​​ពលរដ្ឋ​កោះកុង​១.៥០០​នាក់មក​ទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​

1020
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​បន្ទាប់ពី​រដ្ឋបាលរ​ខេត្តកោះកុង​បើកទ្វារ​ដំណើរការ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ​ជិត​២​ខែ​មកនេះ​មាន​ក្រុម​ពលរដ្ឋ​និង​អាជីវករ​រស់នៅ​ទូទាំង​ខេត្ត​ជាង​១.៥០០​នាក់​បានមក​ទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ប្រភេទ​គំរូ​ថ្មី​ពណ៌​ទឹកប៊ិច​។​

​ប្រជាពលរដ្ឋ​ប្រមាណ​១.៥០០​នាក់​ដែល​កំពុង​រស់នៅក្នុង​ខេត្តកោះកុង​បានទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​គំរូ​ថ្មី​ឬ​ហៅ​ម្យ៉ាង​ថា​”BorderPass”​ពី​មន្ត្រី​ការិយាល័យ​ច្រកចេញ​តែមួយ​របស់​រដ្ឋបាលខេត្ត​កោះកុង​ដោយ​ដំណើរ​ការផ្តល់សេវា​ចាប់​ពីថ្ងៃ​ទី​១៥​មិថុនា​មកនេះ​។​

​លោក​ហេង​ចាន់ថន​ប្រធាន​អង្គភាព​ច្រកចេញ​តែមួយ​ខេត្តកោះកុង​បានឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៨​កញ្ញា​ថា​តួលេខ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​ពណ៌​ទឹកប៊ិច​នៅពេលនេះ​កើន​ឡើងជា​បន្តបន្ទាប់​បើ​ធៀប​នឹង​ការ​មិនទាន់មាន​ការិយាល័យ​និង​កែសម្រួល​គោលការណ៍​ផ្សេងៗ​កាលពី​ឆ្នាំ​កន្លងទៅ​។​

លោក ចាន់ថន ប្រធាន​អង្គភាព​ច្រកចេញ​តែមួយ​ខេត្តកោះកុង ពន្យល់ថា ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ មាន​សុពលភាព​ប្រើប្រាស់​ចំនួន​២​ឆ្នាំ សម្រាប់​ពលរដ្ឋ​ចង់​ឆ្លងដែន​ទៅមក​ខេត្ត​ត្រាត ប្រទេស​ថៃ​។ ប្រសិនបើ​ហួស​សុពលភាព​ប្រជាពលរដ្ឋ​និង​អាជីវករ​អាចមក​ដាក់​ពាក្យស្នើសុំ​តាម​លក្ខខណ្ឌ​តម្លៃ​ចំនួន​២​ម៉ឺន​រៀល ដោយ​រយៈពេល​៥​ថ្ងៃ​អាច​ទទួលបាន​ប័ណ្ណ​ថ្មី​រាល់​ម៉ោង​បម្រើ​ការងារ​ប្រចាំថ្ងៃ​។​

​ទោះ​បែបនេះ​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកោះកុង​ក៏​ទទួលស្គាល់​ពី​ភាពខ្វះ​ចន្លោះ​ការងារ​ដែរ​ថា ការផ្សព្វផ្សាយ​យល់ដឹង​អំពី​សេវាកម្ម​របស់​អង្គភាព​ដែល​នឹងត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​អាជីវករ ពុំទាន់​បាន​ទូលំទូលាយ​ល្អ​រួមផ្សំ​ខ្វះ​មន្ត្រី​បម្រើ​ការងារ​តាម​ជំនាញ​ទៀតផង​។​ត្បិត​កន្លងទៅ​ក្រុមការងារ​លោក​បង្កើន​ការផ្សព្វផ្សាយ​បណ្តាញ​សង្គម​និង​តាមរយៈ​មន្ត្រី​ស្រុក​ឃុំ​យ៉ាងណាក្តី​។​

​ពាក់ព័ន្ធ​នឹង​ការងារ​សេវា​ផ្តល់​លិខិតអនុញ្ញាត​ទៅតាម​តារាង​កំណត់​គឺមាន​វិស័យ​ចំនួន​៤​ធំៗ​ដែល​ពលរដ្ឋ​និង​អាជីវករ​មាន​តម្រូវការ​ច្រើនជាងគេ​ក្នុងចំណោម​វិស័យ​ចំនួន​១២​រួមមាន​៖​វិស័យ​ដែនដី​វិស័យ​បរិស្ថាន​វិស័យ​ការងារ​និង​វិស័យ​ថាមពល​។

​រីឯ​លោក​ឡេង​ចាន់ណា​រិ​ទ្ធិ​និង​អ្នកស្រី​សេត​សុខ​កញ្ញា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​ដែល​មក​ទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការធ្វើឱ្យ​ទំនើបកម្ម​នូវ​ប័ណ្ណ​ព្រំដែន​គំរូ​ថ្មី​និង​ឆាប់រហ័ស​ទាន់ពេលវេលា​។

​បើតាម​ពលរដ្ឋ​បច្ចុប្បន្ន​ពួកគាត់​ពុំ​សូវ​មាន​ថវិកា​ច្រើន​ធ្វើលិខិត​ឆ្លងដែន​ទេ​គឺ​មានតែ​ប័ណ្ណ​ព្រំដែន​នេះហើយ​ដែល​អាចជួយ​សម្រួលការ​ចំណាយ​និង​ផ្តល់​ងាយស្រួល​ចេញ​ចូលទៅ​ប្រទេស​ថៃ​ដើម្បី​រកស៊ី​ជួញដូរ​ទំនិញ​ព្យាបាល​ជំងឺ​ផ្សេងៗ​ក៏ដូចជា​ទេសចរ​ដើរលេង​កម្សាន្ត​។​

អាជ្ញាធរ​ខេត្តកោះកុង​កាលពី​ពាក់កណ្តាល​ខែមិថុនា​ឆ្នាំ​២០១៨​កន្លងទៅ​បានធ្វើ​ដំណើរ​ទៅ​កាន់តែ​ខេត្ត​ត្រាត​ប្រទេស​ថៃ​ដើម្បី​ផ្សព្វផ្សាយ​និង​បង្ហាញ​ពី​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ដល់​ក្រុម​អាជ្ញាធ​ថៃ​មុននឹង​ដំណើរ​ការចេញ​ប័ណ្ណ​ព្រំដែន​គំរូ​ប្រភេទ​ថ្មី​ពណ៌​ទឹកប៊ិច​ជូន​ពលរដ្ឋ​ប្រើប្រាស់​។​

​ដោយឡែក​ភាគី​អាជ្ញាធរ​ថៃ​ក៏​ឯកភាព​ទទួលស្គាល់​ប័ណ្ណ​ព្រំដែន​គំរូ​ថ្មី​របស់​កម្ពុជា​ផងដែរ​សម្រាប់​ជា​អត្ត​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែបន្ទាត់​ខេត្ត​ជាប់​ព្រំដែន​៕S/