​ ​ ​ជំនាញ​ដុត​កំទេចចោល​សត្វ​ជ្រូក​ចំនួន​១១​ក្បាល​នាំចូល​ពី​ប្រទេស​វៀតណាម​

833
ចែករម្លែក

(​តាកែវ​)៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ត្រី​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តតាកែវ​បាន​ដុត​កំទេចចោល​សត្វ​ជ្រូក​ចំនួន​១១​ក្បាល​មកពី​ប្រទេស​វៀតណាម​។​ការដុត​កម្ទេច​សត្វ​ជ្រូក​បានធ្វើ​ឡើង​នៅ​ឃុំ​រំ​ចង់ ស្រុក​សំរោង ខេត្តតាកែវ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ។​

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្តតាម​ការណែនាំ​និង​បញ្ជា​ផ្ទា​ល់ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កម្លាំង​បាន​ឃាត់​និង​ត្រួតពិនិត្យ​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2L-4094​។ ពេល​ត្រួតពិនិត្យ​ជាក់ស្តែង​ឃើញ​ស្តុក​ជ្រូក​រស់​ចំនួន​១១​ក្បាល ដែល​ដឹក​ដោយ​ឈ្មោះ អ៊ុក សម្បត្តិ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ប្រ​សៀត ឃុំ​រំ​ចង់ ស្រុក​សំរោង ខេត្តតាកែវ​។​

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​ក្រុម​អន្តរាគមន៍​បាន​បញ្ជូនមក​រក្សាទុក​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ដើម្បី​សាកសួរ​ដល់​អាជីវករ​ឈ្មោះ អ៊ុក សម្បត្តិ ក៏បាន​ទទួលកំហុស​សារភាពថា រូបគាត់​ពិតជា​បាន​នាំ​ជ្រូក​មកពី​ប្រទេស​វៀតណាម​យកមក​លក់​ក្នុង​ខេត្តតាកែវ​ពិតប្រាកដ​មែន​។​

ករណីនេះ​កម្លាំង​ជំនាញ​បានធ្វើ​ពិធី ដុត​កំទេច​សត្វ​ជ្រូក​ទាំង​១១​ក្បាល កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១០ សីហា ២០១៧ ដោយមាន​សមាសភាព​ចូលរួម​ដោយ​លោក​អគ្គនាយករង លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ព្រមទាំង​កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផងដែរ​៕S/​ដោយ​៖​ហូ​សាន់​

ជំនាញ​ដុត​កំទេចចោល​សត្វ​ជ្រូក​ចំនួន​១១​ក្បាល​នាំចូល​ពី​ប្រទេស​វៀតណាម​(រូប៖វ៉បសាយ)

#