​ ​ ​ ​មាន​គេ​ឈូសឆាយ​ដីព្រៃ​ជិត​ដប់​ហិកតា​នៅ​ស្រុក​កូន​មុំ​អាជ្ញាធរ​អត់​បានដឹង​

360

​គ្រឿងចក្រ​របស់លោក​ណែ​ត​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​នៅ​ស្រុក​កូន​មុំ​(​រូបថត​បាន​លុង​)

​(​រតនគិរី​):​មាន​គេ​ដាក់​គ្រឿងចក្រ​ពីរ​គ្រឿង​ចូល​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ជិត​ដប់​ហិកតា​នៅ​ភូមិ​ពីរ​ឃុំ​ត្រពាំង​ក្រហម​ក្នុងស្រុក​កូន​មុំ​អាជ្ញាធរ​មូលដ្ឋាន​ថា​អត់​បានដឹង​។​ចំណែក​មន្ដ្រី​ភូមិបាល​ថា​ចាំ​ចុះទៅ​ពិនិត្យមើល​។​កាលពី​ថ្ងៃទី​៣០​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​មាន​អ្នកម៉ៅការ​ម្នាក់​ឈ្មោះ​ណែ​ត​នៅ​ខេត្ដ​រតនគិរី​បាន​នាំ​គ្រឿងចក្រ​ចំនួន​ពីរ​គ្រឿង​ចូលទៅ​ធ្វើ​សកម្មភាព​ឈូសឆាយ​និង​ផ្ដួល​ដើមឈើ​តូចធំ​ដើម្បី​វាទ​យក​ដីព្រៃ​របស់​រដ្ឋ​ដែលមាន​ទីតាំង​ដូចខាងលើ​គឺ​យក​ឱ្យទៅ​មន្ដ្រី​ពន្ធដា​ម្នាក់​នៅ​ខេត្ដ​កណ្ដាល​ធ្វើជា​កម្មសិទ្ធិ​។​

​ម្ចាស់​គ្រឿងចក្រ​នោះបាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៣០​ខែ​កក្ដ​ដា​ថា​គ្រឿងចក្រ​ពី​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​នៅ​តំបន់​នោះ​គឺជា​របស់លោក​។​ប៉ុន្ដែ​គេ​ជួល​ឱ្យ​ឈូសឆាយ​ទេ​ហើយ​គេ​ប្រាប់ថា​ដី​នោះ​មាន​ប័ណ​សម្គាល់​កម្មសិទ្ធិ​ពី​ក្រសួង​សុរិយោដី​ដែលមាន​ទំហំ​ពី​រយ​ម៉ែត្រ​ជាប់​និង​ផ្លូវជាតិ​លេខ​៧៨​និង​បណ្ដោយ​បី​រយ​ម៉ែត្រ​។​មុននឹង​ចូលធ្វើការ​ឈូសឆាយ​ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ស្រុក​និង​មន្ដ្រី​សុរិយោដី​អស់ហើយ​ដើម្បី​បានដឹង​។​

​​ប៉ុន្ដែ​ប្រធាន​ភូមិបាល​ស្រុក​កូន​មុំ​គឺ​លោក​ថេត​បញ្ជាក់​តាម​ទូរស័ព្ទ​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែ​កក្ដ​ដា​នេះ​ថា​ការដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយដី​នៅ​ភូមិសាស្ដ្រ​ខាងលើ​គឺ​លោក​អត់​ទាន់​បានដឹង​នៅឡើយ​ទេ​។​ប្រធានភូមិ​បាន​បន្ដ​បញ្ជាក់​ឱ្យដឹងទៀតថា​ហេតុអ្វី​ប្រធាន​ពន្ធដា​ខេត្ដ​កណ្ដាល​មួយ​ទាំងមូល​មកកាន់​កាប់​ដី​នៅទីនេះ​យើង​មិនដឹង​ឬមួយ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​ក្រុម​និ​សិ​ត្ស​ជា​អ្នកចេញ​ប័ណ​ឱ្យ​។​ក៏ប៉ុន្ដែ​បើទោះជា​ក្រុមនិស្សិត​អ្នកចេញ​ប័ណ​ឱ្យ​ក៏ដោយ​ក៏ត្រូវ​តែ​មក​កាត់ឈ្មោះ​នៅ​ស្រុក​កូន​មុំ​ដែរ​រឿងនេះ​ចាំ​យើង​ចុះទៅ​ពិនិត្យមើល​ដល់ទី​ក​ន្លែ​ង​សិន​។​

