​ ​ ​ ​អ្នកភូមិ​ជឿថា​ទូក​.​ង​.​ទុកចោល​ច្រើន​ឆ្នាំ​បារមី​កាន់​ធ្វើឱ្យមាន​មនុស្ស​ឈឺ​និង​ស្លាប់​

650

(​ស្ទឹងត្រែង​)៖​ទូក​.​ង​មួយ​ដែល​អាជ្ញាធរ​ទុកចោល​រាប់​ឆ្នាំ​អត់​យកទៅ​ប្រណាំង​អបអរ​ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក​អកអំបុក​និង​សំពះ​ព្រះ​ខែ​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​អ្នកភូមិ​ខ្មែរលើ​កាត់​ឡាវ​មានជំនឿថា​មនុស្ស​ក្នុងភូមិ​កើត​ជំងឺ​និង​មាន​អ្នកស្លាប់​បន្តបន្ទាប់​បណ្តា​ល​មកពី​ចាញ់​បារមី​ទូក​។​
​អ្នកភូមិ​មួយ​នោះ​មិនអាច​រក្សាទុក​ទូក​ដ៏​ខ្លាំងពូកែ​ធ្វើបាប​អ្នកភូមិ​បាន​ទៅទៀត​ទេ​គឺ​មានតែ​បញ្ជូនទៅឱ្យ​ថ្នាក់​ខេត្ត​ជា​អ្នកគ្រប់គ្រង​បន្ត​។​បើសិនជា​មិន​យក​ចេញពី​ក្នុង​វត្ត​ទេនោះ​អ្នកភូមិ រួមទាំង​ព្រះសង្ឃ ចាស់ៗ​ក្នុង​វត្ត​នឹង​រស់នៅ​មិនបាន​សុខ​ឡើយ​។​
​ ​
​អ្នកភូមិ​ហាង​ខូ​សួន​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​បាន​និយាយ​តៗ​គ្នា​ថា ចាប់តាំងពី​ទូកប្រណាំង​មួយ​ឈ្មោះ​ស្ទឹងត្រែង សែន​ជ័យ ត្រូវបាន​គេ​យកទៅ​ទុកចោល​ក្នុង​បរិវេណ​វត្ត​រស្មី​សាមគ្គី​ហៅ​វត្ត​ហាង​ខូ​សួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​ក្នុង​អាណត្តិ លោក ឡូយ សុផាត​អភិបាលខេត្ត​មានរឿង​ជាច្រើន​កើតឡើង​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​។​ដូនជី​ម៉ៃ​វ័យ​៦៤​ឆ្នាំ​នៅ​វត្ត​រស្មី​សាមគ្គី​បាន​និយាយថា​ដំបូង​ឡើយ​វត្ត​មួយ​នេះ​មាន​ភាព​សុខ​សប្បាយ ហើយ​អ្នកភូមិ​បាន​សុខ​ណាស់ មាន​អ្នកតូច​អ្នកធំ​ធ្វើបុណ្យ ព្រះសង្ឃ​ច្រើន​អង្គ​គង់នៅ​ក្នុង​វត្ត​។​

​ប៉ុន្តែ ចាប់តាំងពី​យក​ទូកប្រណាំង​មួយ​ទៅ​ទុក​ក្នុង​វត្ត អត់​ប្រើប្រាស់​យូរ​ឆ្នាំ​វត្ត​ចេះតែ​មានរឿង​រហូត​។​បន្ទាប់ពី​ទូក​យកទៅ​ទុក​ក្នុង​វត្ត ធ្វើឱ្យ​អាចារ្យ​ម្នាក់​ឈឺ​ស្លាប់ ព្រះសង្ឃ​មួយអង្គ បាន​សុគត​និង​ធ្វើឱ្យ​ព្រះសង្ឃ ច្រើន​អង្គ​រួមទាំង​ចាស់ៗ ក្នុង​វត្ត​ឈើ​ជា​បន្តបន្ទាប់​។​ព្រះសង្ឃ​ភ័យខ្លាច​ក៏​ចុះចោល​វត្ត​ទៅ​វត្ត​ផ្សេង​អស់​។​

