​ ​ ​ ​ ​ចាប់ខ្លួន​មេឃុំ​កៀន​ជ្រៃ​ពីបទ​ហិង្សា​និង​គំរាម​សម្លាប់​អ្នកដទៃ​

385

(​កំពង់ចាម​)៖​កម្លាំង​នគរបាល​ខេត្តកំពង់ចាម​បាន​ចាប់ខ្លួន​បុរស​ម្នា​ក់មាន​តួនាទី​ជា​មេឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម មកពី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា​នេះ​ក្រោយពី​ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​វាយ ជេរប្រមាថ​អាយុជីវិត និង គំរាម​សម្លាប់​លើ​ពីរ​នាក់​ប្តី​ប្រពន្ធ​កាលពី​យប់​ថ្ងៃបុណ្យ​ភ្ជុំ​កន្លងទៅនេះ​។​

​អំពើហិង្សា​ដោយ​ចេតនា និង​គំរាមកំហែង​លើ​អ្នកដទៃ​ដែល​បង្កឡើង​ដោយ​មេឃុំ​មេ​ម្នាក់នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ក្បែរ​ផ្ទះ​ជនរងគ្រោះ និង​ជនបង្ក​ស្ថិតក្នុង​ភូមិ​កៀន​ជ្រៃ​ក្នុង ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម​កាលពី​ម៉ោងជាង ៩​យប់​នា​ថ្ងៃទី ២០​ខែកញ្ញា​ឆ្នាំ​២០១៧​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្តកំពង់ចាម​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹងថា ជនល្មើស​ជា​មេឃុំ​កៀន​ជ្រៃ​ដែល​ជាប់​សង្ស័យ ក្នុង​បទល្មើស​ខាងលើ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ លឹម ប្រុស អាយុ ៤៥ ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ ទូច ផល្លា អាយុ ៣៨ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ិច ស្រី អាយុ ៤៩ ឆ្នាំ​។​

លោក​ស្នងការរង បានឱ្យដឹង​ទៀតថា ការចាប់ខ្លួន​ឈ្មោះ លឹម ប្រុស ជា​មេឃុំ​កៀន​ជ្រៃ​របស់​គណបក្ស​សង្គ្រោះ​ម្នាក់នេះ គឺធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ និង​តាម​បញ្ជា​របស់លោក ហួត វុទ្ធី ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​បាន​បន្ថែមថា នៅ​យប់​ថ្ងៃទី ២០ កញ្ញា​នោះ​ឈ្មោះ​ទូច ផល្លា បាន​មានទំនាស់​ពាក្យសម្តី​ជាមួយ​ឈ្មោះ លឹម ប្រុស ហើយ​លឹម ប្រុស បាន​វាយ​ចំ​កណ្តាល​មុខ​មួយ​ដៃ​លើ ទូច ផល្លា នៅ​ចំពោះមុខ​ប្រពន្ធ​ខ្លួន ប៉ិច ស្រី​។ បន្ទាប់មក​លឹម ប្រុស បាន​ប្រើ​ពាក្យអសុរស​ជាច្រើន ជេរប្រមាថ និង​គំរាម​សម្លាប់​លើ​ឈ្មោះ ប៉ិច ស្រី ដូចជា​ថា​”​ង៉ែ​ង​លើក​រោង​ការកូន​មិន​បានទេ បើ​ហ៊ាន​លើក​គឺ​ដាក់​ទង់​ស​ហើយ​”​។
​ជនសង្ស័យ​លឹម​ប្រុស​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពី​ភាគី​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​មែន​។ ចំណែក​ខាង​សមត្ថកិច្ច​បាន​កំពុង​កសាង​សំណុំ​រឿងនេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ជុំវិញ​ករណី​លោក លឹម ប្រុស ជា​មេឃុំ​កៀន​ជ្រៃ​នេះ តាម​ការ​ឱ្យដឹងពី​មន្ត្រី​ក្រុមប្រឹក្សាឃុំ​នេះ​បាន​បង្ហើប​ឱ្យដឹងថា កាលពី​មេឃុំ​រូបនេះ​នៅ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ គឺ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ករណី ដូចជា​ករណី​រំលោភ​សេពសន្ថវ​:​លើ​ប្រពន្ធ​អ្នកដទៃ ហើយ​បច្ចុប្បន្ន​ជនរងគ្រោះ​ជា​ស្ត្រី​ម្នាក់​នោះ​ត្រូវបាន​ប្តី​លែងលះ​។ ករណី​បន្ទាប់មកទៀត គឺ​ករណី​ប៉ុនប៉ង​សម្លាប់​(​យក​ពូថៅ​គប់​លើ​អ្នកជា​ខាង​ម្នាក់​)​ហើយ​ករណី​ទាំងពីរ​ខាងលើ​ត្រូវបាន​សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​៕S/​ដោយ​: ភោគ សម្បត្តិ​

​ចាប់ខ្លួន​មេឃុំ​កៀន​ជ្រៃ​ពីបទ​ហិង្សា​និង​គំរាម​សម្លាប់​អ្នកដទៃ​