​ ​ ​ទំនប់​សេសា​ន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ទស្សនា​

1018

(​ស្ទឹងត្រែង​)៖​ក្រោយពី​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​លេចចេញ​ជា​រូបរាង​ក្នុង​ទំហំ​វិនិយោគ​ទឹកប្រាក់ ខ្ទង់រយ​លាន​ដុល្លារ បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង ពី​មហាជន​ទូទៅ​ពិសេស​គឺ​ចង់ឃើញ​តំបន់​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នោះ​។​

​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​គឺជា​ទំនប់​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ស្ថិតនៅ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​បច្ចុប្បន្ននេះ ក្រុមហ៊ុន​សាងសង់​ជិត​រួចរាល់​នឹង​គ្រោង​ដាក់​សម្ពោធ​ប្រើប្រាស់​ដំណើរ​សាកល្បង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​ខណៈ​ក្រុមហ៊ុន​កំពុងតែ​ខិតខំ​ប្រឹងប្រែង ទៅមុខ​នោះ មាន​ភ្ញៀវទេសចរ មកពី​ជិត​ឆ្ងាយ រួមទាំង​អ្នក​ស្ទឹងត្រែង​ចាប់អារម្មណ៍​ចង់ទៅ​ទស្សនា​នៅ​ការដ្ឋាន​នោះ​ណាស់​។​​ក៏ប៉ុន្តែ​ការ​ដំណើរ​ចូលទៅ​ទស្សនា​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​អាជ្ញាធរ​មិនទាន់​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ចេញចូល​ស្រេច​តែ​ចិត្ត​នោះទេ​។​

​អ្នក​ដែល​ចេញចូល​ទៅមក​បាន​គឺជា​ក្រុមការងារ​ក្នុង​ការដ្ឋាន​ឬក៏​អ្នកភូមិ​នៅ​ត្រើយម្ខាង​ទៀត​និង​មន្ត្រីជាន់ខ្ពស់​តែប៉ុណ្ណោះ​។​រហូតមក​ទល់នឹង​ពេលនេះ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​កំពុងតែ​ដំណើរការ​សាកល្បង​បិទទ្វារ​ទប់ទឹក​ជា​លើកដំបូង​ដើម្បី​យក​ថាមពល​អគ្គិសនី​ប្រើប្រាស់​។

​រីឯ​ផ្លូវ​ចូល​ទំនប់​ត្រូវ​បានដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ដល់​ទៅ​ពីរ​កន្លែង​តាមផ្លូវ​ចេញចូល​។​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​អ្នកយកព័ត៌មាន​មួយក្រុម​ក្នុងនោះ ក៏មាន​អ្នកកាសែត​រស្មី​កម្ពុជា​ម្នាក់​ផង ត្រូវបាន​ក្រុមហ៊ុន​អនុញ្ញាត ឱ្យ​ថត​យក​រូបភាព ពី​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​។​

នៅ​ទី​នោះគេ​ឃើញ​មាន​ក្រុមយុវជន​បញ្ចេញ​ទឹកមុខ​យ៉ាង​សម្បាយ​រីករាយ​ខ្លះ​ឈរ​ខ្លះ​អង្គុយ​ស្ទូចត្រី​កម្សាន្ត​។ អ្នក​ស្ទូចត្រី​បាន​និយាយថា កន្លែង​ដែល​ពួកគេ​ស្ទូច​នៅ​ផ្នែក​ខាងក្រោម​ទឹក​ហូរ​នៃ​ទំនប់​សម្បូរ​ត្រី​ណាស់​។​គេ​អាច​ស្ទូច​បាន​ត្រី​ច្រើន​រួច​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​សប្បាយរីករាយ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ម្តងៗ​ក្រោយពី​ពេលទំនេរ​។​
​ ​
​អ្នកស្រី​សោ ភា ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង​បានឱ្យដឹងថា​នាង​នឹង​ក្រុមគ្រួសារ​ចង់ទៅ​មើល​ទេសភាព​នឹង​ចង់ឃើញ ការសាងសង់​ទំនប់​ធំ​ដ៏​ល្បី​ដូច​ឮ​គេ​និយាយ​តៗ​គ្នា​។​ប៉ុន្តែ​ពេល​ក្រុមគ្រួសារ​គាត់​ជិះ​រថយន្ត ទៅដល់​ច្រកចូល​សន្តិសុខ​នៅ​ទីនោះ គេ​មិន​អនុញ្ញាតឱ្យ​បន្តដំណើរ​ទៅ​កម្សាន្ត​ក្នុង​ការដ្ឋាន​ទំនប់​វា​រី​អគ្គិសនី​បានទេ​ព្រោះថា​គ្មាន​ភារកិច្ច​ត្រូវ​ចូល​។​ចំណែក​ភ្ញៀវទេសចរ​ជាច្រើន​ទៀត ក៏បាន​ខកចិត្ត​វិលត្រឡប់ មក​ទី​រួម​ខេត្តស្ទឹងត្រែង​វិញ​ទាំងអស់​។​

