ​ប្អៀ​រ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៧​កន្លងទៅ​។​កម្លាំង​បាន​នាំ​ជន​ដែល​ឃាត់ខ្លួន​មក​ឃុំ​មួយ​យប់​រួច​ដោះលែង​វិញ​ជាមួយនឹង​លុយ​ជា​ថ្នូរ​គឺ​គ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​តុលាការខេត្ត​កំពង់ឆ្នាំង​រួចមកហើយ​ដើម្បី​ជួយ​រក​យុត្តិធម៌​។​ប៉ុន្តែ​ស្ថាប័ន​ធំ​ពីរ​នេះ​នៅ​មិនទាន់មាន​ចំណាត់ការ​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ក្នុងករណី​(​ជម្រិត​ទារលុយ​)​នេះ​នៅឡើយ​។

ដើម្បី​បន្ត​ស្វែងរក​យុត្តិធម៌​ក្នុងករណី​បង្ខាំង​មនុស្ស​ជម្រិត​ទារលុយ​នេះ​លោក​ជួន​ធៀប​អាយុ​៥៤​ឆ្នាំ​ជា​យោធា​ពិការ​និង​ប្រពន្ធ​ឈ្មោះ​ចាន់​វណ្ណា​អាយុ​៥៣​ឆ្នាំ​ជា​ក្រុមគ្រួសារ​ជនរងគ្រោះ​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៧​បានដាក់​ពាក្យបណ្តឹង​មួយទៀត​ចូលទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​អន្តរា​គម​ពីស​ម្តេច​ក្រឡាហោម​សខេង​។​

ក្នុង​សេចក្តី​បណ្តឹង​នោះ​ជនរងគ្រោះ​បាន​ប្តឹង​ពី​លោក​ពៅ​ស៊ី​ផាន់​អាយុ​៤៧​ឆ្នាំមាន​តួនាទី​ជា​ប្រធានការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។​លោក​ជុន​ថា​រិ​ទ្ធ​ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​និង​លោក​គឹម​សារ៉េត​អនុប្រធាន​កណ្តាល​ប្រឆាំង​បទល្មើស​ពីបទ​”​បង្ខាំង​មនុស្ស​ដើម្បី​ជំរិត​ទារប្រាក់​និង​ប្រព្រឹត្ត​អំពើពុករលួយ​”​។​

​គួររំលឹកថា​មាន​ករណី​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ល្បែងស៊ីសង​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៧​កន្លងទៅ​។​សកម្មភាព​នេះ​មាន​រយៈពេល​ជាង​៧​ខែ​មកហើយ ទើបតែ​បែកធ្លាយ​ពី​រឿង​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែល​ចាប់​និង​បង្ខាំង​ជនសង្ស័យ​ជំរិត​ទារលុយ​ចំនួន​២០.០០០​ដុល្លារ​។​ប៉ុន្តែ​ជនសង្ស័យ​នាពេលនោះ​រកលុយ​បាន​ត្រឹម​៣.០០០​ដុលារ​និង​លុយ​ខ្មែរ​៦៩​ម៉ឺន​រៀល​ប៉ុណ្ណោះ​ប្រគល់ឱ្យ​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ​ពៅ ស៊ីផា​ន់​ជា​ថ្នូរ​នឹង​ការដោះលែង​។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា​បន្ទាប់ពី​ដោះលែង​ជន​ដែល​នគរបាល​ឃាត់ខ្លួន​នោះ​ឈ្មោះ​ជួន​ធៀប​និង​ប្រពន្ធ​ឈ្មោះ​ចាន់​វណ្ណា​កើត​ទុក​មិន​សុខចិត្ត​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៧​។​

ក្នុងនោះ​មាន​មេធាវី​លោក​ពុធ​ធា​វី​តំណាង​ដោយ​អាណត្តិ​ក្នុង​ដំណើរ​បណ្តឹង​ពី​មន្ត្រីនគរបាល​ឈ្មោះ​ពៅ​ស៊ី​ផាន់​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំមាន​តួរ​នាទី​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយ​ចោទ​ពីបទ​”​បង្ខាំង​មនុស្ស​ជំរិត​ទារលុយ​និង​ប្រព្រឹត្ត​អំពើពុករលួយ​”​។​

​នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៧​នេះ​លោក​ជួន​ធៀប​និង​ប្រពន្ធ​ឈ្មោះ​ចាន់​វណ្ណា​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​មួយទៀត​ចូលទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ប្តឹង​លោក​ពៅ​ស៊ី​ផាន់​និង​មន្ត្រីនគរបាល​២​នាក់​ទៀត​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជុន​ថា​រិ​ទ្ធ​និង​លោក​វរៈសេនីយ៍ឯក​គឹម​សារ៉េត​។​

តាម​ការរៀបរាប់​ដំណើររឿង​ពី​ដើមបណ្តឹង​លោក​ជួន​ធៀប​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៧​វេលា​ម៉ោង​ប្រហែល​២​រសៀល​កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ល្បែងស៊ីសង​នៅ​ទីតាំង​ផ្ទះ​លក់​ការ​ហ្វេ​មួយកន្លែង​មាន​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ពីក្រោយ​ផ្ទះ​របស់លោក​(​ជួន​ធៀប​)​។​

