​ ​ ​ ​ ​ ​កម្ពស់​ទឹក​នៅ​កំពង់ចាម​សល់​ជាង​កន្លះ​ម៉ែត្រ​ទៀត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​

736
ចែករម្លែក
  • 20
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ហក់​ឡើងដល់​កម្ពស់​១៤,៦០​ម៉ែត្រ​គឺ​នៅសល់​កម្ពស់​០,៦០​ម៉ែត្រ​ទៀត​នឹង​ឈានដល់​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ហើយ​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង ស្រុក​-​ក្រុង​ចំនួន ប្រាំមួយ ជាប់​ដង​ទន្លេមេគង្គ​ត្រៀមលក្ខណ​:​បង្ការ​ជា​បណ្តើរៗ រួចជាស្រេច​។​
​ ​
​លោក អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣១ កក្កដា​នេះ​ថា ខណ​:​នេះ​តំបន់​ដែល​ខ្ពស់​ទឹកជំនន់​ទន្លេ​នេះ​ទើបនឹង​លួ​ន​ចូល​ដូចជា​អាងទឹក​មួយចំនួន​ទឹកបាន​ចូលដល់​ខ្លះ​ហើយ​។​

ចំណែក​តំបន់​ដែល​ទាប​វិញ​គឺ​ទឹកបាន​លិច​អស់ហើយ​ពិសេស​ស្រុក​ក្រុង​ដែល​ជាប់​ដង​ទន្លេមេគង្គ​ទាំងអស់ មានស្រុក​កោះសូទិន​ដែល​ទាប​ជាងគេ គឺ​រង​ផលប៉ះពាល់​ពី​ជំនន់​ទន្លេ​នេះ​មុនគេ​។​
​ ​
​ប្រធាន​មន្ទីរ​បាន​បន្តថា​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣១​កក្កដា​ឆ្នាំ​២០១៨​នេះ​នៅ​ស្ថានីយឧតុនិយម​ខេត្តកំពង់ចាម​ទឹកបាន​ហក់​ឡើងដល់​កម្ពស់ ១៤,៦០ ម៉ែត្រ គឺ​ឡើង​ខ្ពស់ជាង​ថ្ងៃទី ៣០ ម្សិលមិញ​ចំនួន ០,២៤ ម៉ែត្រ​។

មានន័យថា នៅសល់​កម្ពស់ ០,៦០ ម៉ែត្រ​ទៀត​នឹង​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន គឺ​កម្ពស់ ១៥,២០ ម៉ែត្រ​នោះ​ហើយ​។​ប៉ុន្តែ​ខាង​អាជ្ញាធរខេត្ត​បាន​ប្រាប់​ដល់​មន្ទីរ​ពាក់ព័ន្ធ​និង​ស្រុក​ជាប់​ដង​ទន្លេមេគង្គ​ត្រៀម​បង្ការ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​រួចរាល់​អស់ហើយ​។​
​ ​
​លោក​ចាន់​ផល្លី​អភិបាលក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹងថា​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ទឹកជំនន់​ទន្លេមេគង្គ​យើង​បាន​បិទ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញពី​ក្រុង​ចំនួន ប្រាំ កន្លែង​មាន​: សង្កាត់​បឹង​កុក​ចំនួន ពីរ កន្លែង , សង្កាត់​សំបួរមាស​ចំនួន​ពីរ​កន្លែង​និង​សង្កាត់​វាលវង់​ចំនួន​មួយកន្លែង​។​ដោយសារ​ទឹកជំនន់​ទន្លេ​គ​ង្គ​នៅ​ខេត្តកំពង់ចាម​កម្ពស់ ១៤ ម៉ែត្រ​ឡើងទៅ​ចាប់ផ្តើម​ហូរ​ចូលក្នុង​ក្រុង​តាម​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នេះ​បណ្តើរៗ​ហើយ​។​
​ ​
​លោក​អភិបាលក្រុង​បាន​បន្តថា ជាមួយ​នោះអាជ្ញាធរ​បាន សុំ​ការសហការ​ពី​ខាង មន្ទីរ​ធនធានទឹក ដើម្បី​ត្រៀម​ម៉ាស៊ីនបូមទឹក​ចំនួន ប្រាំមួយ គ្រឿង ទុក​សម្រាប់​បូម​រំដោះ​ទឹក​ចេញពី​ក្រុង​ចំនួន ពីរ​កន្លែង គឺ​លូ​ខាងក្រោម​ស្ពាន​គី​ហ្ស៊ូ​ណា​ចំនួន បួន គ្រឿង និង​លូ​ជា​ទ្វារ​ទឹក​នៅ​ទំនប់​ព្រែក​ដើម​ចាន់​ចំនួន ពីរ គ្រឿង​ទៀត​។​

