​TV5​យក​កីឡាករ​អន្តរជាតិ​ប៉ះគ្នា​ជាមួយ​កីឡាករ​ឆ្នើម​វ៉ៃ​ឡើង​ផ្អើល​ពេញ​សង្ក្រាន្ត​ព្រៃវែង​

470
ចែករម្លែក
  • 13
    Shares

ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​សហការ​ជាមួយ​ខេត្តព្រៃវែង​និង​ក្រុម​(​សហព័ន្ធ​សភាព​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​បាន​នាំយក​កីឡាករ​ថៃ​ជើង​ខ្លាំង​បី​រូប​ឱ្យ​ប៉ះគ្នា​ជាមួយ​កីឡាករ​ប្រដាល់​ឆ្នើម​របស់​ខ្មែរ​យើង​ក្នុង​ព្រឹត្តិការណ៍ Khmer Fight ឡើង​ផ្អើល​ពេញ​នៅ​សង្ក្រាន្ត​ព្រៃវែង​។​

​លើក​នេះ​កាន់តែ​អស្ចារ្យ​ដែល​TV5 បាន​នាំយក​ព្រឹត្តិការណ៍​ធំ​នៃ​ការប្រកួត​ប្រដាល់​លក្ខណៈ​អន្តរជាតិ Khmer Fight ដាក់​ក្នុង​ពិធី​អបអរ​សង្ក្រាន្ត​ព្រៃវែង កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​អភិបាលខេត្ត លោក ជា សុ​មេធី និង រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លោក ស សុខា នៅ​ទីលាន​បាល់ទាត់​ក្រុង​ព្រៃវែង អមដោយ​មាន​មនុស្ស​រាប់សិប​ម៉ឺន​នាក់ ។

TV5​បាន​នាំយក​កីឡាករ​ថៃ​ដែលជា​ជើង​ខ្លាំង​មាន​កណ្តាប់ដៃ​ធ្ងន់​និង​ជើង​រហ័ស​ចូលរួម​ព្រឹត្តិការណ៍​នេះ​។​ក្នុងនោះ កីឡាករ ឡៅ ចន្ទ្រា ប៉ះ​ជាមួយ​កីឡាករ​មកពី​ប្រទេស​អ៊ីតាលី ហ្វី​ឌឺ​រី​កូ (Federico Ernesto) ខណៈ​កីឡា​ការបរទេស​រូបនេះ​ពិតជា​ខ្លាំង​មែនទែន តបត​មិន​សម្រាក់​ដៃ​សោះ លើ ឡៅ ចន្ទ្រា​។ ប៉ុន្តែ​ដល់​ទឹក​ទី​៣​ឡៅ​ចន្ទ្រា​បញ្ចេញ​កណ្តាប់ដៃ​និង​កែង​សម្រុក​លើ​កីឡាករ​អ៊ីតាលី​យកឈ្នះ​ដោយ​ពិន្ទុ​។

​កីឡាករ​ជើងចាស់​លោក រឿង សោ​ភ័​ណ្ឌ ដែល​ឡើង​វ៉ៃ​ជាមួយ​កីឡាករ​ថៃ ឆន​ណា​ស័​ក្ត (Petchmai Chornagsak) ត្រូវបាន​មហាជន​មើលឃើញ​កីឡាករ​ថៃ​មាន​កម្លាំង​ខ្លាំង​និង​រឹងមាំ មិន​ណ​យ​ឡើយ ដែល​ធ្វើឱ្យ រឿង សោ​ភ័​ណ្ឌ ពិបាក​បំបាក់​ឱ្យ​ថៃ​ចាញ់​ភ្លាមៗ​ណាស់ ។ ក្នុង​ទឹក​ទី​២ កីឡាករ​ថៃ​វាយបក​ឱ្យ​រអិលដួល​ម្តង ចំ​បោក​ឱ្យ​ដួល​ម្តង និង អុក​ជង្គង់​មូ​យ​ជើង លើ រឿង សោ​ភ័​ណ្ឌ ធ្វើ​ថយ​អង្គុយ​ចុះ​។ ប៉ុន្តែ​ដល់​ទឹក​ទី​៣​វិញ កីឡាករ​មាន​ប្រជាប្រិយ​រូបនេះ រឿង សោ​ភ័​ណ្ឌ ក៏​មិន​រាថយ​ឡើយ ខំប្រឹង​សម្រុក​ហក់​វ៉ៃ​និង​លោត​ទាត់​កីឡាករ​ថៃ រហូត គណៈ​កម្ម​ឱ្យ​ស្មើរ​គ្នា​ទៅវិញ ។

​ចំណែក​កីឡារ​កម្ពុជា​ដ៏​ល្បី​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម លោក ឃុន ឌី​ម៉ា មក​ត្រូវ​ជួប​ជើង​ខ្លាំង​ថៃ មឿ​ន​ស៊ី​ម៉ា (Thong Mueangsima) ដែល​គូ​នេះ​ពិតជា​អស្ចារ្យ​ដោយ​វ៉ៃ​មិន​ដក​ដៃ​ឡើយ​។ ទឹក​ទី​១ និង​ទី​២​ស្ថានភាព​នៃ​ការ​សម្រុក​របស់​កីឡាករ​ទាំងពីរ​រូបនេះ​ស្មើរ​គ្នា​ប៉ុន្តែ​កីឡាករ​ថៃ​រូបនេះ​រៀង​រឹងមាំ​ពិបាក​ក្នុង​វ៉ៃ​ចូល​។

លុះដល់​ទឹក​ទី​៣​ឃុន​ឌី​ម៉ា​មិន​បង្អន់​ទម្ងន់ដៃ​ឡើយ​ដោយ​វ៉ៃ​សម្រុក​លើ​ផ្ទៃមុខ​យ៉ាង​រហ័ស និង ប្រើ​ជើង​ទាត់​បំ​បុក​ចំ​ទ្រូង​លើ​កីឡាករ​ថៃ ។ ជិះ​ដល់​អស់ម៉ោង ឃុន ឌី​ម៉ា ប្រើ​កែង​បំ​បុក និង កែង​បក ធ្វើ​បែក​លើ​ថ្ងាស់​ឈាម​ហូរ​ស្រោក​លើ​ផ្ទៃ​។ គណៈកម្មការ​ឱ្យ ឃុន ឌី​ម៉ា ឈ្នះ​ដោយ​ពិន្ទុ​។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Khmer Fight នេះ​ត្រូវ​បានកំណត់​លក្ខខណ្ឌ​វ៉ៃ​តែ​បី​ទឹក​ប៉ុណ្ណោះ ហើយ​ការប្រកួត​តែងតែ​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មហាជន ខណៈ​ស្ថានីយទូរទស្សន៍​លេខ​៥ ក៏បាន​រៀបចំ​ម្តង​កាល​ថ្ងៃ​ឆ្លង​សាកល​ឆ្នាំ​២០១៩ អបអរ​ពិធី​សម្ពោធ​វិមាន​នយោបាយ​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕S/​