​ ​បុរស​ម្នាក់​ខឹង​ប្រពន្ធ​ទិញ​សាំង​២​លីត្រ​យកមក​ដុត​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​

606

​(​ភ្នំពេញ​)៖​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មួយ​បាន​កើតឡើង​ទាំង​ព្រឹក បន្ទាប់ពី​មាន​បុរស​ម្នាក់​ជា​សន្តិសុខ​យាម​របស់​ក្រុមហ៊ុន APA យាម​នៅ​ឃ្លាំង​មួយកន្លែង​បាន​តូចចិត្ត​ខឹង​នឹង​ប្រពន្ធ​របស់ខ្លួន​ក៏​ទិញ​សាំង​ចំនួន​២​លីត្រ​មកចាក់​លើ​ខ្លួន​រួច​ដុត​បណ្តាល​ឲ្យ​ឆាបឆេះ​ពេញ​ខ្លួនប្រាណ បណ្តាល​រងរបួស​ធ្ងន់​រលេះរលួយ​ពេញ​ខ្លួន ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះជួល​ប្រជាពលរដ្ឋ​មួយកន្លែង​ជាន់​ទី​៣ ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ចិត្ត​ភ្លើង​មានឈ្មោះ រី លីដា អាយុ​៣២​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន APA ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​មក​យាម​នៅ​ចំណុចឃ្លាំង​កើតហេតុ​ខាងលើ ដោយ​បុរស​ខាងលើនេះ បាន​សារភាពថា ខ្លួន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ថែមទៀត​ផង​។

បើតាម​ប្រភពព័ត៌មាន​ពី​អ៊ំស្រី​ម្នាក់ ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ផ្ទាល់ និង​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ជា​សន្តិសុខ​ខាងលើ ស្ថិតក្នុង​សភាព​ប្លែកៗ បាន​ដើរទៅ​ទិញ​សាំង​ពី​កា​រ៉ា​ស់​មួយកន្លែង​ចំនួន​២​លីត្រ​។​

​ពេល​ទិញ​ហើយ​នោះ​ស្រាប់តែ​បុរស​រូបនេះ​បាន​យក​សាំង​ឡើងទៅ​លើផ្ទះ​ជួល​ជាន់​ទី​៣​មកចាក់​ស្រោច​លើ​ខ្លួន​រួច​ដុត​បណ្តាល​ឲ្យ​ឆេះ​រោល​ពេញ​ខ្លួន​តែ​សំណាងល្អ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នាំគ្នា​ជួយសង្គ្រោះ​ដោយ​យក​បុរស​ខាងលើ​មក​ខាងក្រោម​រួច​ដាក់​ទឹក​ត្រាំ​ទឹកកក​សង្គ្រោះ​បឋម​ទម្រាំ​រថយន្ត​សង្គ្រោះ​មក​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។
គួរបញ្ជាក់​បន្ថែមថា បុរស​ខាងលើនេះ​គ្រាន់តែ​រងរបួស​ធ្ងន់​តែប៉ុណ្ណោះ មិន​បណ្តាល​ឲ្យ​ស្លាប់​នោះទេ​៕S/​ដោយៈ​សាវ​រក្ស​