​”​ការយល់ដឹង​អំពី​សុខភាព​បន្ត​ពូជ​ជា​ករណី​សំខាន់បំផុត​សម្រាប់​យុវវ័យ​”

451
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​”​ការយល់ដឹង​អំពី​សុខភាព​បន្ត​ពូជ​សុខភាព​ផ្លូវភេទ​និង​សិទ្ធិ​ជា​បញ្ហា​សំខាន់បំផុត​សម្រាប់​យុវវ័យ​គ្រប់រូប​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​ផ្សេងៗ​បញ្ចៀស​អំពើហិង្សា​ការរំលោភបំពាន​និង​ចេះ​រៀបចំ​ផែនការ​គ្រួសារ​”​។​

ថ្លែង​ក្នុង​ពិធី​បើក​ការរត់​ប្រណាំង​កម្សាន្ត​សប្បាយ​រៀបចំឡើង​ដោយ​អង្គការ​រ៉ា​ក់​សម្រាប់​គម្រោង​កម្មវិធី​សុខភាព​យុវជន សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លោក​ភូ​លិ​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​សុខភាព​បន្ត​ពូជ​និង​សុខភាព​ផ្លូវភេទ​ជា​កត្តា​សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប​។​

ពិសេស​ការទទួលយក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ​សុខភាព​ផ្លូវភេទ​និង​សិទ្ធិ​ជា​ករណី​ចាំបាច់​សម្រាប់​យុវវ័យ​ដើម្បី​យល់​ជ្រាប​ពី​ការរៀបចំ​ផែនការ​គ្រួសារ​បញ្ចៀស​នូវ​ជំងឺឆ្លង អំពើហិង្សា និង​ការរំលោភបំពាន​ផ្សេងៗ​ក្នុងសង្គម​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ផ្តោតលើ​ខ្លឹមសារ​ទាំងនេះ​យុវវ័យ​ត្រូវ​សិក្សា​បន្ថែម​ដើម្បី​ទទួល​ចំណេះដឹង​ទាំងនោះ​ឱ្យបាន​ត្រឹមត្រូវ ហើយ​រួមគ្នា​ទប់ស្កាត់​បញ្ហា​ដែល​អាច​កើតឡើង​ចំពោះ​សុខភាព​។ ពិសេស យុវជន​ទាំងអស់​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន ការ​បៀតបៀន​ផ្លូវភេទ អំពើហិង្សា ការរំលោភ​សិទ្ធិ​គ្នា​ទៅវិញទៅមក​ហើយ​ងាក​មក​ស្រឡាញ់​ចូលចិត្ត​លេង​កីឡា​ដើម្បី​សុខភាព មាំមួន និង​ក្លាយជា​ធនធាន​ប្រកបដោយ​ថាមពល​ខ្លាំងក្លា​ក្នុងការ​រួមចំណែក​ដល់​កិច្ច​អភិវឌ្ឍ​ប្រទេស​។​

​លោកស្រី​សេក ស៊ី​សុខុម អ្នកសម្របសម្រួល​កម្ម​វិធី​សុខភាព​យុវជន​នៃ​អង្គការ​រ៉ា​ក់បាន​រៀបរាប់ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អង្គការ​រ៉ា​ក់​បង្កើត​ព្រឹត្តិការណ៍​រត់​កម្សាន្ត​សប្បាយ​ដោយ​ភ្ជាប់​ការផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​យុវវ័យ​ឱ្យ​ចាប់អារម្មណ៍​ក្នុងការ​សិក្សា​ពី​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិ​យុវវ័យ​។​ជាការ​ចាប់អារម្មណ៍​ឆ្នាំនេះ​មាន​យុវជន​យុវនារី​ពី​បណ្តា​គ្រឹះស្ថានសិក្សា​នានា​មក​ចូលរួម​ច្រើនជាង​ឆ្នាំមុន​។

នេះ​បញ្ជាក់​ឱ្យឃើញថា​យុវវ័យ​ពិតជា​ចង់​ជ្រាប​កាន់តែច្បាស់​ផ្នែក​សុខភាព​បន្ត​ពូជ​ដែលជា​បញ្ហាសំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ​គិត​ទាំង​សុភមង្គល​គ្រួសារ​ផង​។​កន្លងមក​យុវវ័យ​ភាគច្រើន​មិនបាន​ដឹងថា​តើ​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិ​មាន​ខ្លឹមសារ​សម្រាប់​ខ្លួន​យ៉ាងណា​នោះឡើយ​។

​លោកស្រី​សេក​ស៊ី​សុខុម​បានបញ្ជាក់​ថា​ការ​ជ្រួតជ្រាប​លើ​បញ្ហា​ទាំងនេះ​នឹង​ជួយ​ជា​ចំណេះដឹង​ចម្បងៗ​ដូចជា​បញ្ចៀស​ការឆ្លង​ជំងឺ​ផ្សេងៗ​ការរៀបចំ​ផែនការ​គ្រួសារ​បង្ការ​ការ​មាន​ផ្ទៃពោះ​នៅពេល​មិនទាន់​ចង់បាន​បុត្រ បញ្ចៀស​អំពើហិង្សា និង​ការរំលោភបំពាន​សិទ្ធិ​ក្នុងសង្គម​ជាដើម​។ ពិតណាស់ សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ​និង​សិទ្ធិ​ជា​ករណីយកិច្ច​ចាំបាច់​របស់​មនុស្ស​គ្រប់រូប​ដែល​ត្រូវ​ស្វែងយល់​ដ្បិត​បើ​មិន​បានដឹង​ច្បាស់លាស់​ទេនោះ​ងាយ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​៕S/​