​”​សមាគម​ពាណិជ្ជកម្ម​សាកល​ជី​ង​ភរ​មាន​វត្ត​មាននៅ​កម្ពុជា​”​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​

564
ចែករម្លែក
  • 4
    Shares

ដោយ​៖​សុផល​/​ភ្នំពេញ​៖​មិន​ធ្លាប់មាន​ពីមុនមក​ទេ​ឥឡូវនេះ​«​សមាគម​ពាណិជ្ជកម្ម​សាកល​ជី​ង​ភរ​កម្ពុជា​» បាន​មាន​វត្ត​មាននៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ដើម្បី​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​។​

សមាគម​ចិន​នេះ បាន​ត្រូវ​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយមាន​វត្តមាន​ភ្ញៀវកិត្តិយស​ជនជាតិ​ជី​ង​ភរ​នៅ​កម្ពុជា ចិន អាមេរិក មី​យ៉ាន់​ម៉ា ឥណ្ឌា ថៃ និង​សាំង​ហ្គា​ពួរ​ជាដើម ព្រមទាំង​អ្នកជំនួញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម បាន​អញ្ជើញ​ប​ចូលរួម​ក្នុង​ពិធី​នេះ​។​

​លោក តុង ឡឹ ឆឹង ប្រធាន​សមាគម​ពាណិជ្ជកម្ម​សាកល​ជី​ង​ភរ​បាន​មានប្រសាសន៍ថា “​សមាគម​ពាណិជ្ជកម្ម​សាកល​ជី​ង​ភរ​កម្ពុជា​”​គឺជា​សមាគម​ដែល​បាន​បង្កើតឡើង​ដោយ​ផ្តោត​សំខាន់​សម្រាប់​ជនជាតិ​ជី​ង​ភរ​ដោយ​ទទួលបាន​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​បាន​បញ្ជាក់ថា​គោលបំណង​នៃ​ការបង្កើត​សមាគម​នេះ​គឺ​ដើម្បី​ពង្រឹង​កិច្ចទំនាក់ទំនង​និង​សហការ​សាមគ្គីភាព​របស់​ជនជាតិ​ជី​ង​ភរ​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ជំរុញ​ដល់​ទំនាក់ទំនង​វប្បធម៌ និង​កិច្ចការ​ពាណិជ្ជកម្ម​រវាង​ជនជាតិ​ជី​ង​ភរ និង​ជនជាតិ​ដទៃទៀត​ជុំវិញ​ពិភពលោក​។

សមាគម​នេះ​ដឹក​នាំឱ្យ​ជនជាតិ​ជី​ង​ភរ​បង្កើត​នូវ​ចំណងមិត្តភាព​ល្អប្រសើរ​ជាមួយ​អ្នកវិនិយោគទុន​អន្តរជាតិ​និង​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កម្ពុ​ជា​និង​កសាង​ស្ពាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​។​
​នេះ​គឺជា​អង្គភាព​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​មិនមែន​រដ្ឋាភិបាល​ដំបូង​គេ​ដែល​រៀបចំ​ដោយ​ជនជាតិ​ជី​ង​ភរ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្ដរជាតិ​។​គោលការណ៍​ចម្បង​នៃ​ការបង្កើត​និង​ដំណើរការ​របស់​សមាគម​គឺ​ដើម្បី​ប្រមូលផ្តុំ​គំនិត ពង្រឹង​កិច្ចទំនាក់ទំនង បង្កើន​ការសហការ និង​ជំរុញ​ដល់​ការអភិវឌ្ឍន៍​។​