​អ្នកស្រី​បាន​និយាយទៀតថា​ទោះបី​ជាមាន​កងសន្តិសុខ​ហាមឃាត់​មិនឱ្យ​ចូល​លើក​ក្រោយ​នឹង​ទៅ​ម្តងទៀត​។​ពីព្រោះ​គាត់​ចង់ឃើញ ទេសភាព​ស្រស់ស្អាត ស្ថិតនៅ​កណ្តាល​ព្រៃ​និង​ចង់​ថតរូប​ភាព​ជាប់​ទំនប់​ទុកជា​អនុស្សាវរីយ៍​។​

​លោក​អ៊​ន់​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​យល់ឃើញថា​ក្រោយពី​មាន​សម​ទ្ធ​ផល​ដ៏​អស្ចារ្យ​មួយ​កកើត​លើទឹក​ដី​ខេត្ត​ភាគ​ឦសាន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរបាន​ភ្ជាប់​ទៅនឹង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តស្ទឹងត្រែង​បាន​កំណត់ទុក​រួចជាស្រេច​ហើយ​។​

ភ្ញៀវទេសចរ អាច​ទៅ​មើល​ទេសភាព​ព្រៃ​ប្រឹក្សា ដ៏​គួរឱ្យ​ទាក់ទាញ ចាប់អារម្មណ៍​ពិសេស​គឺ​ទំនប់​វា​រី ដែលមាន​កម្ពស់​ខ្ពស់ ទឹក​ហូរ​ធ្លាក់​បង្កើតជា​បទ​ភ្លេង ប្រគុំ​តន្ត្រី​និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​។​ចំណុច​គួរ​ចាប់អារម្មណ៍​ទាំងអស់​នេះហើយ​បានធ្វើឱ្យ​ភ្ញៀវ​អាច​ទៅ​អាច​ចូលទៅ​ទស្សនា​កម្សាន្ត​ដោយ​គ្រាន់តែ​ចំណាយពេល​ត្រឹម​២​ទៅ​៣​ម៉ោង​រួច​វិល​ត្រឡប់មក​ស្នាក់នៅ​ក្រុង​ស្ទឹងត្រែង​វិញ​។​

​លោក អ៊​ន់ ប៉ោ​សឿន​បានឱ្យដឹងថា​ដោយសារតែ​ផែនការ​សាងសង់​ទំនប់​មិនទាន់​រួចរាល់​ទាំងស្រុង​។​លោក​សុំ​ចិត្ត ភ្ញៀវទេសចរ ពន្យា​ពេល​ចូលទៅ​ទស្សនា​នៅ​ទីនោះ​។​នៅពេល​ទំនប់​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ​ចាំ​ចូលទៅ​កម្សាន្ត​បាន​តាមចិត្ត​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បានលើកឡើង​ទៀតថា លោក​បានគិត​គូ​ពី​គោលដៅ​ទេសចរណ៍​នៅពេល​អនាគត​រួចហើយ ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ តំបន់​វា​រី​ជា​កន្លែង​ផ្តល់ឱកាស​ដល់​ភ្ញៀវទេសចរ​ចូល​ទស្សនា​។​

​លោក​សឿន​និយាយថា​ដោយសារ​នៅ​តំបន់​នោះ​គឺជា​ដី​ក្រុមហ៊ុន​ដូចនេះ​ពេល​ទំនប់​សម្ពោធ​ជា​ផ្លូវការ​រួច​លោក​នឹង​រៀបចំ​ផែនការ ដាក់សំណើរ​សុំ​យោបល់​ពី លោក​អភិបាលខេត្ត​បង្កើតជា​តំបន់​ទេសចរណ៍​នៅក្បែរ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​នោះ​តែម្តង​៕S/​ដោយៈ សុខុម​

​ទំនប់​សេសា​ន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ទស្សនា​