​សព្វថ្ងៃនេះ​នៅសល់តែ​ព្រះសង្ឃ​បី​អង្គ​និង​ចាស់ៗ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។​ស្ថានភាព​ក្នុង​វត្ត​ប្រែ​ក្លាយទៅជា​ស្ងាត់ជ្រងំ​។​ដូនជី​ខាងលើ​បាន​រៀបរាប់​បន្តទៀតថា អ្នកភូមិ​ចាត់ទុក​ទូកប្រណាំង​ឈ្មោះ​ស្ទឹងត្រែង​សែន​ជ័យ មាន​បារមី​កាន់ ធ្វើបាប​មនុស្ស​ក្នុង​វត្ត​ខ្លាំងណាស់​។​
​សូម្បីតែ​ក្មេងៗ​ក្នុងភូមិ​ក៏​មិនអាច​ទៅលេង​ក្បែរ​ទូក​នោះ​បានដែរ​ព្រោះ​ក្មេង​បានឃើញ​រឿង​ចម្លែក​មក​បន្លាច​ធ្វើឱ្យ​ក្មេង​ស្រែកយំ​នាំគ្នា​រត់​អស់​។ កាលពី​១​ខែ​មុន ទូក​មួយ​នោះ​ត្រូវបាន​អ្នកភូមិ​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់គ្រង​ខាង​ថែរក្សា​ទូក​យក​ចេញពី​ភូមិ​។ បើសិនជា​ទុក​ទូក​នៅ​តទៅទៀត​អ្នកភូមិ​និង​ព្រះសង្ឃ​នឹង​ស្នាក់នៅ​លែងកើត​ហើយ​។​

​អ្នកស្រី​ធីតា​អ្នកលក់ដូរ​ក្បែរ​របង​វត្ត​ម្នា​ក់បាន​និយាយថា​កន្លងមក​មាន​ព្រះសង្ឃ​តូច​មួយអង្គ​ទៅ​គង់​លេង​លើ​ក្បាលទូក​ហើយ​កើតជា​ឈឺ​ភ្លាមៗ​(​ហើម​ពង​)​មួយ​រំពេច​ក៏​ស្រែកហៅ​ឲ្យ​គេ​ជួយ​បង្ក​មានការ​ភ្ញាក់ផ្អើល​។​ក្រោយពី​កើត​ឈឺ​ចម្លែក​លើ​កូន​នេន​មួយអង្គ​ចាស់ៗ​និង​ព្រះសង្ឃ​បាន​បន់ស្រន់​សុំទោស​បារមី​ទូក​កូន​នេន​នោះ​ក៏​បាត់​ឈឺ​ទៅវិញ​។​

ប្រធានភូមិ​ហាង​ខូ​សួន​បាន​អះអាងថា បន្ទាប់ពី​មានរឿង ជាច្រើន ក្នុង​វត្ត​មនុស្ស​ក្នុងភូមិ​បាន​សុំឱ្យ​យក​ទូក​ចេញពី​ក្នុង​វត្ត​។​បន្ទាប់ពី​មាន ការអនុញ្ញាត ពី​ថ្នាក់ដឹកនាំ​ខេត្ត​រួចហើយ​អ្នកភូមិ ប្រមាណ​ជា​៥០​ទៅ​៦០​នាក់ នាំគ្នា​រៀបចំ​ពិធី​និង​សែង​ទូក​ទម្លាក់​ទឹក​យកទៅដាក់​នៅ​ជិត​គល់ស្ពាន​សេកុង​ក្បែរ​ក្រុង​ស្ទឹងត្រែង​។​

​អ្នកភូមិ​រៀបរាប់ថា​ទូក​នោះ​អ្នក​កាន់​បារមី​គឺជា​មនុស្ស​ស្រី​ចង់ទៅ​ចូលរួម​ប្រណាំង​និង​ត្រូវការ​រៀបចំ​ពិធី​ផ្សេងៗ ដើម្បី​រំលឹក​គុណ ដល់​អ្នកថែរក្សា​។​មកពី​ទុក​ទូក​ចោល​ទើប​មានរឿង​បែបនេះ​។​អ្នកភូមិ​ថា​បារមី​ទូក​នឹង​ពន្យល់​រឿង​ចម្លែកៗ​នៅ​រៀងរាល់ថ្ងៃ​សិល្ប៍​និង​ពិធីបុណ្យ​ផ្សេងៗ​។​មានការ​អះអាងថា​បារមី​កាន់​ក្បាលទូក​ចង់ឱ្យមាន​មនុស្ស​ថែរក្សា​មិនត្រូវ​ទុកចោល​ដូចនេះ​ឡើយ​។​

​អ្នកស្រី​ប្រធានភូមិ​យល់ថា​អ្នកភូមិ​ជឿ​បែបនេះ​ក៏​ជា​រឿង​ម្យ៉ាងដែរ​។​ប៉ុន្តែ​សម្រាប់​គាត់​មិន​ជឿថា​ទូក​អាចមាន​បារមី​កាន់​ហើយ​មក​កាច់​ធ្វើឱ្យ​អ្នកភូមិ​ឈឺ​ស្លាប់​នោះទេ​។​ពេល​អូស​ទូក​ទម្លាក់​ទឹក​កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​ទូកង​នោះ​ត្រូវគេ​យកមក​ទុក​លើគោក​នៅក្បែរ​គល់ស្ពាន​សេកុង​។​បន្ទាប់មកទៀត​ក៏​ដឹក​យកទៅ​ទុកចោល​នៅក្នុង​បរិវេណ​ដីឡូត៍​មួយកន្លែង​កម្មសិទ្ធិ​ដី​លោក​ខេង​ទិ​ត្យ​សីហា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តស្ទឹងត្រែង​ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ប្ញ​ស្សី​ក្រុង​ស្ទឹងត្រែង​។​ពេល​យក​ទូក​ទុក​នោះគេ​ឃើញ​ទុកចោល​នៅ​ហាលថ្ងៃ​ហាលភ្លៀង​គ្មាន​អ្នកមើល​ថែទាំ​ឡើយ​។​

