​ ​មន្ត្រី​ប៉ូលីស​ពីរ​នាក់​ជិះ​ម៉ូតូ​ឈប់​ភ្លើងស្តុប​ត្រូវ​រថយន្ត​បើក​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

294

(​ភ្នំពេញ​)៖​មន្ត្រីនគរបាល​នៅ​អង្គភាព​តម្រួត​បទបញ្ជា​ក្រសួងមហាផ្ទៃ​បាន​ជិះ​ម៉ូតូ​ឈប់​ត្រង់​ភ្លើងស្តុប​ត្រូវ​រថយន្ត​ធំ​បើក​បុក​ហើយ​កិន​អូស​ច្រើន​ម៉ែត្រ​បណ្តាល​ឱ្យស្លាប់​ឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ស្ថិតនៅ​ចំណុច​ភ្លើងស្តុប​ទំនប់​កប់​ស្រូវ កែង​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រលប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ ចំណុះ​៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3765 ដឹក​កន្ទក់​ពេញ​រថយន្ត បើកបរ​ដោយ​ឈ្មោះ ចាន់ អេង​ស្រ៊ា​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​ចំណែក​ម៉ូតូ​រងគ្រោះ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-7949 ជិះ​គ្នា​២​នាក់​បើកបរ​ដោយ អនុ​សេនីយ៍ ហង្ស សុធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រីនគរបាល​តម្រួត​បទបញ្ជា ស្លាប់​ភ្លាមៗ​នៅ​កន្លែង ។​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ​រងរបួស​ធ្ងន់​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់ បើក​តាមផ្លូវ​ទំនប់​កប់​ស្រូវ ពី​ជើង​ទៅ​ត្បូង​។​លុះដល់​ភ្លើងស្តុប​ក៏​ឈប់​រង់ចាំ ស្រាប់តែ​រថយន្ត​បង្ក​បើក​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា បើក​បុក​និង​កិន​ពីក្រោយ​ម៉ូតូ​រួច​អូស​ជាច្រើន​ម៉ែត្រ​។​

​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ដឹក​កន្ទក់​ពី​ខេត្តកំពង់ចាម យកទៅដាក់​នៅ​រោងចក្រ​ចំណី​សត្វ ស្រុក​អង្គស្នួល ។​រថយន្ត​ខាងលើ មក​តាមផ្លូវ​ខូច​ហ្វ្រាំង​ម្តង​រួចហើយ ឈប់​ជួសជុល​តាមផ្លូវ រួច​ទើប​បន្តដំណើរ​មកទៀត​។​លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​ហ្វ្រាំង​មិន​ស៊ី​ជាន់​មិន​ជាប់ ជួប​បញ្ហា​នេះ​តែម្តង​។

ក្រោយ​កើតហេតុ សាកសព​ត្រូវបាន​រថយន្ត​អង្គភាព ដឹក​យកទៅ​តម្កល់ទុក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​រួមទាំង​អ្នកបើកបរ​រថយន្ត​ផង ត្រូវបាន​នគរបាល​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ​៕S/​ដោយ​៖​ហូ​សាន់​

​មន្ត្រី​ប៉ូលីស​ពីរ​នាក់​ជិះ​ម៉ូតូ​ឈប់​ភ្លើងស្តុប​ត្រូវ​រថយន្ត​បើក​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​(រូប៖វ៉េបសាយ)