​​ទស្សនៈ ៖ បូម​ខ្សាច់​ធ្វើឱ្យ​បាក់​ដី​ច្រាំងទន្លេ​ខ្មោច​រត់​មែន​ទេ ?

3545
ចែករម្លែក
  • 52
    Shares

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​បាក់​ដី​ច្រាំងទន្លេ នៃ​វត្ត​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ស្តីបន្ទោស​ក្រុម​ឈ្មួញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថា គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ បូម​ខ្សាច់​មិនចេះ​គិត​រហូត​បាក់​ច្រាំង ធ្វើឱ្យ​បងប្អូន​សាច់ញាតិ​សែង​ក្តា​ម្ឈូស​រត់​យ៉ាង​ប្រសេចប្រសាច ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​និង​ថាមពល​វិញ​ថា​នេះ​មិនមែន​បាក់​ដោយសារ​បញ្ហា​ជំ​រេល​ទេ​តែ​ដោយ​សម្ពាធ​ទឹក​ហូរ​ច្រោះ​ចេញពី​ដីខ្សាច់​ចាក់​ថ្មី ។

​រហូតមកទល់​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​នេះ​ស្ថានភាព​បាក់​ដី​ច្រាំងទន្លេ​នេះ​មិនទាន់បាន​ធូរស្បើយ​នៅឡើយ​ទេ ។ ប៉ុន្តែ​ទាំង​អាជ្ញាធរ​ខណ្ឌ អាជ្ញាធរ​ភូមិ​សង្កាត់ រួមជាមួយ​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ចេង​មុនី​រ៉ា​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​នឹង​កំពុង​រួមគ្នា​រិះរក​គ្រប់​វិធី ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​បាក់​ច្រាំង​បន្តទៀត ។​

​ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​បាក់​ច្រាំងទន្លេ​មេគង្គ​នេះ​បាននាំគ្នា​បន្ទោស​សកម្មភាព​បូម​ខ្សាច់​ដាក់​ក្នុង​សា​ឡង់​ធំៗ ជា​យូរ​មកហើយ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​បាក់​ស្រុក​នេះ​។​កាលពី​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០១៨​ម្ចាស់​ចេតិយ៍​ដែល​ប្រឈម​នឹង​រលំ​ធ្លាក់​ចូលទៅក្នុង​ទឹកទន្លេ​បាន​ជួល​កម្មករ​គាស់​សែង​យក​ក្តារ​មឈូស​ចេញពី​ក្នុង​ចេតិយ៍​របស់​ពួកគេ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​ជម្លៀស​យក​សព​សាច់ញាតិ​របស់ខ្លួន​ឲ្យ​រួច​ផុតពី​គ្រោះមហន្តរាយ​ដោយសារ​មនុស្ស​នេះ​។​

​ពេល​ឃើញ​សកម្មភាព​គាស់​យក​មឈូស​សព​ចេញពី​ចេតិយ៍​យ៉ាង​តក់ក្រហល់​បែបនេះ ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​បាក់​ស្រុតដី បាន​សម្តែង​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស មន្ត្រី​មកពី​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ពួកគេ​ចោទថា ខ្វះ​ការប្រុងប្រយ័ត្ន មិន​គិតគូរ​ពី​ផលប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ដោយ​គិតតែ​ពី​ផលប្រយោជន៍​បក្ខពួក​ខ្លួន ដែល​រកស៊ី​កាក់កប​នឹង​របរ​បូម​ខ្សាច់​លក់​ឲ្យ​ទាយ​ទុន​ដើម្បី​យកទៅ​ចាក់​បំពេញ​ពង្រីក​ការកាន់កាប់​ដីឯកជន​។​

