​​ឈើ​កាប់​ថ្មីៗ​ដាក់លក់​អត់​កោតក្រែង​ចំពោះ​ច្បាប់​បន្តិច​ណា​សោះ​

914
ចែករម្លែក
  • 24
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ប្រភេទ​ឈើ​ចម្រុះ​រាប់រយ​ម៉ែត្រគូប​ត្រូវបាន​ក្រុម​ឈ្មួញ​កាប់​ដឹកជញ្ជូន យកមក​ស្តុក​ទុក​ខាងក្រោយ​ស្នាក់ការ​បរិស្ថាន​ដាក់លក់​យ៉ាង​អនាធិបតេយ្យ​។ឈើនោះស្ថិតនៅត្រង់​​ចំណុច​អូរ​ពោធិ៍ ក្នុង​ឃុំរ​ម្មណី​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​ឈើ​នេះ​គេ​សង្ស័យថា​សមត្ថកិច្ច​ជំនាញ​នៅ​ទីនោះ​មានកា​ឃុបឃិត​គ្នា​ទើប​មិនមាន​ការត្រួតពិនិត្យ​និង​បង្ក្រាប​។​

​លើសពីនោះ​គឺ​ប្រជាពលរដ្ឋ​កំពុងតែធ្វើកា​រ​ងឿងឆ្ងល់​និង​រិះគន់​ទៅលើ​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ​នៅ​ស្នាក់ការ​អូរ​ពោធិ៍​ខណៈ​គេ​ឃើញ​គំនរ​ឈើ​តូចធំ​ចម្រុះ​រាប់រយ​ម៉ែត្រគូប​នៅ​ខាងក្រោយ​ស្នាក់ការ​របស់​បរិស្ថាន​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់ការ​សមត្ថកិច្ច​ជំនាញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​បានឱ្យដឹងថា​ឈើ​ដែល​កំពុងតែ​កាប់បំផ្លាញ​នោះ​គឺមាន​ឈ្មួញ​ម្នាក់​ដែល​បំផុស​ពលរដ្ឋ​កាប់​ចេញពី​ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ដោយ​រដ្ឋ​។​ប្រភព​ដដែល​បាន​បន្តទៀតថា​ឈ្មួញ​កំពុងតែបន្ត​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​ដោយ​យក​លេស​ជ្រក​ក្រោម​ស្លាក ក្រុមហ៊ុន សុវណ្ណ​ភូមិ​។ តាម​ការពិត​នៅ​លើដី​របស់​ក្រុមហ៊ុន​មួយ​នេះ មិនមាន​ឈើ​នៅ​សេសសល់​ច្រើន​នោះទេ ពីព្រោះ​ធ្វើការ​សម្អាត​និង​ដាំ​ដុះ​ដើម​កៅស៊ូ​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ច្រើន​នាក់​បានឱ្យដឹងថា អុស​ស្ទែរ​ទាំងនេះ ជា​ប្រភេទ​ឈើ​ចម្រុះ ដែល​គេ​បាន​កាប់​ដឹក​ចេញពី​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​ដោយ​រដ្ឋ​មួយចំនួន​ផ្សេងទៀត ដែល​គ្រប់គ្រង​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​។​

ពួកគាត់​បានលើកឡើង​ថា ក្នុង​មួយថ្ងៃៗ គេ​ឃើញ​មាន​គោយន្ត រាប់សិប​គ្រឿង បាន​ដឹក​ដើមឈើ​គ្រប់​ប្រភេទ​មក​អារ​អង្កន់​ធ្វើជា​អុស​ស្ទែរ​ដាក់តាំង​លក់​។​គឺ ស្ថិត​ខាងក្រោយ​ស្នាក់ការ​បរិស្ថាន​នៅ​ចំណុច​អូរ​ពោធិ៍ ក្នុង​ឃុំរ​ម្មណី ស្រុក​រវៀង ខេត្តព្រះវិហារ​ហើយ​មិនដែល​ឃើញ​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ទប់ស្កាត់ ឬ បង្ក្រាប​ឡើយ​។

ករណីនេះ​ត្រូវបាន​គេ​រិះគន់ និង​សង្ស័យថា សមត្ថកិច្ច​ជំនាញ​បាន​បើកដៃ និង​ឃុបឃិត​ទទួល​ប្រាក់​ពី​អ្នក​កាប់​អុស​ទាំងនោះ​។​ពួកគាត់​បន្តថា អុស​ស្ទែរ​ដែលមាន​មុខកាត់​ចាប់ពី ២​តឹក ដល់​៤​តឹក និង មាន​បណ្តោយ​ប្រវែង​ប្រមាណ ១ ម៉ែត្រ​ឡើងទៅ ។

​ដែល​ក្នុង​មួយកន្លែងៗ មាន​រហូតដល់​រាប់រយ​ម៉ែត្រគូប​នោះ​ត្រូវបាន​ក្រុម​ឈ្មួញ​យកមក​តំរៀប​ដាក់លក់​និង​មាន​រថយន្ត​ធំៗ​ចេញចូល​ដឹក​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​រំភើយ​ដោយ​មិន​ខ្លាចក្រែង​និង​មិនឃើញ​មា​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើការ​បង្ក្រាប​នោះឡើយ​។​

​ទាក់ទិន​បញ្ហា​កាប់​ឈើ​ធ្វើ​អុស​លក់​បែប​អនាធិបតេយ្យ​នេះ​សារព័ត៌មាន​រស្មី​កម្ពុជា​មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ​។​សារព័ត៌មាន​យើង​រង់ចាំ​ការបកស្រាយ​ពី​សា្ថ​ប័ន​ពាក់ព័ន្ធ​ដើម្បី​ផ្សាយ​ជូន​នា​លេខ​ក្រោយ​៕S/​