​ បើករថយន្ត​ក្នុងស្ថានភាព​ងងុយដេក​បុក​ដើម​អាកាស្យា​របួស​៥​នាក់​ស្រុក​រលារ​ប្អៀ​រ​

1075
ចែករម្លែក

(​កំពង់ឆ្នាំង​)៖​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​រថយន្ត​លុច​ស៊ី​ស​RX330​មួយគ្រឿង​ដែល​អ្នកបើកបរ​ស្ថិតក្នុង​ភាព​ងងុយដេក​ក៏​ងោក​មួយភាំង​បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​បុក​បង្គោល​ចំណាំង​ប្លាត​បាក់​អស់​៤​ដើម និង​បុក​ជាប់​ដើម​អាកាស្យា បណ្ដាលឱ្យ​រថយន្ត​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​និង​រងរបួស​៥​នាក់​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០២​និង​១០៣ ស្ថិតនៅ​ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលារ​ប្អៀ​រ​ខេត្តកំពង់ឆ្នាំង​កាលពី​ល្ងាច ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ថា មុនពេល​កើតហេតុ​រថយន្ត​លុច​ស៊ី​ស​ពណ៌​ស្ករ មាន​ស្លាក​លេខ ភ្នំពេញ 2Q.0825 បាន​បើក​យ៉ាង​លឿន​ពី​ក្រុងភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់​។ លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​បើក​ងោក​មួយ​ភាំង ក៏បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​
​ធ្លាក់​ពីលើ​ផ្លូវជាតិ និង​បាន​បុក​រះ​បង្គោល​ចំណាំង​ប្លាត​បាក់​អស់​៤​ដើម ហើយ​បើក​ទៅមុខ​ប្រមាណ​ជាង​២០​ម៉ែត្រ​ទៀត ទើប​បុក​ជាប់​នឹង​ដើម​អាកាស្យា​នៅ​មាត់​ប្រឡាយទឹក​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បាន​ខូច​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ចំណែក​អ្នកជិះ​ក្នុង​រថយន្ត​មាន​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៥​នាក់ បាន​រងរបួស​ស្រាល ដោយសារ​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​បាន​ផ្ទុះ​ទាំងអស់​ជួយ​ទប់​ការពារ​។ បន្ទាប់មក​ជនរងគ្រោះ​បាន​ជួល​​រ៉ឺម៉ក​ម៉ូតូ​ជិះ​មក​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ហើយ​ម្ចាស់​រថយន្ត​បាន​សង​ថ្លៃ​បង្គោល​ចំណាំង​ប្លាត​ទៅ​សមត្ថកិច្ច ហើយ​ជួល​រថយន្តស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕S/​ដោយ​៖​សហការី

បើករថយន្ត​ក្នុងស្ថានភាព​ងងុយដេក​បុក​ដើម​អាកាស្យា​របួស​៥​នាក់​(រូប៖វ៉េបសាយ)

#