​«​ផេះផង់​ធូលី​» ​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ចែម ហ៊ីង ៖ អ្នកបើកបរ​

158
ចែករម្លែក
ចែម ហ៊ីង មុនពេល​រៀបការ​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​
ប៊ុត លី ជា​ប្រពន្ធ​របស់ ឈិ​ម ហី​ង បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖
​ ​នៅពេលដែល​ខ្ញុំ​នៅ​តូច ខ្ញុំ​មិនដែល​មានឱកាស​បាន​ចូលរៀន​ឡើយ​។ ប៉ុន្តែ​ប្អូនៗ​របស់ខ្ញុំ​បាន​ចូលរៀន​។ ខ្ញុំ​នៅផ្ទះ​ហើយ​ជួយ​ធ្វើស្រែ​ឪពុកម្ដាយ​របស់ខ្ញុំ​។ ខ្ញុំ​ក៏​ជា​អ្នក​មើលថែ​ឪពុកម្ដាយ​ដែលមាន​សុខភាព​មិនសូវ​រឹងមាំ​ដែរ​។


​ ​ប្ដី​របស់ខ្ញុំ​ឈ្មោះ ចែម ហ៊ីង មាន​ស្រុកកំណើត​នៅក្នុង​ខេត្តកណ្ដាល​។ ថ្ងៃមួយ​គាត់​បាន​ទៅលេង​មីង​របស់គាត់​នៅ​ក្នុងភូមិ​របស់ខ្ញុំ ហើយ​មីង​របស់គាត់​បាន​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​សុំ​ខ្ញុំ​រៀបការ​។ យើង​បាន​ក្លាយជា​គូ​ដណ្ដឹង​ហើយ​បានសម្រេច​ចិត្ត​រៀបការ​នៅ​ឆ្នាំក្រោយ​។ ដំបូង​ប្ដី​របស់ខ្ញុំ​ជា​អ្នក​ឡើងត្នោត ប៉ុន្តែ​ក្រោយមក គាត់​បានសម្រេច​ចិត្ត​ធ្វើជា​អ្នកបើកបរ​។ គាត់​បាន​ជួល​ឡាន​ពី​គេ ហើយ​គាត់​ត្រូវ​បង់ថ្លៃ​ឈ្នួល​ឲ្យ​គេ​ចំនួន​ប្រហែលជា​៥០០​រៀល​ក្នុង​មួយខែ​។ កន្លែង​ដែល​គាត់​បើក​ទៅ​ដូចជា តាខ្មៅ​។ ទោះបីយ៉ាងណា​ខ្ញុំ​មិនដែល​បាន​ដំណើរ​ជាមួយ​គាត់​ទៅ​ផ្លូវ​ឆ្ងាយ​ទេ​។ ប្ដី​របស់ខ្ញុំ​តែង​ក្រោក​ទៅធ្វើ​ការ​ពេលព្រឹក និង​ត្រឡប់មកវិញ​នៅពេល​យប់ ហើយ​បាន​បន្តការងារ​ដោយ​ឡើងត្នោត រកត្រី និង​ធ្វើស្រែ ។​ ​


