​ADB នឹង​ជួយ​រៀបចំ​ប្រព័ន្ធ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​

604
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ដើម្បី​ជំរុញ​ដល់​ធនធានមនុស្ស​និង​ដើរ​ឱ្យទាន់​ទីផ្សារការងារ​នោះ​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ហៅ​កាត់​ថា​(ADB)​បាន​សន្យាថា​នឹង​ជួយ​រៀបចំ​ប្រព័ន្ធ​បណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចំរើន​នៃ​ពិភពលោក​យុគសម័យ​ថ្មី​នេះ​។​

​លោក​ពេ​ជ​សោភ័ន​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​SuniyaDurraniJamal​នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ​ឱ្យដឹងថា​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ ADB​នឹង​ជួយ​រៀបចំ​កម្មវិធីសិក្សា សង់​អគារសិក្សា​បន្ថែម​។​ជាមួយ​នោះ​បំពាក់​សម្ភារៈ​រោង​ជាង​ទំនើប​បណ្តុះបណ្តាល​បន្ថែម​ដល់​គ្រូ​និង​អ្នកដឹកនាំ​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ឲ្យ​ស្របទៅតាម​បច្ចេកវិទ្យា​ឌីជីថល​និង​បដិវត្ត​ឧស្សាហកម្ម​បួន​ចុច​សូន្យ​។​

លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា​”​ក្នុង​ការជួយ​រៀបចំ​ប្រព័ន្ធ​បណ្តុះបណ្តាល​របស់​ADB​នេះ​គឺធ្វើឡើង​តាមរយៈ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៩-២០២៣ ខាងមុខនេះ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​”​។​

ទន្ទឹម​ជាមួយគ្នា​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា​គម្រោង​ថ្មី​នេះ​នឹង​ជួយ​ដល់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​វិជ្ជាជីវៈ​ចំនួន​៥​ដែល​មាននៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​ដើម្បី​ឲ្យ​វិទ្យាស្ថាន​ទាំងនោះ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ដល់​សិស្ស​-​និស្សិត​ឲ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ជាមួយ​យុវជន​នៅក្នុង​តំបន់​។​

​លោក​ថា​នៅ​ឆ្នាំ​២០១៩​នេះ​ក្រសួង​នឹងធ្វើ​កំណែ​ទំរង់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ដោយ​ផ្តោត​សំខាន់​ទៅលើ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​យន្តការ​និង​បុគ្គល​នៃ​អង្គភាព​បណ្តុះបណ្តាល​នីមួយៗ​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ​នៅក្នុង​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ ។

ជាមួយគ្នានេះ​ក្រសួង​ក៏​នឹងធ្វើ​ទំនើបកម្ម​ផងដែរ​ទៅលើ​កម្មវិធីសិក្សា​ការពង្រឹង​គុណភាព​គ្រូ​និង​ថ្នាក់ដឹកនាំ​នៅតាម​អង្គភាព​បណ្តុះបណ្តាល​នានា​ដើម្បី​ស្របទៅតាម​ការវិវត្តន៍​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ដែល​ផ្តោត​សំខាន់​ទៅលើ​ការប្រើ​បច្ចេកវិទ្យា​ឌីជីថល​៕S/

លោក​ពេ​ជ​សោភ័ន​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Suniya Durrani Jamal នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​