​លោក​ភោគ​ប៉ូ​រិ​ទ្ធិ​អធិការ​ប៉ូលិស​ស្រុក​កូន​មុំ​បានបញ្ជាក់​ឱ្យដឹង​តាម​ទូ​ស័ព្ទ​កាលពី​ថ្ងៃទី​៣១​ខែ​កក្ដ​ដា​ថា​ករណី​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នោះ​កាលពីពេល​ថ្មីៗ​យើង​បាន​ចុះទៅ​ឃាត់​ម្ដង​រួចហើយ​គឺ​តាម​បញ្ជា​លោក​អភិបាលស្រុក​។​កាលណោះ​គេ​បានដាក់​អេ​ស្កា​បម្រុង​កាយ​រំលាយ​ភ្នំ​នៅក្នុង​បរិវេណ​ដី​នោះ​។​លោក​អធិការ​បានឱ្យដឹង​ទៀតថា​ច្បាប់​មិន​អនុញាតឱ្យ​កាយ​ភ្នំ​ឡើយ​បើទោះជា​មាន​ប័ណ​កាន់កាប់​ក៏ដោយ​។​ប៉ុន្ដែ​ពេល​សួរនាំ​តាមផ្លូវ​ច្បាប់​ខាង​ម្ចាស់​ដី​មិនបាន​បង្ហាញ​ប័ណ​សម្គាល់​កម្មសិទ្ធិ​ដែល​ចេញ​ដោយ​ក្រសួង​សុរិយោដី​នោះទេ​គឺមាន​តែ​លិខិត​លក់​ទិញ​ត្រឹម​ឃុំ​តែ​ប៉ុ​ណោះ​។​

​លោក​ប៉ូ​រិ​ទ្ធិ​បាន​បន្ថែមថា​ពេលនោះ​យើង​ឱ្យ​គាត់​ទៅ​រត់​ច្បាប់​ឈូសឆាយដី​នោះ​ហើយ​រហូតមក​ដល់ពេលនេះ​គេ​មិនទាន់​បានបង្ហាញ​ច្បាប់​ឈូសឆាយដី​នោះទេ​បែរជាយក​គ្រឿងចក្រ​ចូលធ្វើ​សកម្មភាព​ដោយ​បំពាន់​ច្បាប់​ទៀត​។​លោក​ឈឿន​ចាន់​ធាង​អភិបាលស្រុក​កូន​មុំ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៣១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​ថា​បញ្ហា​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នៅ​ចំណុច​ខាងលើ​លោក​មិនបាន​ដឹង​ទេ​ព្រោះ​ជាប់​ប្រជុំ​នៅ​ភ្នំពេញ​។​រឿង​នោះ​ក៏​គ្មាន​អ្នកណាម្នាក់​បាន​អនុញាតិ​ឱ្យ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដែរ​។​

​លោក​អភិបាលស្រុក​បាន​បន្ថែម​ទៀតថា​កាលពីពេល​ថ្មីៗ​នេះ​យើង​បានឱ្យ​កម្លាំង​ប៉ូលិស​ចុះទៅ​ឃាត់​ករណី​ដាក់​គ្រឿងចក្រ​កាយ​ភ្នំ​នៅ​ទីនោះ​ម្ដង​រួចមកហើយ​។​ឥឡូវ​បើ​មាន​ធ្វើការ​ឈូសឆាយដី​របស់​រដ្ឋ​នៅ​ទីនោះ​ទៀត​យើង​នឹង​ឱ្យកម្លាំង​ចុះទៅ​រឹបអូស​យក​គ្រឿងចក្រ​ទាំងនោះ​គឺ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យខាងតែបាន​។​

​លោក​ទឹម​ស៊ី​ណាត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​៣១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​បាន​ប្រាប់​រស្មី​កម្ពុជា​ដោយ​ខ្លី​តាម​ទូរស័ព្ទ​ថា​អត់​បានដឹងថា​ដី​នោះ​ខាង​ណា​គេ​ចេញ​ប័ណ​កាន់កាប់​ឡើយ​ហើយ​លោក​ឱ្យ​សួរ​ទៅ​ប្រធាន​ភូមិបាល​ស្រុក​កូន​មុំ​ទៅ​៕S/​ដោយ​:​បាន​លុង​