​ ​ហ៊ីង គឺជា​កូនប្រុស​ច្បង​នៅក្នុង​គ្រួសារ ហើយ​គាត់​ត្រូវ​មើលថែ​ប្អូនៗ​ចំនួន​៩​នាក់​ទៀត​។ ដូច្នេះ​យើង​តែងមាន​បញ្ហា​រឿង​ប្រាក់​កាក់​។ គាត់​មិនដែល​ខឹង និង​មិនដែល​ឈ្លោះប្រកែក​ជាមួយ​ខ្ញុំ ឬ​គ្រួសារ​គាត់​ឡើយ​។ នៅក្នុង​របប លន់ នល់ គ្រាប់បែក​ជាច្រើន​បាន​ទម្លាក់​នៅក្នុង​ភូមិ​របស់​ពួកយើង ហើយ​មានគ្រួសារ​ជាច្រើន​បានសម្រេច​ចិត្ត​ចាក​ចេញពី​ភូមិ​បណ្តោះអាសន្ន​ដោយ​ទៅ​រស់នៅ​ទី​រួម​ខេត្ត​ដែល​នៅ​ជិត​ទីក្រុង​ភ្នំពេញ​។ នៅពេលដែល​គ្រាប់បែក​ចាប់ផ្ដើម​ទម្លាក់​ចំពេល​រដូវ​ដែល​ចាប់ផ្ដើម​ប្រមូល​ផល គ្រួសារ​របស់​យើង​បាន​លូន​ចូលមក​ក្នុងភូមិ​ដើម្បី​ប្រមូលយក​ស្រូវ​។ អ្នកភូមិ​មួយចំនួន​ក៏បាន​ព្យាយាម​ប្រមូលយក​អង្ករ​ដែល​ទម្លាក់​ពីលើ​យន្តហោះ​ប៉ុន្តែ​វា​ក៏​មិន​ងាយស្រួល​នោះទេ​ព្រោះ​យន្តហោះ​ទម្លាក់​អង្ករ​នៅ​ឆ្ងាយ​ពី​ភូមិ​ក្បែរ​អាកាសយានដ្ឋាន​ពោធិ៍ចិនតុង​ដែល​ប្រជាជន​ប្រជាជន​រស់​នៅក្បែរនោះ​ប្រមូលបាន​អង្ករ​យ៉ាងច្រើន​។ ក្រោយពេល​សភាពការណ៍​មាន​ភាពស្ងប់ស្ងាត់​បន្តិច យើង​បាន​ត្រឡប់​ទៅ​ភូមិ​របស់​យើង​វិញ​ដើម្បី​ជីក​ក្ដាម និង​រក​ឧស​ទុក​ដុត​។


​ ​នៅក្នុង​ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​បានចាប់ផ្ដើម​បណ្ដេញ​ពួកយើង​ចេញពីផ្ទះ​។ ខ្ញុំ​ពិតជា​មិនដឹងថា​ពួកគេ​ធ្វើ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ដឹងថា​ខ្ញុំ​ភ័យខ្លាច​ខ្លាំងណាស់ ដូច្នេះ យើង​បាន​ធ្វើតាម​បញ្ជា​របស់​ពួកគេ​។ យើង​ដាំបាយហូប​នៅតាម​ផ្លូវ ហើយ​យើង​ចាប់ផ្ដើម​ធ្វើដំណើរ​ទៅ​ខេត្តកណ្ដាល​។ នៅពេលដែល​យើង​ទៅដល់ យើង​មិន​មានផ្ទះ​សម្រាក​នោះទេ ដូច្នេះ​យើង​បាន​យក​ធាងត្នោត​មក​ដាក់​គងលើគ្នា​ប្រក់​ធ្វើជា​ដំបូល​នៃ​កូនខ្ទម​តូច​មួយ​។ ដោយសារ​យើង​ជា​ប្រជាជន​ថ្មី យើង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​រស់នៅ​ជាមួយ​ប្រជាជន​មូលដ្ឋាន​ទេ​។


​ ​ខ្ញុំ​ជា​អ្នកធ្វើ​អង្ករ ចំណែក​ប្ដី​របស់ខ្ញុំ​កាប់​ដើមត្នោត និង​ច្រៀក​ឈើ​។ យើង​មានតែ​សម្លម្ជូរ​ត្រកួន និង​សម្ល​ដើម​ចេក​សម្រាប់​ហូប​ប៉ុណ្ណោះ ទោះបីជា​យើង​ហត់នឿយ​ធ្វើការ​ពេញ​មួយថ្ងៃ​ក៏ដោយ​។ ខ្ញុំ​មិនដឹងថា​ប្រជាជន​មូលដ្ឋាន​ហូប​អ្វី​ទេ ប៉ុន្តែ​យ៉ាងហោចណាស់​ពួកគេ​មាន​ពោតក្រហម ហើយ​យោធា​ខ្មែរក្រហម​មាន​បាយ​សម្រាប់​ហូប​។​


