​«​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​រវាង​ចិន​និង​កម្ពុជា​»​បើកសម្ពោធ​ជា​ផ្លូវការ​

631
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​«​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​រវាង​ចិន​និង​កម្ពុជា​»​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​ចតុមុខ​។​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​លោក​ឡ​ស៊ូ​កាង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​,​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​,​លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​,​សម្តេចព្រះរាម​ព្រះ​នរោត្តម​បុប្ផា​ទេវី​,​លោក​វ៉ាង​វិ​ន​ធាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជ​មានិត​ចិន​ប្រចាំ​កម្ពុជា​និង​លោក​ឯក​សំអុល​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​ចិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​រវាង​កម្ពុ​ជា​និង​ចិន​។

​សូមជម្រាបថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឡ​ស៊ូ​កាង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន​មកកាន់​ព្រះ​ជាណា​ចក្រ​កម្ពុជា តាម​ការអនុញ្ញាត​ពី​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង និង​លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន​ក្នុង​បេស​កក​កម្ម​ប្រកាស​នូវ ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​រវាង​ចិន​និង​កម្ពុជា​។​
​តាមរយៈ​«​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​រវាង​ចិន​និង​កម្ពុជា​»​នេះ​នឹង​បង្កើន​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​ក្នុង​ក្របខណ្ឌ​«​ខ្សែក្រវាត់​និង​វិថី​»​សម្រាប់​ផលប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ ព្រមទាំង​នឹង​ក្លាយជា​ឱកាស​មួយ​សម្រាប់​ទាក់ទាញ​ទេសចរ និង​វិនិយោគិន​ចិន​មក​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​បើក​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​រវាង​កម្ពុ​ជា​និង​ចិន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​អបអរសាទ​រការ​ប្រារព្ធ​ទិវា​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌​ចិន​-​កម្ពុជា​ដំបូង​ដែលមាន​ខ្លឹមសារ​ថា​៖​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ល្អប្រសើរ​និង​មាន​កិច្ចសហប្រតិបត្តិការ​ដ៏​ជិត​សិ្ន​ទ្ធ​ហើយ​កំពុង​រីកចម្រើន​លើ​វិស័យ​នានា​ជាច្រើន​។​

​ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ស្អិតរ​មួ​ត​និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ដ៏​មមាញឹក​គ្រប់​ជាន់ថ្នាក់​ក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ​រួមមាន​កិច្ចប្រជុំ​មេគង្គ​ឡាន​ឆាង​លើក​ទី​២​នៅ​រាជធានី​ភ្នំពេញ​វេទិកា​ទេសចរណ៍​កំពូល​លើកដំបូង​រវាង​កម្ពុជា​-​ចិន​និង​ការរៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ​២០១៨​។​ជាពិសេស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅកាន់​រដ្ឋធានី​ប៉េកាំង​កាលពីពេល​ថ្មីៗ​នេះ​បាន​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​នូវ​ស្មារតី​សាមគ្គីភាព​មិត្តភាព​និង​ភាតរភាព​រវាង​ប្រជាជាតិ​ទាំងពីរ​។​
​ ​
​លោក​ឧបនាយករដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា​៖​ពិតណាស់ថា​ទេសចរណ៍​និង​វប្បធម៌​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតរ​មួ​តរ​ប្រៀបបាន​សរសៃអំបោះ​ដែល​វេញ​ចូលគ្នា​ដែល​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​នូវ​ភាព​ទាក់ទាញ​និង​ភាព​ប្រកួតប្រជែង​សម្រាប់​តំបន់​ទេសចរណ៍​ក៏ដូចជា​សម្រាប់​ប្រទេសជាតិ​។​

