​“​អ៊ុយ​គុយទាវ​” លក់​សិទ្ធិ​អាជីវកម្ម​លើកដំបូង​ដល់​អ្នកជំនួញ​ជនជាតិ​កម្ពុជា​

112
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​:“​អ៊ុយ​គុយទាវ​”​ដែលជា​យីហោ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាល់​មិន​គ្រុប​បាន​ចែកចាយ​សិទ្ធិ​ប្រកប​អាជីវកម្ម​(Franchise)​របស់​ខ្លូន​ជា​លើកដំបូង​ទៅដល់​អ្នកជំនួញ​ជនជាតិ​កម្ពុជា​។​ក្នុងពេល​ដំណាលគ្នា​នេះ “​អ៊ុយ​គុយទាវ​” បានទទួល​វិញ្ញាបនបត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” ។​

​ពិធី​ប្រគល់​វិញ្ញាបនបត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព​“​គុយទាវ​ភ្នំពេញ​”​និង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​នាយក​ប្រតិ​ប​ត្ដិ​របស់ អ៊ុយ​គុយទាវ គឺ​លោ​កមេ​ចុងភៅ លូ ម៉េង និង​លោក សេង សុខ​ណា ដែលជា​អ្នកជំនួញ​ជនជាតិ​កម្ពុ​ជា បាន​ត្រូវធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ភោជនីយដ្ឋាន​យី​សាង​សាខា​ទួលគោក ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​លោក លូ ម៉េង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Almond Group និង​ក៏​ជា​នាយក​ប្រតិ​ប​ត្ដិ​របស់ អ៊ុយ​គុយទាវ បាន​មានប្រសាសន៍ថា​៖​អ៊ុយ​គុយទាវ​ជា​យីហោ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាល់​មិន​គ្រុប​បាន​ចែកចាយ​សិទ្ធិ​ប្រកប​អាជីវកម្ម​របស់​ខ្លូន​ជា​លើកដំបូង​ទៅ​អ្នកជំនួញ​ជនជាតិ​កម្ពុ​ជា​។​ពិធី​ចុះហត្ថលេខា​ដែល​យើង​កំពុង​ធ្វើជា​សាក្សី​នៅថ្ងៃនេះ​អ៊ុយ​គុយទាវ​មាន​មោទនភាព​ជាខ្លាំង​ជា​ម៉ាក​យីហោ​របស់​ខ្មែរ​ដែល​ដំណើរការ​ដោយ​អាល់​ម៉ុ​ន​គ្រុប​។​

​លោក​បាន​បន្ត​ឱ្យដឹងថា​៖​សាខា​ទីមួយ​និង​ជា​ហាន​ដំបូង​របស់​ភោជនីយដ្ឋាន​អ៊ុយ​គុយទាវ​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៥​នៅ​កម្ពុជា​ក្រោម​។​បន្ទាប់មក​សាខា​ទី​២​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​ឆ្នាំ​២០១៦​។​នៅ​ឆ្នាំ​២០១៨​ហាង​ទី​៣​បាន​បើក​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​។​យើង​នឹង​ស្វា​គម​ការបើក​សាខា​យីហោ​ទី ៤ និង​សាខា​ទី​៥ ដែល​ផ្តល់​សិទ្ធិ​ប្រកប​អាជីវកម្ម​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ។

​លោក​លូ​ម៉េង​បាន​ជម្រាប​ថា​៖​អ៊ុយ​គុយទាវ​ត្រូវបាន​ទទួលស្គាល់​ដោយ​អតិថិជន​គ្រប់លំដាប់​ថ្នាក់​នូវរស​ជាតិ​ប្រចាំ​ហាង​ហើយ​គ្រប់គ្នា​លាន់មាត់​ថា​“​អ៊ុយ​”​នៅពេលដែល​អតិថិជន​បានឃើញ​មុខម្ហូប​របស់​យើង​។​អ៊ុយ​គុយទាវ​បាន​ផ្សារភ្ជាប់​ជាមួយ​ដួងចិត្ត​ផ្ទាល់ខ្លួន​របស់លោក​ព្រោះ​វា​តែងតែ​ជា​ទស្សនៈវិស័យ​មួយ​របស់គាត់​នៅពេល​ចាប់ផ្តើម​ធ្វើជា​មេ​ចុងភៅ​ដើម្បី​បង្កើត​យីហោ​ម្ហូបអាហារ​ដែល​នឹង​ទាក់ទង​ជាមួយ​ប្រជាជន​កម្ពុជា​សំរាប់​ប្រជាជន​កម្ពុជា ។​

​លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​AlmondGroup​បាន​បញ្ជាក់ថា​៖​សព្វថ្ងៃនេះ​អ្នករស់នៅ​រាជធានី​ភ្នំពេញ​ភាគច្រើន​គឺ​មកពី​គ្រប់​ទីកន្លែង​ផ្សេងៗ​គ្នា​។​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីក្រុង​បាន​ជំ​រុញឱ្យ​មនុស្ស​ជាច្រើន​មិនមាន​ពេលវេលា​ដើម្បី​រៀបចំ​ឬ​ចំអិនម្ហូប​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​នៅផ្ទះ​។ ដូច​ច្នេះ​ហើយ​អ៊ុយ​គុយទាវ​បាន​ផ្តល់នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ជាមួយនិង​តំលៃ​សមរម្យ និង​រស់ជាតិ​ឆ្ងាញ់​ជាមួយនិង​ភាពងាយស្រួល​ជួន​ដល់​អតិថិជន​ទាំងអស់​។​

គុយទាវ​ភ្នំពេញ​គឺអាច​រកបាន​នៅ​គ្រប់​ភោជនីយដ្ឋាន​ទាំងអស់​របស់​អាល់​ម៉ុ​ន​ដូចជា​ភោជនីយដ្ឋាន យ៉ី​សាង គ្រឿង​ហ្គា​ដិ​ន និង វើ​ល​ដាយ​នី​ង​។​ហើយ​យប់​នេះ​ឯកឧត្ដម​ប៉ាន​សូរ​ស័ក្តិ​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​យល់ព្រម​លើ​ការប្រើប្រាស់​យីហោ ភ្នំពេញ​គុយទាវ ឬ​គុយទាវ​ភ្នំពេញ​ជូន​ដល់​សមាជិកសមាគម​ធ្វើ​ម្ហូប​។​លោក​បានបង្ហាញ​ការប្តេជ្ញា​ថា​៖​គោលបំណង របស់​អាល់​ម៉ុ​ន​គ្រុប​គឺ​បើក​យ៉ាងហោចណាស់ ២០ សាខា​ទៀត​របស់​អ៊ុយ​គុយទាវ​នៅ​៥​ឆ្នាំ​ខាងមុខនេះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឬ​ក្រៅប្រទេស​។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​”​នេះ លោក​ប៉ាន​សូរ​សក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានលើកឡើង​ថា​៖​ពិធី​ប្រគល់​វិញ្ញាបនបត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព​“​គុយទាវ​ភ្នំពេញ​”​ដ៏​មាន​អត្ថន័យ​នា​ថ្ងៃនេះ​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការរីកចម្រើន​។

​ការកើនឡើង​នៃ​ការប្រើប្រាស់​ម៉ាក​សមូហភាព​“​គុយទាវ​ភ្នំពេញ​”​ដោយ​ផ្សារភ្ជាប់​ជាមួយ​ប្រព័ន្ធគ្រប់គ្រង​ត្រួតពិនិត្យ​គុណភាព​និង​ស្តង់ដារ​អនាម័យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្គាល់​រសជាតិ​មុខម្ហូប​ខ្មែរ​ដែលមាន​ប្រវត្តិ​ជា​យូរលុង​មកហើយ និង​ដើម្បី បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កាត់បន្ថយ​ភាពក្រីក្រ​និង​ចូលរួមចំណែក​កសាង​សេដ្ឋកិច្ចជាតិ​ឱ្យបាន​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​បាន​បន្តថាៈ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​វិស័យ​ឯកជន​ជា​កម្លាំងចលករ​និង​ជា​ដៃគូ​យ៉ាងសំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ជាក់ស្តែង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” និង​ពិធី​ចុះកិច្ចសន្យា​ប្រគល់​សិ​ទិ្ធ​ប្រកប​អាជីវកម្ម “​អ៊ុយ​គុយទាវ​” នាពេលនេះ​បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​ពី​ការរីកចម្រើន​របស់​វិស័យ​ឯកជន​ក្នុង​ការប្រកប​អាជីវកម្ម​ប្រកបដោយ​ជោគជ័យ​ក្នុង​វិស័យ​សេវាកម្ម​ផ្តល់​ចំណីអាហារ​ដែល​ជួយ​លើកតម្កើង​កិត្យានុភាព​ម្ហូប​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​រន្ទឺ​បន្ថែមទៀត​។

