​​មេ​យោធា​ចេញ​បញ្ជា​កម្លាំង​អន្តរាគមន៍​ទៅ​គោលដៅ​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​

240
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​មេបញ្ជាការ​យោធា​បាន​បញ្ជា​ដល់​កងឯកភាព​ចំណុះ​ចល័ត​កម្លាំង​អន្តរាគមន៍​ទៅកាន់​តំបន់​និង​គោលដៅ​មួយចំនួន​ដែល​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ដើម្បី​ធានា​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពីរ​នៅ​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៤១ បានចេញ​បទបញ្ជា ជាបន្ទាន់​មួយ​ដល់​គ្រប់​បណ្តា​កងឯកភាព​ចំណុះ​ធ្វើការ​ចល័ត​កម្លាំង​អន្តរាគមន៍ ទៅកាន់​តំបន់ និង​គោលដៅ​មួយចំនួន​ដែល​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​ដើម្បី​ធានា​ក្នុងការ​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់ពេលវេលា ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ខណៈ​នេះ​លោក​មេបញ្ជាការ​បញ្ជា​ឱ្យ​អង្គភាព​បញ្ចេញ​រថយន្ត​សង្គ្រោះ​ចំនួន​៣​គ្រឿង​រួមជាមួយ​សម្ភារៈ​ឧបករណ៍ ដែល​បម្រើឱ្យ​ការជួយ​សង្គ្រោះ មួយចំនួនធំ​ទៀត​។​

​គួររំលឹកថា​នៅ​ថ្ងៃ​ដដែល​នេះ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​ជន់​លិច​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​ស្រឡៅ​ស្រោង​ទៅ​ភូមិ​គោក​សំព័រ​ឃុំ​លំ​ទង​ប្រាំពីរ​កន្លែង​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ​។​ហូរ​ផ្តាច់​ផ្លូវ​ដាក់លូ​មួយកន្លែង​ត្រង់​អូរ​សុ​ភី​ប្រវែង​១០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ថ្នល់​ដាច់​ឃុំ​លំ​ទង​ស្រុក​អន្លង់វែង​។​បច្ចុប្បន្ន​ផ្លូវ​មួយ​ខ្សែ​នេះ​មិនអាច​ធ្វើចរាចរ​បានទេ​អាជ្ញាធរ​កំពុង​គិត​គួរ​ជួសជុល​ឡើងវិញ​៕S/​

#