ជាក់ស្តែង​វិស័យ​វប្បធម៌​បាន​ដើរតួនាទី​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ដែល​អាច​បង្កើតជា​ភាព​ទោល​សម្រាប់​តំបន់​មួយ​ឬ​ប្រទេសមួយ​នៅក្នុង​ទីផ្សារ​ទេសចរណ៍​ដែល​កំពុងតែ​មានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​។​ជាមួយគ្នានេះដែរ​វិស័យ​ទេសចរណ៍​បាន​បង្កើត​នូវ​ប្រភព​ចំណូល​និង​ធនធាន​ដែល​អាច​គាំទ្រ​និង​ពង្រឹង​ការអភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ក្នុង​វិស័យ​នៃ​ភាព​ច្នៃប្រឌិត​និង​សាកលភាវូបនីយកម្ម​។​

ទេសចរណ៍​និង​វប្បធម៌​ក៏ត្រូវ​បាន​ផ្សារភ្ជាប់​តាមរយៈ​សក្តានុពល​នៃ​កំណើន​នៃ​វិស័យ​ទាំងពីរ​ផងដែរ​ដោយ​ក្នុងនោះ​ទេសចរណ៍វប្បធម៌​គឺជា​ទីផ្សារ​ទេសចរណ៍​ពិភពលោក​ដែលមាន​ទំហំ​ធំជាងគេ​និង​មានការ​កើនឡើង​ខ្លាំងជាងគេ​ហើយ​វប្បធម៌​និង​សិល្បៈ​ច្នៃប្រឌិត​ត្រូវបាន​កំពុង​ប្រើប្រាស់​កាន់តែខ្លាំង​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នីមួយៗ​។​ការប្រើប្រាស់​និង​ការច្នៃប្រឌិត​វប្បធម៌​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នៃ​ទីផ្សារ​ទេសចរណ៍​បាន​កំពុង​ជំរុញ​ឲ្យ​មាន​ភាពសំបូរ​បែប​នៃ​អត្តសញ្ញាណ​ក្នុង​តំបន់​និង​លើកស្ទួយ​រូបភាព​នៃ​គោលដៅ​ទេសចរណ៍​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា​«​ការរៀបចំ​ទិវា​ឆ្នាំ​ទេ​ចរណ៍​និង​វប្បធម៌ ចិន​-​កម្ពុជា​ដំបូង ព្រមជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឡ​ស៊ូ​កាង​មកកាន់​កម្ពុជា​នាពេលនេះ​នឹង​រួមចំណែក​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ចំណង​ជា​បងប្អូន​និង​ពង្រីក​វិសាលភាព​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ក្នុង​ក្របខណ្ឌ​«​ខ្សែ​ក្រ​វ៉ាត​និង​វិថី​»​ដើម្បី​បំរើ​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​និង​ទេសចរណ៍​រវាង​ប្រជាជាតិ​ពីរ​ក្នុងនាម​ជា​អារ្យ​ប្រទេស​ដែលមាន​វប្បធម៌​ដ៏​ចំណាស់​យូរលង់​និង​ឧត្តុង្គឧត្តម​និង​ជា​អ្នកជិតខាង​ល្អ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​»​។​

​ទន្ទឹមនឹងនេះ​«​ការរៀបចំ​ទិវា​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌​ចិន​-​កម្ពុជា​ដំបូង​នេះ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​បន្ថែមទៀត​ក្នុង​ស្រូប​ទាញ​នូវ​កំណើន​ភ្ញៀវទេសចរ​និង​វិនិយោគិន​ចិន​មក​ទស្សនា​និង​បណ្តាក់ទុន​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

ខណៈដែល​ភ្ញៀវ​ចិន​បាន​ក្លាយជា​ប្រភព​ទីផ្សារ​ទេសចរណ៍​ឈានមុខ​គេ​ប្រកបដោយ​ថាមភាព​សម្រាប់​ពិភពលោក​ក៏​ដូច​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​នៅពេល​បច្ចុប្បន្ន​និង​អនាគត​ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌​នៅ​កម្ពុជា​ទាំង​បរិមាណ​និង​គុណភាព​និង​សូម​គាំទ្រ​ឲ្យ​មានការ​រៀបចំ​ទិវា​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌​ចិន​-​កម្ពុជា​លើក​ទី​២​នា​ឆ្នាំ​២០២០​ខាងមុខ​បន្តទៀត​»​។​

