​ ​ ​ជន​ម្នាក់​បែក​ថ្នាំ​បាន​ទាញ​កាំបិត​កាប់​បុរស​វ័យ​ចំណាស់​រងរបួស​ធ្ងន់​នៅ​ស្រុក​កោះធំ​

946
ចែករម្លែក

(​កណ្តាល​)៖​ជន​ម្នាក់​បែក​ថ្នាំញៀន​បាន​ទាញ​កាំបិត​កាប់​ទៅលើ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​កើប​លាមក​គោ ជាច្រើន​កាំបិត បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ស្រ៊ន ហ៊ុយ​សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ហឹ​ង្សា និង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ ។ រីឯ​ជនរងគ្រោះ​មាន ឈ្មោះ​ផូ ផាន ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ រងរបួស​ត្រង់​ក្បាល និង​ខ្នង​ជា​ទម្ងន់ ។

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏បាន​ដកហូត កាំបិត​ដង​ជ័រ​ពណ៌​ខ្មៅ​មួយ​មាន​ប្រវែង ៣២”៤​ស​.​ម​, ស្រោម​កាំបិត​ជ័រ​ពណ៌​ខ្មៅ​ចំនួន​មួយ​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​Ice)​មួយកញ្ចប់​តូច​,​កាបូបដៃ​ពណ៌​ខ្មៅ​មួយ​, ប្រាក់រៀល​១៧.៥០០​រៀល​និង​ទូរស័ព្ទដៃ​ម៉ាក ណូគា​អិន​ចុច​ពិល ពណ៌​ខ្មៅ​មួយគ្រឿង​។

​សមត្ថកិច្ច​បាន​បន្តថា​ជនសង្ស័យ គឺជា​មនុស្ស​ញៀន​ថ្នាំ ហើយក៏​ធ្លាប់​មានទំនាស់​ពាក្យសម្ដី​គ្នា​ជាមួយ​ជនរងគ្រោះ ដែលជា​អ្នករស់នៅ​ផ្ទះ​ក្បែរ​គ្នា​ផងដែរ ។ លុះ​នៅ​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​សេព​គ្រឿងញៀន​អស់ មួយកញ្ចប់​តូច​ថែមទៀត ។ រហូតមក​ដល់ពេល​កើតហេតុ​ខាងលើ គ្រា​ដែល​ជនរងគ្រោះ កំពុងតែ​កើប​លាមក​គោ​នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​ឃើញ​ហើយ​មាន​អារម្មណ៍​រវើរវាយ​ក៏​ទាញយក​កាំបិត​ស្ទុះ​ទៅ​កាប់​ជនរងគ្រោះ​ពីក្រោយ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់ រួចហើយ ក៏​គេច មក​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​របស់ខ្លួន​វិញ ។​

​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅឯ​មន្ទីរ ពេទ្យ​ប្រទេស​វៀតណាម​។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ និង​ប៉ុស្ដិ៍​ចុះទៅ​ឃាត់ខ្លួន​បាន និង​ដកហូត​វត្ថុតាង​កាំបិត ព្រមទាំង​ថ្នាំញៀន​មួយកញ្ចប់​តូច នៅជាប់​ខ្លួន​ជនសង្ស័យ ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ដូច​បាន​ចាប់យក​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/​ដោយ​៖​ហូ​សាន់

ជន​ម្នាក់​បែក​ថ្នាំ​បាន​ទាញ​កាំបិត​កាប់​បុរស​វ័យ​ចំណាស់​រងរបួស​ធ្ងន់​នៅ​ស្រុក​កោះធំ​(រូប៖វ៉េបសាយ)