​លោក​តុង បានឱ្យដឹងថា​ជនជាតិ​ជី​ង​ភរ​គឺជា​ប្រជាជាតិ​ដែលមាន​ប្រវត្តិសាស្ត្រ​យូរអង្វែង និង​មាន​ភាសា និង​អក្សរ​ផ្ទាល់ខ្លួន ពួកគេ​មាន​ដើមកំណើត​នៅ​ផ្នែក​ខាងត្បូង​នៃ​តំបន់​ខ្ពង់រាប​ឈី​ង​ហៃ – ទី​បេ​នៅ​ចិន​ដែលមាន​ជនជាតិ​ទាំង​ប្រាំមួយ “​ជី​ង​ភរ​” “​ចាយ​វ៉ា​” “​ឡឺ​ឆឺ​” “​ឡាំង​អឺ​” “​ប៉ូ​ឡា​” និង “​លី​ស៊ូ​” ។

​ជនជាតិ​ជី​ង​ភរ​នៅ​ទូទាំង​ពិភពលោក​មាន​ជាង​២​លាន​នាក់​ភាគច្រើន​ប្រមូលផ្តុំ​នៅក្នុង​ប្រទេស​ចិន​យូ​ណាន​តឺ​ហុង ប្រទេស​មី​យ៉ាន់​ម៉ា និង​ឥណ្ឌា និង​មាន​មួយចំនួន​តូច​ទៀត​នៅ​ដូចជា​ទ្វីបអឺរ៉ុប អាមេរិក​និង​ប្រទេស​ដទៃទៀត​នៅ​អាស៊ីអាគ្នេយ៍​។ អត្តសញ្ញាណ​របស់​ជន​ជាតិ​គឺមាន​ភាពក្លាហាន​រឹងមាំ ភាពស្វិតស្វាញ ឧស្សាហ៍​ព្យាយាម និង​ការតាំង​ចិត្ត ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំជាងគេ​របស់​ជនជាតិ​គឺជា “​ពិធី​រាំច្រៀង មូ​ណាវ​” ដែលមាន​អ្នកចូលរួម​ជាតិ​មួយ​ម៉ឺន​នាក់​។​

​លោក​ប្រធាន​សមាគម បាន​លើកឡើងថា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មានការ​រីកចំរើន​យ៉ាង​ឆាប់រហ័ស គោលនយោបាយ​លើកទឹកចិត្ត​លើ​ការវិនិយោគ​ដ៏​បើកចំហរ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន​មកពី​ទូទាំង​ពិភពលោក​។​ហេតុ​ដូច្នេះហើយ​ការបង្កើតឡើង​នៃ​សមាគម​ពាណិជ្ជកម្ម​សាកល​ជី​ង​ភរ​កម្ពុជា​នឹង​ជួយ​ជំរុញ​សហគ្រាស​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ង​ភិ​វឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។​

​ក្នុង​ពិធី​សម្ពោធ​នេះ​មានការ​ចាក់ផ្សាយ​នូវ​វីដេអូ​ខ្លី​ដែល​បង្ហាញ​ពី​ដំណើរ​ធ្វើ​ចំណាកស្រុក​របស់​បុព្វបុរស​ជី​ង​ភរ ភាពក្លាហាន ការតាំង​ចិត្ត និង​សាមគ្គីភាព​របស់​ជនជាតិ​ជី​ង​ភរ​និង​បើកសម្ពោធ​ផ្លាក “​ការបង្កើត​សមាគម​ពាណិជ្ជកម្ម​សាកល​ជី​ង​ភរ​កម្ពុជា និង​មហាសន្និបាត​សម័យប្រជុំ​អាណត្តិ​ទី​១” ការតែងតាំង​សមាជិក​អាណត្តិ​ទី​១​នៃ​សមាគម​ពាណិជ្ជកម្ម​និង​ពិភាក្សា​ចំពោះ​ផែនការអភិវឌ្ឍន៍​នា​ថ្ងៃ​អនាគត​ការ​ជា​ផ្លូវការ​ក្រោម​បទ​ភ្លេង​របស់​ជនជាតិ​ជី​ង​ភរ​៕S/

ចំណងជើង​រូបថត​៖​សមាគម​ពាណិជ្ជកម្ម​សាកល​ជី​ង​ភរ​កម្ពុជា​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ភ្នំពេញ​ដើម្បី​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​(​រូបៈ​សុផល​)