លោក​ឡ​ស៊ូ​កាង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន​បាន​អាន​សារលិខិត​ស្វាគមន៍​និង​អបអរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី លី ខឺ​ឈាំ​ង ដែលមាន​អត្ថន័យ​ថា​៖«​មិត្ត​ភាពជា​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​និង​វប្បធម៌​ត្រចះត្រចង់​មកហើយ​។​ប្រទេស​ទាំងពីរ​ជា​ប្រទេសជិតខាង​ល្អ មិត្ត​ល្អ​ដៃគូ​ល្អ​និង​បងប្អូន​ល្អ​។​ចិន​និង​កម្ពុជា​។​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​បានបង្ហាញ​ពី​ទិដ្ឋភាព​យ៉ាង​រស់​រវើក​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន​ចិន​និង​កម្ពុជា​កាលពី​ជាង​១​ពាន់​ឆ្នាំមុន​»​។​
​ ​
​លោក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍​បាន​លើកឡើងថា​៖​ប្រទេស​ចិន​និង​កម្ពុជា​បាន​ចាត់​យក​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​ជា​ឱកាសល្អ​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​វិស័យ​វប្បធម៌ ពង្រីក​ការប្រាស្រ័យ​ទាក់ទង ជំរុញ​ការយោគយល់​និង​រៀនសូត្រ​ពីគ្នា​ក្នុង​ផ្នែក​អារ្យធម៌​។​ផ្សារភ្ជាប់​ដួងចិត្ត​ប្រជាជន​ទាំងពីរ​ជាមួយគ្នា រក្សា​ពូន​ជ្រុំ​ឬ​សគល់​មនោសញ្ចេតនា មិត្តភាព​នៃ​ប្រជាជន​និង​សង្គម​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង រឹងមាំ​ដើម្បី​កសាង​សហគមន៍​វាសនា​រួម​ដែលមាន​អត្ថន័យ​ជា​យុទ្ធសាស្ត្រ​រវាង​ចិន និងកម្ពុជា​។​
​ ​
​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ផ្លែង​ថា​៖​ការរៀបចំ​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​រវាង​កម្ពុ​ជា​និង​ចិន​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​វប្បធម៌ និង​បង្ហាញ​ពី​សារៈសំខាន់ និង​តួនាទី​ដ៏​ចំបង​នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ក្នុងការ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហការ​ប្រតិបត្តិកា​រ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង ចិន​-​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​ថែមទៀត​។​

​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺជា​ការអនុវត្ត​ជាក់ស្តែង​នូវ​សេចក្តីសម្រេច​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​កាលពីពេល​ថ្មីៗ​នេះ ដែល​បានកំណត់​យក​ឆ្នាំ​២០១៩ ជា “​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ ចិន​-​កម្ពុជា​” និង​ជាការ​ចូលរួមចំណែក​យ៉ាងសកម្ម​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ “​ខ្សែក្រវ៉ាត់ និង​វិថី​” ផងដែរ​។​
​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖​កាលពី​ឆ្នាំ​២០១៨ កន្លងមក កម្ពុ​ចា​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦.២ លាន​នាក់​ក្នុង​កំណើន ១១​ភាគរយ ក្នុងនោះ​ទេសចរ​ចិន​ប្រមាណ ២ លាន​នាក់ ក្នុង​កំណើន ៧០​ភាគរយ​។

