​”​ខ្ញុំ​ស្អាត​អ្នក​ស្អាត​តំបន់ការពារធម្មជាតិ​និង​ទេសភាព​យើង​គឺ​ស្អាត​ជានិច្ច​”

1057
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដែនជម្រកសត្វព្រៃ​ទាំង​បួន​រួមទាំង​អាជ្ញាធរខេត្ត​មណ្ឌលគិរី​សម្អាត​បរិស្ថាន​ទទួល​អ្នក​ទេសចរណ៍​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ដែល​និង​ឈាន​មកដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​ការ​រើស​សំរាម​សម្អាត​បរិស្ថាន​លើក​នេះ​បានធ្វើ​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​និង​ផ្លូវ​សំខាន់ៗ​នាៗ​ក្នុង​ខេត្ត​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៨​។​

​គ្រា​ដែល​ធ្វើ​សកម្មភាព​រើស​សំរាម​នោះដែរ​អ្នក​ស្រឡាញ់​ភាពស្រស់ស្អាត​របស់​បរិ​ស្ថាន​បាន​លើកឡើងថាៈ​”​ខ្ញុំ​ស្អាត​អ្នក​ស្អាត​តំបន់​កា​ពារ​ធម្មជាតិ​និង​ទេសភាព​របស់​យើង​ក៏​ស្អាត​ជានិច្ច​”​។​លោក​កែវ​សុភ​គ៌​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ឲ្យ​ដឹងថា​នៅ​១​សប្ដាហ៍​ខាងមុខ​ទៀត​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នឹងចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ក្នុង​ខេត្តមណ្ឌលគិរី​នឹងត្រូវ​ទទួលភ្ញៀវ​ទេសចរ​ចូលមក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​សំខាន់ៗ​នៅក្នុង​ខេត្ត​នេះ​។

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​ដើម្បី​បង្កើត​សោភ័ណភាព​និង​សម្អាត​អនាម័យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។

​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​រើស​និង​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ​សាធារណៈ ពី​ចំណុច​ចាប់ពី​សាលាស្រុក​កែវ​សីមា រហូតដល់​ស្រុក​កោះ​ញែក​។​នៅ​ចំណុច​ឃុំ​ដាក់​ដាំ ព្រមទាំង​នៅក្នុង​តំបន់ការពារធម្មជាតិ ដែល​សម្បូរ​ទៅដោយ​សម្រស់​ធម្មជាតិ ដើម្បី​សម្អាត​ភាពកខ្វក់ និង​ក្លិនស្អុយ​ដែល​បណ្ដាលមកពី​កាកសំណល់​ផ្សេងៗ​។

​លោក​ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​អំពាវនាវ​សូមកុំ​ឲ្យ​ចោល​សំរាម​តាម​ដងផ្លូវ និង​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​តម្លៃ​បរិស្ថាន​សម្រាប់​យើងទាំងអស់គ្នា​។​

មិន​ខុសពី​មន្ត្រី​បរិស្ថាន​មន្ត្រី​កងរាជអាវុធហត្ថ​និង​មន្ត្រីនគរបាល​ស្រុក​ក៏បាន​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​នៅក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ នៃ​ខេត្តមណ្ឌលគិរី​។សូម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​សូមកុំ​ចោល​សំរាម​តាម​ដងផ្លូវ​សាធារណៈ​ដែល​នាំ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​។

​ដោយឡែក​នៅ​ចំណុច​អណ្ដូង​ស្នេហ៍​ស្ថិតក្នុង​ឃុំ​ដាក់​ដាំ​ស្រុក​អូររាំង​ក៏មាន​ការដើរ​រើស​និង​ប្រមូល​សំរាម​ផងដែរ​ដោយមាន​ការចូលរួម​ពី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​និង​បុគ្គលិក​ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​សបាន​ស្ម័គ្រចិត្ត​ដើរ​រើស​សំរាម​ដែល​រាយប៉ាយ​នៅ​តំបន់​ទេសចរណ៍​ឈ្មោះ​អណ្ដូង​ស្នេហ៍​ដែលជា​ទីតាំង​ទេសចរណ៍​មាន​ទេសភាព​ស្រស់ស្អាត​គួរ​ឲ្យ​ចង់​គយគន់​។​