​លោក​ជួន​ធៀប​បាន​បន្តថា​ក្នុងការ​ចុះបង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​និង​ម៉ូតូ​មួយចំនួន​។​ក្នុងនោះ​ក៏​មានកូន​របស់លោក​ម្នា​ក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផងដែរ​។​កូន​របស់លោក​ឈ្មោះ​ជួន​ធនធាន​អាយុ​១៨​ឆ្នាំ​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ZOOMERX​សេរី​ឆ្នាំ​២០១៦​ខណៈដែល​កូន​របស់គាត់​បាន​ជិះ​ទៅ​ទិញ​កាហ្វេ​ផឹក​នៅ​ទីនោះ​។​

ក្រោយពី​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​ពិនិត្យ​ទឹកនោម​តែ​កូន​គាត់​មិនមាន​សារធាតុ​ញៀន​នោះឡើយ​ហើយ​បាន​ឆែកឆេរ​ក្នុង​ម៉ូតូ​ក៏​មិនមាន​គ្រឿងញៀន​ដែរ​និយាយ​រួម​គឺ​កូន​របស់គាត់​មិនមាន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ទេ​។​សមត្ថកិច្ច​ក៏បាន​ប្រគល់​ម៉ូតូ​និង​អនុញ្ញាត​ឲ្យ​ត្រឡប់មកផ្ទះ​វិញ ។​

​លោក​ជួន​ធៀប​បាន​បន្តថា​មួយសន្ទុះ​ក្រោយមក​កូនប្រុស​របស់គាត់​បានមក​ប្រាប់​គាត់​ថា​”​ប៉ា​កម្មករ​មើល​ជ្រូក​របស់​យើង​ត្រូវ​នគរបាល​ឃាត់​ម៉ូតូ​របស់​វា​ទុក​ហើយ​ឲ្យ​ប៉ា​ទៅ​ជួយ​សុំ​យកមក​វិញ​ផង​”​។​ពេលនោះ​លោក​ជួន​ធៀប​បាន​ត្រឡប់​ទៅ​ទីតាំង​កើតហេតុ​វិញ​។

​គ្រាន់តែ​ទៅដល់​ភា្ល​ម​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​គ្រៀ​កលោក​រុញ​ប​ញ្ជូ​ល​រថយន្ត​តែម្តង​។​ពេលនោះ​នគរបាល​មួយក្រុម​ទៀត​បាន​ទៅផ្ទះ​របស់លោក ដើម្បី​តាម​ចាប់​កូន​របស់លោក​ឈ្មោះ​ជួន​ធនធាន​និង​រឹបអូស​ម៉ូតូ​របស់​កូន​ជាថ្មី​ម្តងទៀត​។​ខណៈនោះ​ដែរ​លោក​និង​កូនប្រុស​ត្រូវបាន​សមត្ថ​កិច្ច​ចាប់ខ្លួន​។​

​ពេលនោះ​លោក​សុំ​យក​សោរ​រថយន្ត​ដែលជា​ប់​នឹង​ខ្លួន​ឲ្យ​ទៅ​ប្រពន្ធ​នៅផ្ទះ​សិន​។​លុះ​ជិះ​ដល់ផ្ទះ​លោក​បែ​ជា​សមត្ថកិច្ច​ចុះទៅ​រឹបអូស​រថយន្ត​របស់​លោក​នៅក្នុង​ផ្ទះ​ទៀត​និង​ផ្ទេរ​រូបលោក​ពី​រថយន្ត​សមត្ថកិច្ច​រុញ​បញ្ចូល​ក្នុង​រថយន្ត​របស់លោក​វិញ​ហើយ​បាន​បើក​នាំខ្លួន​លោក​និង​កូន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែម្តង ។​

លោក​ជួន​ធៀប​បានឱ្យដឹង​ទៀតថា​ក្រោយពី​បាន​ឆែកឆេរ​ពិនិត្យ​ស្វែងរក​សារធាតុ​ញៀន​នៅជាប់​និង​ខ្លួន​និង​យាន្ត​ជំនិះ​ហើយ​នៅតែ​ពុំមាន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​អ្វី​ទាំងអស់នោះ​រូបលោក​និង​កូនប្រុស​មិន​ត្រូវគេ​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ទេ​។​ផ្ទុយទៅវិញ​ឈ្មោះ​ពៅ ស៊ី​ផាន់ ដែលមាន​តួនាទី​ជា​ប្រធានការិយាល័យ​បង្ក្រាប​គ្រឿងញៀន​មក​ជម្រិត​ទារប្រាក់​ពី​ប្រពន្ធ​របស់លោក​ចំនួន​២០.០០០​ដុល្លារ និង លុយ​ខ្មែរ​១.០០០.០០០​រៀល​ជា​ថ្នូរ​នឹង​ការដោះលែង​រូបលោក​និង​កូនប្រុស​។​នៅពេល​ល្ងាច​ថ្ងៃ​ដដែល​នោះពួកគេ​បានទារលុយ១០០ដុល្លារ​ដើម្បីឱ្យ​កូន​របស់លោក​ចេញទៅរក​លុយ​ឲ្យ​ពួកគេ​គ្រប់​ចំនួន​។​