ទេសចរ​ចិន​មក​កម្ពុជា​ស្ថិតក្នុង​លំដាប់​លេខ​១ ទាំង​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ក្នុងចំណោម​ទីផ្សារ​ធំៗ​ទាំង​១០ ហើយ​រំពឹងថា​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​ចិន​ប្រមាណ ៣ លាន​នាក់ ហើយនឹង​កើន​ដល់ ៥ លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ ៨ លាន​នាក់​នៅ​ឆ្នាំ​២០៣០​។ ដោយឡែក​ចំពោះ​តំបន់​អាស៊ាន​កាលពី​ឆ្នាំ​២០១៨​កន្លងមក ទទួលបាន​ទេសចរ​ចិន​ប្រមាណ ២៩ លាន​នាក់ ខណៈ​ចិន​ទទួលបាន​ទេសចរ ប្រមាណ ២២ លាន​នាក់ ពី​ប្រ​ទស​អាស៊ាន ។​

​លោក​ថោង​ខុន​បាន​គូសបញ្ជាក់ថា​៖​លំហូរ​ចូល​នៃ​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា​ដែល​កើន​ឡើងជា​បន្តបន្ទាប់​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​បង្កើត​ការងារ​បង្កើត​នូវ​ប្រភព​នៃ​ប្រាក់ចំណូល​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​កម្ពុជា​និង​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុងនោះ​រួមចំណែក​ដល់​ការកើនឡើង​នូវ​សមត្ថភាព​ដឹកជញ្ជូន​ផ្លូវអាកាស ពិសេស​ការតភ្ជាប់​ការហោះហើរ​រវាង​ប្រទេស​ទាំងពីរ​។​

​ចំណែក​លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​មានប្រសាសន៍ថា​៖​ការសម្តែង​សិល្បៈ​រួមគ្នា​រវាង​សិល្បករ​សិល្បការិនី​កម្ពុជា​និង​ចិន​ដើម្បី​អបអរ​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការពង្រឹង​ទំនាក់ទំនង ចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​លើកកម្ពស់​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។​កន្លងមក​ភាគី​ទាំងពីរ​បានរៀបចំ​សកម្មភាព​វប្បធម៌ សិល្បៈ ជាច្រើន​ដើម្បី​អបអរ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​វ៉ាង​វិ​ន​ធាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​ចិន​កម្ពុជា​ប្រើប្រាស់​ពេល​មិន​ដល់​មួយខែ​ឡើយ​ចាប់តាំងពី​ការផ្តួចផ្តើម​គំនិត​រហូត​ប្រែក្លាយជា​ការពិត​។​នេះ​មិន​ត្រឹមតែ​បង្ហាញឱ្យឃើញ​ច្បាស់​ពី​ការតាំង​ចិត្ត​របស់​ថ្នាក់ដឹកនាំ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រទេស​ទាំងពីរ​ក្នុង​កិច្ចការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំងពីរ​នោះទេ​តែ​ថែមទាំង​បង្ហាញឱ្យឃើញ​ពី​សក្តានុពល​ដ៏​ខ្លាំងក្លា​ដែល​បង្កប់​រួចជាស្រេច​ក្នុង​វិស័យ​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំងពីរ​។​

​ក្នុងអំឡុងពេល​ទិវា​ទេសចរណ៍វប្បធម៌​នេះ​ផា​គី​ទាំងពីរ​នឹង​ជំរុញឱ្យមាន​សកម្មភាព​ជាច្រើន​ដូចជា​៖​វេទិកា​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ការប្រកួត​បាល់​ទាត់​មិត្តភាព​ទិវា​ម្ហូបអាហារ​ចិន​ការប្រកួត​គំនិត​ច្នៃប្រឌិត​ថ្មី​លើ​វិស័យ​សារពត៌មាន ។​ល​។ ៕S/

ចំណងជើង​រូ​បថ​តៈ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង​និង​លោក​ឡ​ស៊ូ​កាង​រដ្ឋមន្ត្រី​ទេសចរណ៍វប្បធម៌​ចិន​អញ្ជើញ​បើក​ទិវា​«​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​រវាង​ចិន​និង​កម្ពុជា​»​កាលពី​ល្ងាច​ថ្ងៃទី​៣០ មករា នៅ​មហោស្រព​ចតុមុខ​(​រូប សុផល​)