​ ​ ​ចាប់បាន​បំណែក​សត្វ​ខ្ទីង​ដែល​ក្រុម​ឈ្មួញ​កំពុង​ដឹក​ចេញពី​ព្រៃ​កា​រពារ​ក្នុង​ខេត្តមណ្ឌលគិរី​

902

(​មណ្ឌលគិរី​)៖​ក្បាល​និង​បំណែក​សាច់សត្វ​ខ្ទីង​ត្រូវគេ​ពុស​ជា​ជំ​រៀកៗ​ដាក់​ក្នុង​បាវ​ត្រូវបាន​មន្ត្រី​បរិស្ថាន​ធ្វើការ​ចាប់បាន​ខណៈ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​ម៉ូតូ​ចំនួន​៤​គ្រឿង​ដឹក​ជ​ញ្ជួ​ន​ចេញពី​ព្រៃ​កា​ពារ​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ក្នុងភូមិ​សាស្ត្រ​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​យប់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការដែល​ធ្វើឡើង​ដោយ​ក្រុមការងារ​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្នាក់ការ​មេ​ម៉​ង់ នឹង​មន្ត្រី​អង្គការ​”WWF”​ព្រម ទាំង​សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ភ្នំ​ក្តុក​ដឹកនាំ​ដោយ​លោក​ហាន​សា​ខន​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នោះ​គឺ​កំពុងតែ​តាមដាន​រក​ជនសង្ស័យ ខ​ណះ​ដែល​ពួកគេ​បាន​រត់គេចខ្លួន ពេល​សមត្ថកិច្ច​ស្ទាក់ចាប់​។​

​លោក​ហាន សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​ឲ្យ​ដឹងថា ក្រុមការងារ​ជំនាញ​បរិស្ថាន កំពុង​ចុះ ស្រាវជ្រាវ ស៊ើបអង្កេត​រក​អ្នក​ពាក់​ព័​ន្ឋ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​។ លោក​បន្តថា នៅពេល នេះ​ក្រុម​ជំនាញ​កំណត់​បាន​មុខសញ្ញា​ខ្លះៗ​ហើយ នឹង​អាចឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ផងដែរ​។​ប្រធាន​ដែន ខាងលើ​បញ្ជាក់ថា​ក្រុមមន្ត្រី​ជំនាញ​បាន​ចាប់​ឃាត់ ម៉ូតូ​ចំនួន​៤​គ្រឿង ដឹក​ក្បាលសត្វ ខ្ទីង​ចំនួន​មួយ​ក្បាល និង​សាច់​ខ្ទីង ប្រហែល​ជាង​១០០​គីឡូក្រាម​។​

​ប្រភពពី​អ្នករស់នៅ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា តាំងពី​ឆ្នាំ​២០១០​មក មាន​សត្វ​ខ្ទីង​មិន​ក្រោម​១០​ក្បាល​នោះទេ ដែល​ត្រូវគេ​បាញ់សម្លាប់ ដើម្បី​តែ​ស្នែង នឹង​សាច់​។​ខ្ទីង ជា​សត្វ​មួយ​ប្រភេទ​ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយចុះ គួរ​ឲ្យ​ព្រួយ បារម្ភ ។ ខ្ទីង​រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ខេត្តកំពង់ស្ពឺ​ជាដើម ។​

បច្ចុប្បន្ន ខ្ទីង​ស្ថិតក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ មាន​ដង់ស៊ីតេ រស់នៅ កម្រិត​ទាប ។​គេ​កម្រ​ឃើញ​វា​រស់​នៅតាម​វាលទំនាប​ណាស់​ព្រោះ​សត្វ​នេះ​មិន​ចូលចិត្ត​កម្តៅថ្ងៃ​យូរពេក​ទេ ។ សត្វ​ខ្ទីង កំពុង​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់​ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​។ ខ្ទីង​ប្រភេទ​នេះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល ។

សត្វ​ខ្ទីង ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី​១​នៃ​អនុសញ្ញា​សាយ​តេស​៕S​/ដោយ​៖​សាត​ចាន់​បុត្រ​