នាពេល​ថ្មីៗ​នេះ យើង​សង្កេតឃើញថា មាន​ភោជនីយដ្ឋាន​ថ្មីៗ ជាច្រើន​បាន​បង្កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ក្រុង​សំខាន់ៗ​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតក្រោម​ទម្រង់​ជាការ​ផ្តល់​សិ​ទិ្ធ​ប្រកប​អាជីវកម្ម​(Franchise)​ក្នុងប្រទេស​ពី​ក្រៅប្រទេស​មក​ក្នុងប្រទេស​ពី​ក្នុងប្រទេស​ទៅ​ក្រៅប្រទេស​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖​ការចុះកិច្ចសន្យា​ប្រគល់​សិ​ទិ្ធ​ប្រកប​អាជីវកម្ម​“​អ៊ុយ​គុយទាវ​” នា​ថ្ងៃនេះ​បានបង្ហាញ​ឱ្យឃើញថា​គ្រឹះស្ថាន​ប្រកប​អាជីវ​កម្មណា​ដែល​បាន​ប្រើប្រាស់​ឧបករណ៍​កម្ម​សិ​ទិ្ធ​បញ្ញា​និង​បង្កើត​ម៉ូ​ដែល​អាជីវកម្ម​ផ្ទាល់ខ្លួន​ប្រកបដោយ​ជោគជ័យ​ម្ចាស់​អាជីវកម្ម​នោះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ជាក់​ជាមិនខាន​។​

លើសពីនេះ​ក្រសួងពាណិជ្ជកម្ម​ទើបតែ​បានចេញ​ប្រកាស​ស្តីពី​ការកត់ត្រា​កិច្ចសន្យា​អាជ្ញាប័ណ្ណ​ចំពោះ​ម៉ាក និង​កិច្ចសន្យា​ផ្តល់ សិទ្ធិ​ប្រកប​អាជីវកម្ម ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​កន្លងមក​ដូចនេះ​កិច្ចសន្យា​អាជ្ញាប័ណ្ណ​ឬ​កិច្ចសន្យា​ផ្តល់​សិទ្ធិ​ប្រកប​អាជីវកម្ម​ត្រូវ​យកមក​កត់ត្រា​នៅ​ក្រសួងពាណិជ្ជកម្ម ទើប​មាន​អានុភាព​អនុវត្ត​ដល់​ភាគី​ទី​បី​។​

​លោក ប៉ាន សូរ​សក្តិ បាន​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រកប​អាជីវកម្ម​គុយទាវ​ទាំងអស់ ទាំង​នៅក្នុង​និង​ក្រៅប្រទេស សូម​ចូល​ជា​សមាជិកសមាគម​សហគមន៍​ចុងភៅ​កម្ពុជា​ឱ្យបាន​ផុសផុល ដើម្បី​បាន​ប្រើប្រាស់​ម៉ាក​“​គុយទាវ​ភ្នំពេញ​”​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​បំពេញបេសកកម្ម​កសាង​ម៉ូ​ដែល​អាជីវកម្ម​ថ្មី​មួយ​ប្រកបដោយ​ជោគជ័យ​ដែលជា​គំរូ​អាជីវកម្ម​ដល់​វិស័យ​ផ្សេងៗ​ទៀត​ដើម្បី​លើកស្ទួយ​ជីវភាព​របស់​យើង​និង​ចូលរួមចំណែក​ក្នុង​ការកសាង​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោក​សុង​តេង​ប្រធាន​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា​យីហោ​អាជីវកម្ម​ដំបូង​“​គុយទាវ​ភ្នំពេញ​”​បង្កើតឡើង​ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​(WIPO)​និង​មាន​កិច្ចសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ពី​សមាគម​រួមជាមួយ​ជំនាញការ​ជាតិ​និង​អន្តរជាតិ​។​

គុយទាវ​ភ្នំពេញ​នេះ​នឹង​លើកកម្ពស់​វិស័យ​គុយទាវ​គុណភាព​អនាម័យ​អភិរក្ស​រូបមន្ត​និង​ចំណេះ​ជំនាញ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អាវ​ជីក​រលក់​គុយទាវ​ទាំង​ខ្នាតតូច​និង​ទាំង​ខ្នាត​ធំ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​រូបមន្ត​“​គុយទាវ​ភ្នំពេញ​”​បាន​បង្កើត​និង​ចងក្រង​ឡើង​ដើម្បី​បំពេញចិត្ត​អ្នក​បរិភោគ​ឲ្យ​មាន​រសជាតិ​ខុសៗ​គ្នា​ចំនួន​៥​ប្រភេទ ទៅតាម​ប្រភេទ​សាច់ គ្រឿងផ្សំ​ទឹក​ស៊ុប គ្រឿងផ្សំ​គោក និង​គ្រឿងទេស​៕S/

​ចំណងជើង​រូបថត​៖“​អ៊ុយ​គុយទាវ​”​បាន​ចែកចាយ​សិទ្ធិ​ប្រកប​អាជីវកម្ម​(Franchise)​របស់​ខ្លូន​ជា​លើកដំបូង​ទៅដល់​អ្នកជំនួញ​ជនជាតិ​កម្ពុជា​និង ទទួល​វិញ្ញាបនបត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” (​រូប សុផល​)​