​ទាក់ទង​នឹង​ទុក​ទូក​ចោល​លោក​ប៊ុន​ណា​រី​អភិបាលក្រុង​ស្ទឹងត្រែង​ឱ្យដឹងថា​ទូក​នេះ​ធ្លាប់បាន​យកទៅ​ប្រណាំង​នៅ​ទីក្រុង​ភ្នំពេញ​។​ក្រោយពី សម្តេច​នរោត្តម​សីហនុ​សោយ​ទិវង្គត​នៅ​ឆ្នាំ​២០១២​ពិធី​ប្រណាំងទូក​ត្រូវ​ផ្អាក​មួយឆ្នាំ​។​ទូក​ត្រូវគេ​យកមក​រក្សាទុក​នៅ​វត្ត​រស្មី​សាមគ្គី​។​រឿង​ច្រើន​ទៀត​លោក​ដឹង​មិន​ច្បាស់​ទេ​។​ប៉ុន្តែ​ពេល​ប្តូរ​ទីតាំង​រក្សាទុក​ទូក​ធ្វើឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាម​ហេតុផល​ទុក​ក្នុង​វត្ត​មិនបាន​។​

លោក​ម៉េង​អៀង​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​និយាយថា​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ទូក​នោះ​លោក​មិន​បានដឹង​ច្បាស់​ទេ ព្រោះ​លោក​ទើប​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ហើយ​ជា​មនុ​ស្សមក​ក្រៅ​ខេត្ត​។​គ្រាន់តែ​ដឹង​ខ្លះ​ថា​អ្នកភូមិ​ជឿ​លើ​ទូក​មាន​បារមី​ធ្វើបាប​អ្នកភូមិ​និង​ព្រះសង្ឃ​គង់​ក្នុង​វត្ត​។​លោក​ផេង​ណា​ឡៃ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​ទូកង​ដែល​គេ​ទុកចោល​នោះ​មាន​រយះពេល​យូរ​ឆ្នាំ​ហើយ​។​ទូក​នោះ​មានឈ្មោះ​ស្ទឹងត្រែង​សែន​ជ័យ​អាច​ផ្ទុក​មនុស្ស​បាន​៦៥​នាក់ ធ្វើ​ពី​ដើមឈើ​គគីរ មាន​ល្បឿន​ល​លឿន​ធ្លាប់​ប្រណាំង​ជាប់​លេខ​២​ម្តង​។​

​បន្ទាប់មក​ទុកចោល​មិនមាន​អ្នក​សម្អាត​រហូត​ឈើ​ក្លាយទៅជា​ពុក​ប្រើការ​លែងកើត​។​ទូក​.​ង​ស្ទឹងត្រែង​សែន​ជ័យ​នេះ​ក្រោយពី​ទុកចោល​មាន​សភាព​ទ្រុឌទ្រោម​មិនអាច​ជួសជុល​យកទៅ​ប្រណាំង​បាន​ទៀតឡើយ​គឺ​មានតែ​ទុកចោល​ប៉ុណ្ណោះ​។​លោក​ផេង​ណា​ឡៃ​បាន​និយាយទៀតថា​រាល់​ការ​ប្រណាំងទូក​.​ង​នៅ​ភ្នំពេញ​ម្តងៗ​ត្រូវការ​មនុស្ស​ចាប់ពី​៧០​ទៅ​៨០​នាក់​រួមទាំង​ចុងភៅ​។​យ៉ាងហោចណាស់​នឹងត្រូវ​ចំណាយ​ប្រាក់​ប្រហែល​៥០​ទៅ​៦០​លាន​រៀល ពេល​ទៅ​ចូលរួម​ប្រណាំងទូក​.​ង ថ្នាក់ជាតិ នៅ​ទីក្រុង​ភ្នំពេញ​ម្តងៗ​៕S/​ដោយៈ សុខុម​

​អ្នកភូមិ​ជឿថា​ទូក​.​ង​.​ទុកចោល​ច្រើន​ឆ្នាំ​បារមី​កាន់​ធ្វើឱ្យមាន​មនុស្ស​ឈឺ​និង​ស្លាប់​