​ករណី​បាក់​ច្រាំងទន្លេ​មេគង្គ​ដោយសារ​សកម្មភាព​បូម​ខ្សាច់​នៅ​បាតទន្លេ​នេះ មិនមែនជា​ករណី​ថ្មី​ទេ ព្រោះ​កន្លងមក​ប្រជាពលរដ្ឋ បាននាំគ្នា​តវ៉ា​ជា​ហូរហែ​ដែរ ។ ប៉ុន្តែ​មិនអាច​រារាំង​អ្នកមានអំណាច និង​ថៅកែ​បូម​ខ្សាច់​បានឡើយ ដូច្នេះហើយ​ទើប​បណ្តាល​ឲ្យ​កើតមាន​ការបាក់​ច្រាំងទន្លេ​ជា​បន្តបន្ទាប់ ។​ព្រម​គ្នា​នេះដែរ​គេ​មិនសូវ​ឃើញ​មាន​ដំណោះស្រាយ​អ្វី​សមរម្យ​ឡើយ​ដោយ​អាជ្ញាធរ​តែងតែ​ឆ្លើយ​ដោះសា​រថា មូលហេតុ​បាតុភូតធម្មជាតិ​ទៅវិញ​។​

​លោកស្រី​យន់​សុផល​ចៅសង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​បាន​បញ្ជាក់ថា​ការបាក់​ស្រុតដី​ច្រាំងទន្លេ​មេគង្គ​នេះ​មាន​២​កន្លែង​ដែល​កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​បាក់​នៅ​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ មាន​ប្រវែង​ចំនួន​២០​ម៉ែត្រ ។​

ចំណែក​ការបាក់​មួយកន្លែង​ទៀត នៅ​ខាងក្រោយ​វត្ត​ក្តី​តា​កុយ កាលពី​ថ្ងៃទី​២០​ខែតុលា​ដែល​លោកស្រី​ថា​បណ្ដាលមកពី​ចរន្តទឹក​ហូរ​ហើយ​សើម​ច្រោះ​នៅ​ដី​ផ្នែក​ខាងក្រោម​ដែលជា​ប្រភេទ​ដី​ល្បាយ​ព្រះចៅអធិការ​វត្ត​បាន​បូម​ខ្សាច់​ដាក់​កាលពី​២​ឆ្នាំមុន​រីឯ​ចេ​តី​យ៍​ទាំង​៣​នេះ ត្រូវបាន​សាងសង់​នៅ​កៀក​មាត់ច្រាំង​ទន្លេ​ពេក​។

​ចំណែក​មន្ត្រីជាន់ខ្ពស់​ម​ក​ពី​ក្រសួង​រ៉ែ​និង​ថាមពល​វិញ​បាន​បដិសេធថា​ករណី​បាក់​ច្រាំងទន្លេ​បំផ្លាញ​ដល់​ចេតិយ៍​ទាំង​៣​នេះ មិនមែន​បណ្តាលមកពី​សកម្មភាព​បូម​ខ្សាច់​នៅ​បាតទន្លេ​មេគង្គ​ឡើយ ដោយ​លើក​ហេតុផល​ថា ការដ្ឋាន​បូម​ខ្សាច់​ស្ថិតនៅ​ចំងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​កន្លែង​បាក់ស្រុត​។

លោក​បាន​បន្ទោស​ទឹកភ្លៀង​ជោគជាំ​នា​យប់​កន្លងមក បាន​ជ្រាបចូល​ទៅក្នុង​ដីខ្សាច់​ចាក់​ថ្មី និង​បាន​ហូរ​ច្រោះ​ទៅក្នុង​ទន្លេ ទើប​ធ្វើ​ឲ្យ​ដី​មាត់ច្រាំង​មាន​ភាព​ទន់ជ្រាយ ស្របពេល​ទឹករលក និង​ទឹកទន្លេ​ស្រក​លឿន​ផង​នោះ ទើប​បណ្តាល​ឲ្យ​មាន​ករណី​បាក់​ច្រាំងទន្លេ​នេះ​តែម្តង​។​

​ការបកស្រាយ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន និង​ការឆ្លើយ​ដោះសារ​ពី​មន្ត្រី​មកពី​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ដាក់​កំហុស​មកលើ​បាតុភូតធម្មជាតិ មិន​ទទួល​បានការ​សាទរ​ពី​ប្រជាពលរដ្ឋ​ឡើយ ផ្ទុយទៅវិញ ពួកគេ​បន្ត​បន្ទោស​ថា​គឺ​បង្កឡើង​ពី​សកម្មភាព​បូម​ខ្សាច់​ដោយ​ខ្វះ​ការគិតគូរ​ពី​ផលប៉ះពាល់​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ប្រប​តាម​ច្រាំង​ទន្លេមេគង្គ​៕S/​