​បុគ្គលិក​នៃ​ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​និង​មន្ត្រី​ស្រឡាញ់​បរិស្ថាន​បាន​សំណូមពរ​ផងដែរ​ដល់​ភ្ញៀវទេសចរ សូមកុំ​បោះ​សំរាម​ពាសវាល​ពាសកាល ដែល​បណ្ដាល​ឲ្យ​បាត់បង់​សោភ័ណភាព​បែបនេះ​។ ព្រោះ​ទីនេះ​(​អណ្ដូង​ស្នេហ៍​)​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត​ដែល​មិនគួរ​មាន​សំរាម​រាយប៉ាយ​ឡើយ ព្រោះ​សំរាម ឆ្លុះបញ្ចាំង​ពី​ចំណេះដឹង ឥរិយាបទ​មិនល្អ និង​ការទទួលខុសត្រូវ​។​

​លោក​លី​បូរ៉ា​នាយករង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក៏បាន​បំផុស​ចលនា​ដោយ​ការដើរ​សំរាម​នា​ថ្ងៃ​ជាមួយគ្នា​ផងដែរ ដោយមាន​ការចូល​ពី​បុគ្គលិក​អង្គការ WWF និង​ប្រជា​សហគមន៍ ចាប់ពី​ចំណុច​ភូមិ​ដេ​អេ រហូតដល់​ស្នាក់ការ​អភិរក្ស​បរិស្ថាន​។​មជ្ឈដ្ឋាន​អ្នក​ស្រលាញ់​បរិស្ថាន​ថា ការ​ចោល​សំរាម មើលទៅ​ហាក់ដូចជា​រឿង​តូចតាច​។

​ប៉ុន្តែ​ទម្លាប់​នេះ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណេះដឹង​និង​ការទទួលខុសត្រូវ​រប​ស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​។​ទម្លាប់​អាក្រក់​បែបនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ភាពថ្លៃថ្នូរ និង​សោ​ភ័​ណ្ឌ​ភាព​របស់​ប្រទេស​ព្រមទាំង​អាច​ជាន់ពន្លិច​វិស័យ​ទេសចរណ៍​ដែលជា​ប្រភព​ប្រាក់ចំណូល​របស់​ជាតិ​ផងដែរ​។

​ជា​ដំណោះស្រាយ​ការលុបបំបាត់​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​ត្រូវតែមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ហើយ​ត្រូវ​ចាប់ផ្តើម​ពី​បុគ្គល​ម្នាក់ៗ​និង​ពី​គ្រួសារ​តូចៗ​ទៅ​។​ដើម្បី​រួមចំណែក​ផ្លាស់ប្តូរ​ទម្លាប់​មិនសូវ​ល្អ​នៃ​ការ​ចោល​សំរាម គឺ​ដល់ពេល​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ត្រូវ​ចាប់ផ្តើម​គិតគូរ និង​អនុវត្ត​រឿង​តូចតាច​មួយ​នេះ ដើម្បី​សង្គមជាតិ​យើង​។

​អ្នក​ដែល​ត្រូវ អនុវត្តន៍​មុនគេ​គឺ ឪពុកម្តាយ អាណាព្យាបាល ឬ​មនុស្ស​ចាស់ គ្រូបង្រៀន និង​អាជ្ញាធរ​។ ប្រសិនបើ​យើង​អាចអនុវត្ត​បាន​ទាំងអស់គ្នា​នោះ​យើង​នឹង​អាច​លើកកម្ពស់​បរិស្ថាន​និង​អនាម័យ​បាន​ហើយ​ហើយ​ពិត​អាចរួមចំណែក​កសាង​សោភណភាព​របស់​ប្រទេស​យើង​បាន​ទៀតផង​។ “​កុំ​ភ្លេច​ណា​…​សូមកុំ​ចោល​សំរាម​តាម​ដងផ្លូវ​សាធារណៈ​”៕S/​

​”​ខ្ញុំ​ស្អាត​អ្នក​ស្អាត​តំបន់ការពារធម្មជាតិ​និង​ទេសភាព​យើង​គឺ​ស្អាត​ជានិច្ច​”