​ជុំវិញ​បញ្ហា​ទឹកជំនន់​ទន្លេមេគង្គ​នេះដែរ​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ក្នុង​ពិធី​ចែក​កង់​ចំនួន​៥០​គ្រឿង​ដល់​កុមារកំព្រា​ខេត្ត​នេះ​កាលពី​ថ្ងៃទី​៣០​កក្កដា​ថា​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​គឺ​កុំ​ធ្វេស​ប្រហែល។​​

ការសប្បាយ​មួយ​ភ្លែត​ដើម្បី​លេង​ទឹក បែរ​បង្ក​ឲ្យ​លង់ទឹក​ស្លាប់​នោះ គឺ​ខិតខំ​ថែរក្សា​ជីវិត​ឲ្យ​រស់នៅ​បានយូរ​អង្វែង​។ ដោយ​យើង​នៅតែ​មានការ​អាណិត និង​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ បាត់បង់​ជីវិត​ជាង ២០ នាក់​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ពី​ជំនន់​ទន្លេ​នេះ​។​
​ ​
​លោក​គួច​ចំរើន​បាន​ថ្លែងបន្តថា​មួយវិញទៀត​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង​ដែរ​លើស​ត្វ​អាសីរពិស​នានា​ដែល​វា​បាន​រត់គេច​ពី​ទឹក​លិច​បើ​ពួកវា​បាន​ចឹក​ខាំ​ទិច​ដល់​យើង​ជាដើម​នោះ​គឺ​សូម​បងប្អូន​រួសរាន់​សង្គ្រោះ​អ្នករងគ្រោះ​មកកាន់​មន្ទីរ​ដែល​ជិត​បំផុត​។

​ដោយ​នៅតាម​គ្រប់​មន្ទីរ​ពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​នេះ​បាន​ត្រៀម​ថ្នាំ​ប្រឆាំងនឹង​ពិស​សត្វ​ទាំងនោះ​រួចហើយ​។​ពិសេស​កុំ​បន្ត​ទុក​ឲ្យ​គ្រូ​ស្តោះផ្លុំ​ដែលជា​ការផ្តល់​ឳ​កាស​ឲ្យ​ជាតិ​ពិស​វា​ជ្រាប​ចូលដល់​បេះដូង​នោះ គឺ​សង្គ្រោះ​ជីវិត​មិនទាន់​ឡើយ​។​។​

​គួរ​បញ្ជាក់ថា តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ខេត្តកំពង់ចាម​ក៏​ជា​ខេត្ត​មួយ​ជាប់​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ ជា​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​ដែរ​។

ក្រសួង​ជំនាញ​មួយ​នេះ​បាន​ព្យាករ​ថា កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ នឹង​អាច​ហក់​ឡើង​លើស​កម្រិត​ប្រុងប្រយ័ត្ន ០,២៥ ម៉ែត្រ​នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០១៨​។ ដោយសារ​កម្រិត​ទឹកភ្លៀង​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​នៅ​ប្រទេស​ថៃ និង​ឡាវ​បន្ត​កើនឡើង​៕S/

​ ​កម្ពស់​ទឹក​នៅ​កំពង់ចាម​សល់​ជាង​កន្លះ​ម៉ែត្រ​ទៀត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​