​​ប្រមុខ​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ហុង​គ្រី​និង​ចូលរួម​សន្និសីទ​កំពូល CICA លើក​ទី ៥

894
ចែករម្លែក

.កម្ពុជានិងហុងគ្រីនឹងចុះអនុស្សរណៈនិងកិច្ចព្រមព្រៀងចំនួន៣ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោហ៊ុនសែន

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅវេលាម៉ោង ៧:៤០ នាទីព្រឹកថ្ងៃទី ១៣ ខែ មិថុនានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី​និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី៥ ស្តីពី​“​ អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​”នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន ​ពីថ្ងៃ​ទី១៣-១៥ ខែមិថុនា ឆ្នាំ​២០១៩ ។ ​តប​តាម​ការអញ្ជើញ​របស់លោក វី​កទ័រ អ័​របា​ន (Vikto Orbán)​នាយករដ្ឋមន្ត្រី​ហុង​គ្រី​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង លោក អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន​(Emomali Rahmon)​ប្រធានាធិបតី​នៃសាធារណរដ្ឋ​តាជី​គី​ស្ថាន ។

នេះអាចចាត់ទុកថាជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តថ្មីមួយបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឡើងវិញ ដោយសារថា ប្រទេសហុងគ្រីជា​ប្រទេសមួយដែលស្ថិតនៅក្នុងប្រទេសសហគមន៍អឺរ៉ុបដែលអាចផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា ។

តាមពិតប្រទេសហុងគ្រីធ្លាប់មានទំនាក់ទំនងល្អជាមួយកម្ពុជាតាំងពីយូរមកហើយ ពិសេសបន្ទាប់ពីរបបប្រល័យពូជសាសន៍ ប្រទេសហុងគ្រីដែលស្ថិតនៅក្នុង ប្រទេសអឺរ៉ុបខាងកើត ដែលបានជួយកម្ពុជាយ៉ាងច្រើន ។

យន្តហោះពិសេសដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងហោះហើររយៈពេល​១១ ម៉ោងទើបចុះចតនៅប្រទេសហុងគ្រី ។ នៅក្នុងប្រទេសហុងគ្រី សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញ​ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីហុងគ្រី និងពិធីជប់លៀងផ្លូវការ។បន្ទាប់មកនៅថ្ងៃទី១៤ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញជួប​សម្ដែងការគួរសមជាមួយលោកប្រធានាធិបតីហុងគ្រី និង ប្រធានសភាហុងគ្រី ។

បើយោងតាមលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបាន​ឲ្យដឹងថាៈក្រោយជំនួបចរចា ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារចំនួន​៣​ដែលក្នុងនោះរួមមាន ១. អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាង​ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាជាមួយ ក្រសួងពាណិជ្ជកម្មនិងការបរទេសរបស់​ហុងគ្រី ។ ទី២.អនុស្សរណៈស្តីពីការផ្លាស់ប្តូរវិស័យអប់រំរវាងក្រសួងអប់រំកម្ពុជាជាមួយក្រសួងធនធានមនុស្សនៃប្រទេសហុងគ្រីនិង ទី៣. កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ​វិស័យ​​សេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប្រទេសហុងគ្រី ។

បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី ពី​ឆ្នាំ២០១៨​ដល់ ២០២០ (5th CICA Summit) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ​​ សាធារណរដ្ឋ​តាជី​គីស្ថាន​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩​ ។ ​
​ ​
​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​ ដ៏​សំខាន់​មួយ​ដោយ​ផ្តោតលើ​បញ្ហា​គន្លឹះ​ជាច្រើន​ដែលជា​ការ​ប្រឈមរួម​របស់​តំបន់​អាស៊ី​និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា​អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និងនយោបាយ​តាមរយៈ​ការពង្រឹងជំនឿ​ទំនុកចិត្ត​និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA ។​

ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន ប្រធានាធិបតី​តាជីគីស្ថាន​និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ចំនួន​ដែល​អញ្ជើញ​មកពី​ប្រទេស​សមាជិក​ផ្សេងទៀត​ដូចជាលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ,ប្រធាធិបតីកៀកស៊ីស្ថាន,ប្រធានាធិបតីកាហ្សាក់ស្ថាន ដែលបានឆ្លើយតបរួច​ហើយ និងមានមួយចំនួនទៀតដែលយើងមិនទាន់បានឆ្លើយ តបដោយសារបញ្ហា​ពេលវេលា ។

CICA គឺជា​វេទិកា​ពហុភាគី​ដែលមាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួនក្នុង​វិស័យ​មួយចំនួន​ដូចជា​សន្តិភាព សន្តិសុខនិងស្ថិរភាព​នៅ​អាស៊ីនិង​ពិភពលោក​ទាំងមូល ។ បច្ចុប្បន្ន​សន្និសីទ​នេះ​មាន​សមាជិក​អចិ​ន្រៃ្ត​យ៍​ចំនួន២៧ប្រទេស ហើយកម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១ ។​

ប្រតិភូ​អមដំណើរ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម​និង​សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត ។
​ ​
​តាម​កម្មវិធី​គ្រោងទុក​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​មកដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី១៦ ខែមិថុនា២០១៩ ៕Ha