​ ​ខ្ញុំ​គិតថា​សាច់ញាតិ​ប្ដី​របស់ខ្ញុំ បាន​នាំ​ប្តី​របស់ខ្ញុំ​យកទៅ​សម្លាប់​។ ពូ​ប្ដី​របស់​ប្តី​ខ្ញុំ​គឺជា​យោធា​ខ្មែរក្រហម និង​ជា​ប្រជាជន​មូលដ្ឋាន​។ នៅ​យប់​មួយ ពូ​របស់​ប្តី​ខ្ញុំ​បានមក​ផ្ទះ​របស់ខ្ញុំ​ហើយ​បាន​ប្រាប់​ប្ដី​របស់ខ្ញុំ​ថា មិនបាច់​ទៅ​កាប់​ឈើ​ទៀត​ទេ​នៅ​ថ្ងៃស្អែក​។ ប៉ុន្តែ​ត្រូវ​ទៅ​ទន្លេបាទី​ជំនួស​វិញ​។ ប្ដី​របស់ខ្ញុំ​មានការ​បារម្ភ​ពី​រឿងនេះ​បន្តិច​។ គាត់​បាន​និយាយថា ពូ​! ខ្ញុំ​ដឹងថា​ពូ​នាំ​ខ្ញុំ​មក​ឆ្ងាយ​ដើម្បី​យកទៅ​សម្លាប់​។ ដូច្នេះ​ពូ​មិនបាច់​ប្រាប់​ខ្ញុំ​ថា​នាំ​ខ្ញុំ​ទៅ​កន្លែង​ណា​ផ្សេង​ទេ​។ ឪពុកម្ដាយ​របស់​ប្តី​ខ្ញុំ​បាន​យល់សប្តិ​ថា ប្រសិនបើ​ប្ដី​របស់ខ្ញុំ​ត្រូវបាន​គេ​នាំយកទៅ​នៅពេល​ព្រឹក ឬ​ពេល​ល្ងាច គាត់​នឹង​ត្រូវបាន​គេ​យកទៅ​សម្លាប់ ប៉ុន្តែ​បើ​គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​នៅពេល​រសៀល​គាត់​នឹងមិន​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នោះទេ​។ ពូ​របស់​ប្តី​ខ្ញុំ​បាន​ហៅ​ប្តី​របស់ខ្ញុំ​ទៅ​នៅ​ពេលយប់ ប៉ុន្តែ​ប្ដី​របស់ខ្ញុំ​បាន​បដិសេធ ប្តី​របស់ខ្ញុំ​ថា​នឹង​ទៅ​ពេលព្រឹក​។


​ ​ហ៊ីង បាន​និយាយ​ទៅកាន់​ពូ​របស់គាត់​ថា «​ពូ​នាំ​ខ្ញុំ​ទៅ​សម្លាប់ ពូ​មិនបាច់​និយាយ​កុហក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​យក​ខ្ញុំ​ទៅធ្វើ​ការ​ទេ​»​។ នៅវេលា​ម៉ោង​៨​ព្រឹក​បន្ទាប់ ប្ដី​របស់ខ្ញុំ​ត្រូវបាន​ចងខ្សែ​ហើយ​បណ្ដើរ​ចេញទៅ​ជាមួយ​អ្នកភូមិ​ពីរ​នាក់​ផ្សេងទៀត​។ មិនមាន​អ្នកណាម្នាក់​នៅក្នុង​ភូមិ​មាន​សេចក្ដីក្លាហាន​សូម្បីតែ​ក្រឡេកមើល​។ ខ្ញុំ​មិនបាន​ដឹង​រឿងនេះ​ទេ រហូតដល់​ពីរ​ថ្ងៃ​បន្ទាប់​ព្រោះ​ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅធ្វើ​អង្ករ​។ ខ្ញុំ​គិតថា​ប្ដី​របស់ខ្ញុំ​ត្រូវបាន​សម្លាប់​នៅ​គុក​ស្អាង​។ ស្ត្រី​ម្នាក់​ឈ្មោះ ត្រប់ ជា​អ្នកស្រុក​ជាមួយ​ប្ដី​របស់ខ្ញុំ​ក៏​ធ្លាប់​ជាប់គុក​នៅ​ទីនោះ​ដែរ​។ ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ធ្លាប់​មានបំណង​រត់គេច​ពី​គុក​ស្អាង ហើយ​បាន​បបួល ហ៊ីង រត់​ទៅជា​មួយ​។ ប្ដី​របស់ខ្ញុំ​និយាយថារ​ត់ទៅ​មិនកើត​ទេ ព្រោះ​ដៃ​ទាំងពីរ​និង​ជើង​របស់គាត់​ជាប់​ខ្នោះ​។ គាត់​ដឹងថា​គាត់​នឹង​ស្លាប់​នៅក្នុង​គុក ឬ​ស្លាប់​ដោយ​ការរត់​គេចខ្លួន​។​


