ចែករម្លែក

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​សំណាក​ផូស៊ីល​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ​ត្រូវបាន​អ្នកជំនាញ​រកឃើញ​នៅ​ចំណុច​ភ្នំ​ពីរ​ស្ថិតនៅ​ឃុំ​ស្រែ​ហ៊ុយ​ស្រុក​កោះ​ញែក​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​កាលពីពេល​ថ្មីៗ​នេះ​។​

“ផូស៊ីល​”ទាំងនោះ​ត្រូវបាន​អ្នកជំនាញ​វាយតម្លៃ​ជំ​ហ៊ាន​ដំបូង​ថា​មាន​អាយុកាល​រាប់​សិន​លាន​ឆ្នាំ​មកហើយ​។​ដោយ​កត្តា​នេះ​អាច​បង្ហាញ​យ៉ាងច្បាស់​ដែរ​ថា​ខេត្តមណ្ឌលគិរី​ដែលជា​តំបន់ភ្នំ​ពី​អតីតកាល​ច្រើន​លាន​ឆ្នាំមុន​គឺជា​ផ្ទៃ​លំហរ​សមុទ្រ ។

​លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានឱ្យដឹង​នៅ​ថ្ងៃទី​២៩ មេសា ២០១៩​ថា “​ផូស៊ីល​”​ដែល​បាន​រកឃើញ​គឺជា​ប្រភេទ​សត្វ​សមុទ្រ​មានដូចជា​ខ្យង​មឹក​លៀស​គ្រុំ​និង​សា​រ៉ា​យ​សមុទ្រ​ជាដើម​មាន​ខ្លះ​នៅលើ​ដី​និង​ខ្លះទៀត​នៅក្នុង​ថ្ម​។​

លោក​បន្តថា​”​ផូស៊ីល​”​ដែល​បាន​រកឃើញ​គឺធ្វើឡើង​ដោយ​អ្នកជំនាញ​មកពី​នាយកដ្ឋាន​បេតិកភណ្ឌ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​នឹង​ពុំទាន់​បានធ្វើ​កំណាយ​ទៅក្នុង​ដី​នៅឡើយ​ទេ​។​ដោយ​គ្រាន់តែ​សិក្សា​អំពី​”​ផូស៊ីល​”​នៅ​ដី​ប៉ុណ្ណោះ​ហើយ​នៅពេល​ខាងមុខ​នឹងមាន​ការធ្វើ​កំណាយ​ទៅលើ​តំបន់​ដែលមាន​”​ផូស៊ីលៗ​ទាំងនោះ​យ៉ាងច្បាស់​លាស់​ដែលមាន​មន្ត្រី​មកពី​គ្រប់​ជំនាញ​ស្ថាប័ន​ចូលរួម ។

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បន្ថែមថា​តាម​ការពិនិត្យ​និង​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​របស់​អ្នកជំនាញ​មកពី​នាយកដ្ឋាន​បេតិកភណ្ឌ​ក្រ​សង​បរិស្ថាន​វាយតម្លៃ​”​ផូស៊ីល​”​សត្វ​ស​មុ​ទ្យ​ទាំងនេះ​មាន​អាយុកាល​ប្រហែល​៦៥​លាន​ឆ្នាំ​មកហើយ ។ (​មាន​សម្ភាសន៍​ជាង​១​នាទី​)

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​បច្ចុប្បន្ន​ផូស៊ីល​ត្រូវបាន​រក្សាទុក​ទីតាំង​ដដែល​ដោយ​មន្ត្រី​ជំនាញ​បាន​យក​សំណាក​ខ្លះទៅ​ពិសោធន៍​ដើម្បី​កំណត់​អត្តសញ្ញាណ​”​ផូស៊ីល​”​ទាំងនោះ​ឱ្យបាន​ច្បាស់​ជាង​នេះហើយ​សម្រាប់​ខេត្តមណ្ឌលគិរី​នៅមាន​សំណាក​”​ផូស៊ីល​”​ជាច្រើន​កន្លែង​ទៀត ។​

​សូម​បញ្ជាក់ដែរថា​”​ផូស៊ីល​”​គឺជា​សំណល់​ឬ​ស្លាកស្នាម​នៃ​រុក្ខជាតិ​និង​សត្វ​ដែល​កប់​ក្នុង​សិលា​កម្ទេចកំណ ។​”​ផូស៊ីល​”​ភាគច្រើន​គឺជា​សត្វ​រស់នៅក្នុង​បាតសមុទ្រ​”​ផូស៊ីល​”​ផ្តល់ព័ត៌មាន​អំពី​ទម្រង់​ជីវិត​សម័យ​ដើម និង​របៀប​រស់នៅ​រប​ស់​ពួកវា ៕S/​