​លុះ​ព្រឹក​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ប្រពន្ធ​របស់លោក​រកលុយ​បានតែ​២.០០០​ដុល្លារ​ក៏​សុំ​អង្វរ​ឈ្មោះ​ពៅ​ស៊ីផា​ន់​តែ​គេ​មិន​ព្រម​។​ប្រពន្ធ​របស់លោក​បាន​ទូរស័ព្ទ​ទៅ​ខ្ចីលុយ​ប្អូនថ្លៃ​ឈ្មោះ​ទ្រី តាំង​លី បាន​១.០០០​ដុល្លារ​បន្ថែមទៀត តាម​ការទាមទារ​រប​ស់​គេ​ត្រឹមតែ​ចំនួន​៣.០០០​ដុល្លារ​និង​លុយ​ខ្មែរ ៦៩០.០០០​រៀល ។

ពេលនោះ​ឈ្មោះ​ពៅ ស៊ី​ផាន់​បានឱ្យ​លោក និង ប្រពន្ធ​ផ្តិតមេដៃ​នៅលើ​ក្រដាស់​ស​មួយច្បាប់ ព្រមទាំង​បាន​នាំទៅ​ជួប​លោក​ជុន ថា​រិ​ទ្ធ​និង​លោក​គឹម សារ៉េត នៅក្នុង​បន្ទប់​លោក​ជុន ថា​រិ​ទ្ធ​។​ក្នុងពេលនោះ​លោក​គឹម​សារ៉េត​និង​លោក​ជុន​ថា​រិ​ទ្ធ​បាន​និយាយថា​”​លុយ​៣.០០០​ដូ​ល្លារ​ប៉ុណ្ណឹង​តិចតួច​ណាស់​កុំ​និយាយ​ឱ្យ​អ្នកផ្សេង​ដឹង​ឱ្យសោះ​ប្រយ័ត្ន​មានរឿង​ថ្ងៃក្រោយ​”​។​

បន្ទាប់មក​ឈ្មោះ​ពៅ​ស៊ី​ផាន់​បានប្រគល់​កូនសោ​រថយន្ត​និង​ដោះលែង​រូបលោក​ឱ្យមាន​សេរីភាព​វិញ​។​ករណីនេះ​ជនរងគ្រោះ​បាន​ប្តឹង​សុំ​ទាមទារ​ប្រាក់​ចំនួន​៣.០០០​ដូ​ល្លា​និង​៦៩០០០០​រៀល​មកវិញ​ទាំងអស់​ទាម​ទារជំងឺចិត្ត​ចំនួន​១៣.០០០​ដុល្លារ​និង​សុំឱ្យ​ផ្តន្ទាទោស​មន្ត្រីនគរបាល​ទាំង​៣​នាក់​នេះ​ទៅតាម​ច្បាប់​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ជុន​ថា​រិ​ទ្ធ​និង​លោក​គឹម​សារ៉េត​អ្នកសារព័ត៌មាន​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ។​ប៉ុន្តែ​លោក​ពៅ​ស៊ី​ផាន់​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែល​រង​នូវ​ការចោទប្រកាន់​នេះ​បានបញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ករណីនេះ​មិន​ពិត​ដូច​ការចោទប្រកាន់​នោះទេ​។​

​លោក​បាន​បន្តថា ចំពោះ​ដែលថា​លោក​បាន​យកលុយ​ចំនួន​៣.០០០​ដុល្លារ​នោះ​គឺ​លោក​អត់​បានទទួល​ទេ​នេះ​ជាការ​ប្រឌិត​ទាំងស្រុង ។ តែ​លុយ​ខ្មែរ​ចំនួន​៦៩០.០០០​រៀល​នោះ​ឈ្មោះ​ជួន​ធៀប​បាន​ផ្ញើ​ជាមួយ​លោក​ទុកឱ្យ​មិត្តភក្តិ​របស់គាត់​ម្នាក់​ប៉ុណ្ណោះ​។​

លោក​ពៅ​ស៊ី​ផាន់​បានឱ្យដឹងថា រឿងនេះ​គេ​បាន​ប្តឹង​លោក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ ហើយ​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ លោក​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​រួចហើយ​។​ចំណែក​ការ​លួច​ថត​វិ​ឌី​អូ​ឃ្លី​ប​គឺ​គេ​មាន​ចេតនា​ធ្វើបាប​លោក​យ៉ាងពិត​ប្រាកដ​៕S/ ដោយ​៖ ហូ​សាន់​

​ករណី​ចាប់​ជម្រិត​ទារលុយ​!​ជនរងគ្រោះ​បន្ត​ដាក់ពាក្យ​បណ្តឹង​ចូល​ក្រសួងមហាផ្ទៃ​ទៀត