​ ​បន្ទាប់ពី ហ៊ីង បាត់​ខ្លួន​អង្គការ​បាន​ហៅ​ខ្ញុំ​ទៅ​អប់រំ​។ ពួកគេ​បាន​បញ្ជា​ខ្ញុំ​ឲ្យ​ជីករណ្ដៅ​ហើយ​កប់​ខ្លួនឯង​ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​អង្ករ​បាន​តាម​ចំនួន​កំណត់​របស់​អង្គការ​។ ខ្ញុំ​បាន​សួរ​ពួកគេ​ថា តើ​ខ្ញុំ​បានធ្វើ​អ្វី​ខុស​? ពួកគេ​បាន​ឆ្លើយតប​មក​ខ្ញុំ​វិញ​ថា​ខ្ញុំ​បាន​ប្រឆាំង​ជាមួយ​អង្គការ​។ ខ្ញុំ​បាន​ប្រាប់​គេ​ថា ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ចំពោះ​អង្គការ​នោះទេ ហើយ​ពិតជា​អាក្រក់​ខ្លាំងណាស់​ដែល​អង្គការ​ក​ប់​ខ្ញុំ​។ ខ្ញុំ​ក៏បាន​និយាយ​ដែរ​ថា ពួកគេ​ធ្លាប់បាន​នាំ​ប្ដី​ខ្ញុំ​យកទៅ​សម្លាប់​។ ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវបានធ្វើ​ទារុណកម្ម​ម្ដងទៀត​?
​ ​កូន​របស់ខ្ញុំ​ទាំងពីរ​ត្រូវបាន​សម្លាប់ នៅពេលដែល​អង្គការ​បញ្ជា​ប្រជាជន​ឲ្យ​ជីក​លេណដ្ឋាន​នៅ​ជុំវិញ​វត្ត​មួយ​។ ភ្លាមៗ​នោះ​កូន​របស់ខ្ញុំ​ត្រូវបាន​ស្លាប់​ដោយសារ​គ្រាប់បែក​បាន​ផ្ទុះឡើង​។ វា​ដូចជា​សម្ដី​ប្ដី​របស់ខ្ញុំ​បាន​និយាយថា អាច​ហ្នឹង​ស្លាប់​ដោយ​ការធ្វើការងារ ឬ​ការ​ប្រឆាំងនឹង​អង្គការ​។


​ ​ម្ដាយក្មេក​របស់ខ្ញុំ​បាន​លាក់​រូបថត​ប្ដី​របស់ខ្ញុំ​នៅក្នុង​ប្រអប់​ដាក់​ស្លា​នៅក្នុង​របប​នោះ​។ ខ្ញុំ​បានបង្ហាញ​រូបថត​គាត់​ទៅ​កូនៗ​របស់ខ្ញុំ​ដូច្នេះ​ពួកវា​អាច​នៅចាំ​មុខ​ឪពុក​របស់គេ​។​កូនៗ​របស់ខ្ញុំ​ធ្លាប់​ទៅ​ទាយ ហើយ​គ្រូទាយ​បាន​ប្រាប់ថា ឪពុក​របស់​ពួកគេ​នៅមាន​ជីវិត​រស់​ហើយ​និង​ត្រឡប់មកផ្ទះ​នៅក្នុង​ខែធ្នូ​។​ខ្ញុំ​បាន​ទន្ទឹងរង់ចាំ​គាត់​ជា​រៀងរាល់​ខែធ្នូ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​។ ខ្ញុំ​ក៏បាន​រក​គ្រូ​ជាន់អារក្ស ហើយ​គ្រូ​នោះបាន​ជាន់​រូបថត​ប្ដី​របស់ខ្ញុំ ដោយ​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ជួប​មុខ​គាត់​ដោយផ្ទាល់​នៅ​ថ្ងៃ​ណាមួយ ក៏ប៉ុន្តែ​ខ្ញុំ​បាន​ត្រឹម​ស្រមៃ​ឃើញ​គាត់​អង្គុយ ជើង​ជាប់ច្រវាក់​ប៉ុណ្ណោះ​។ បច្ចុប្បន្ននេះ​នៅពេលដែល​ខ្ញុំ​មើល​រូបថត​របស់គាត់ ខ្ញុំ​បានឃើញ​វា​ចាប់ផ្ដើម​បាត់បង់​ពណ៌​បន្តិច​ម្ដងៗ​។ ខ្ញុំ​អត់​មាន​អារម្មណ៍​គិត​អំពី​គាត់​នឹង​ត្រឡប់មក​វិញទៀត​ទេ ព្រោះ​ខ្ញុំ​ដឹងថា​គាត់​បាន​បាត់បង់​ជីវិត​ទៅហើយ​៕សរន​