​ ​ខ្យល់ព្យុះ​បង្ក​អន្តរាយ​ទ្រព្យសម្បត្តិ​និង​បាត់​ខ្លួន​អ្នកនេសាទ​៤​នាក់​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​

552

(​ព្រះសីហនុ​)៖​ខ្យល់ព្យុះ​ឬ​ហៅ​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយនឹង​ទឹកភ្លៀង​ដែល​បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​កោះកុង ត្រូវ​ប៉ើង​ដំបូល ចំណែក​ទូក​នេសាទ​ជាច្រើន​គ្រឿង​បាន​លិច និង​កំពុងតែ​បាត់​ខ្លួន​មនុស្ស​ចំនួន​៤​នាក់​។​

​លោក រស់ កី អធិការ​ស្រុក​ស្ទឹងហាវ​បាន​ឲ្យ​ដឹងថា ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​១៧​ខែ​ក​ក្កថា​ឆ្នាំ​២០១៧​បានធ្វើ​ឲ្យ​ទូក​នេសាទ ជាច្រើន​គ្រឿង​របស់​ប្រជា​នេសាទ​បាន​លិច​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងហាវ ក៏ដូចជា​នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។ ក្នុងនោះ​ប្រជា​នេសាទ​ចំនួន​៤​នាក់​បាន​បាត់​ខ្លួន ដែល​រហូតមក​ទល់នឹង​ថ្ងៃទី​១៨ ខែកក្កដា នេះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

​អាជ្ញាធរ​ខេត្តកោះកុង ដែល​ជាប់​នឹង​ខេត្ត​ព្រះសីហនុ​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា ខ្យល់​កន្ត្រាក់ និង​ភ្លៀង​កាលពី​ថ្ងៃ​ម្សិលមិញ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៦៨​ខ្នង ក្នុងនោះ​មានស្រុក​គិរីសាគរ​របើក​ដំបូលផ្ទះ​ចំនួន​១៥៥​ខ្នង ស្រុក​កោះកុង​របើក​ដំបូលផ្ទះ​អស់​៣​ខ្នង និង​ស្រុក​បុ​ទុម​សាគរ​របើក​អស់​ដំបូលផ្ទះ​ចំនួន​១០​ខ្នង និង​លិច​ទូក​នេសាទ​ចំនួន​២​គ្រឿង​។ រីឯ​ស្រុក​មណ្ឌលសីមា​ក៏មាន​ករណី​រលំ​ដើម​អំពិល​ទឹក​បារាំង​បណ្តាលអោយ​សង្កត់​រថយន្ត​មួយគ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ។​

​ហេតុការណ៍​នេះ​សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ដើម្បី​ជៀសវាង​នូវ​គ្រោះធម្មជាតិ​ជាយថាហេតុ​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ក្បែរ​និង​មាត់សមុទ្រ​និង​បងប្អូន​ប្រជា​នេសាទ​កុំ​ទាន់​ចេញ​នេសាទ​រង់ចាំ​ខ្យល់​ស្ងប់​សិន​។​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ មានកូន​ព្យុះ​មួយ​ឈ្មោះ តា​ឡាស ដែលជា​ព្យុះ​ទី​៤​ប្រចាំឆ្នាំ បានកើត​ឡើង និង​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ កូន​ព្យុះ​តា​ឡាស ក៏​នឹង​ភ្ជាប់​ខ្លួន​ទៅនឹង​ប្រព័ន្ធ​សម្ពាធ​ទាប ហើយ​បន្ត​លាតសន្ធឹង​កាត់​ពីលើ​អាង​ទន្លេមេគង្គ ដែល​វា​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ ពិសេស​ចាប់ពី​១៧ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​រហូតដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧៕S/​ដោយ​៖​ហូ​សាន់​