​ ​ ​ ​អាជ្ញាធរ​ប្រាប់​ឲ្យ​ផ្ទះ​ប្រពល​រដ្ឋ​១៣​ខ្នង​ដែល​ច្រាំងទន្លេ​បាក់​ជិត​ដល់​រុះរើ​បន្ទាន់​

932
ចែករម្លែក

(​កំពង់ចាម​):​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ឆ្លៀតពេល​ចុះ​ពិនិត្យ​ដោយផ្ទាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ច្រាំង​ទន្លេមេគង្គ​បាក់​ជិត​ដល់​ចំនួន ១៣ ខ្នង​នៅ​ភូមិ​មាន់​ហើរ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម​នា​រសៀល​ថ្ងៃទី ២០ ខែកក្កដា​ឆ្នាំ​២០១៧​។​

​លោក​អភិបាលខេត្ត​ដែល​អមដំណើរ​ដោយ​មេបញ្ជាការ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​និង​ស្នងការ​ស្នងការរង​នគរបាល​ខេត្ត​ជាច្រើន​រូបលោក គួច ចំរើន បាន​ឧបត្ថម្ភ​ជូន​ថវិការ​ដល់​ក្រុមគ្រួសារ​មួយចំនួន​ដើម្បី​រុះរើ​ផ្ទះ​ជាបន្ទាន់ គេច​ចេញពី​ការបាក់​ចូល​ទឹកទន្លេ និង បញ្ជា​ឲ្យ​មន្ត្រីនគរបាល​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​កន្លែង​ច្រាំង​បាក់​ដើម្បី​រាយការណ៍​ព័ត៌មាន​។​
​លោក ឯក ប៉ាន់​ដន អធិការ​នគ​បាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា ច្រាំងទន្លេ​ដែល​បាន​បាក់​កាលពី​យប់​ថ្ងៃទី ១៩ កក្កដា ប្រវែង​ប្រមាណ ៣០០ ម៉ែត្រ និង បាក់​ចូល​ប្រវែង ប្រាំ ម៉ែត្រ និង​នៅសល់​ប្រហែល​ប្រាំពីរ​ម៉ែត្រ​ទៀត​ច្រាំងទន្លេ​នឹង​បាក់​ចូលដល់​ផ្លូវលំ​ចាស់​មាត់ទន្លេ​ហើយ​។​
​ ​
​លោក​អធិការ​បាន​ឲ្យ​ដឹងថា ច្រាំង​បាក់​នេះ​បានធ្វើ​ឲ្យ​លំនៅ​ប្រជាពលរដ្ឋ​ចំនួន ១៣ ខ្នង​បាន​រង​ការប៉ះពាល់​។ ក្នុងនោះ​មានផ្ទះ​ក្បឿង​ចំនួន មួយ​ខ្នង និង ផ្ទះ​ចំនួន បី ខ្នង​កំពុង​ប្រឈម​នឹង​ការរុះរើ​ជាបន្ទាន់​។​លោក​អភិបាលខេត្ត​កំពង់ចាម​ក៏បានផ្តល់​ថវិការ​ចំនួន ៥០​ម៉ឺន​រៀន​ចំពោះ​ផ្ទះមួយ​ខ្នង ដើម្បី​រុះរើ​ចេញពី​ច្រាំង​ដែល​នឹង​បាក់​ដល់ ខណ​:​ទឹកជំនន់​ទន្លេ​មេ​ង្គ​កំពុង​ជន់​ឡើង​យ៉ាងគំហុក​នេះ​។​

គួរ​បញ្ជាក់ថា​ច្រាំងទន្លេ​មេគង្គ​បាន​បាក់​ជា​រៀងរាល់ឆ្នាំ​នៅ​ខេត្តកំពង់ចាម​ពិសេស​នៅ​រដូវ​ទឹកជំនន់​នេះ​ដែល​តែងតែ​កើតឡើង​នៅ​ស្រុក​កំពង់សៀម​,​ស្រុក​ស្ទឹងត្រង់​,​ស្រុក​កោះសូទិន​,​ស្រុក​ស្រី​សន្ធរ​, និង​ស្រុក​កងមាស​៕S/​ដោយ​៖​ភោគ​សម្បត្តិ​