​យូសេត ផ្តល់​១០​លាន​ដុល្លារ​សម្រាប់​គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី​វ័យក្មេង​កម្ពុជា​

323
ចែករម្លែក
  • 59
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិឬយូសេត (USAID) បានផ្តល់​ទឹកប្រាក់​​១០​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​គាំទ្រ​គម្រោង​“​សហគ្រិន​នារី​សកម្ម​”​ដើម្បី​លើកកម្ពស់​សិទ្ធិអំណាច និង​ភាពជោគជ័យ​ក្នុង​ភាពជា​សហគ្រិន និង​ជា​ស្ត្រី​អ្នកដឹកនាំ​។​

“​គម្រោង​សហគ្រិន​នារី​សកម្ម​”​នេះ​​នឹង​អនុវត្ត​ដោយ​អង្គការ​ផេ​ក​កម្ពុជា​សម្រាប់​រយៈពេល​៥​ឆ្នាំ ដែល​ផ្តោតលើ​ការគាំទ្រ​សហគ្រិន​វ័យក្មេង​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​បាត់ដំបង​។​
​ ​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី​វ័យក្មេង​កម្ពុជា​កាលពី​ព្រឹក​ថ្ង​ទី​៦​ខែ មីនា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​ហ្គ្រេ​ត​ឌុ​ក លោកស្រី សា​ប៊ី​ន យូ​គ្គ (Sabine Joukess) នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ផេ​ក​និង​ជា​ប្រធាន​គម្រោង​“​សហគ្រិន​នារី​សកម្ម ៖ WE Act” ​មានប្រសាសន៍​​គម្រោង​“​សហគ្រិន​នារី​សកម្ម​”​ទទួលបាន​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ​អាម៉េរិក​ពី​ទីភ្នាក់ងារ​សហរដ្ឋអាម៉េរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ​ហើយ​អង្គការ​ផេ​ក​កម្ពុជា ជា​អ្នកអនុវត្ត​គម្រោង​។​

​លោកស្រី​បានឱ្យដឹងថា​គម្រោង​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ពី​ឆ្នាំ​២០១៨​ដល់​២០២៣​និង​គ្រោង​អនុវត្ត​នៅ​រាជធានី​ភ្នំពេញ,​សៀមរាប​និង​បាត់ដំបង​ដើម្បី​គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង​រវាង​អាយុ​ពី​១៥​ដល់​៣៥​ឆ្នាំ​។​លទ្ធផល​រំពឹងទុក​នៃ​គម្រោង​នេះ​គឺ​ការកាត់បន្ថយ​ឧបសគ្គ​យេន​ឌ៍រ​សេដ្ឋកិច្ច​ជំរុញ​ការចូលរួម​របស់​ស្ត្រី​ក្នុង​ដំណើរការ​ធ្វើការ​សម្រេច​ចិត្ត​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍក្នុងប្រទេស​កម្ពុជា​។​
​ ​
​លោកស្រី សា​ប៊ី​ន យូ​គ្គ បាន​គូសបញ្ជាក់ថា​“​ពិធី​ប្រកាស​ផ្សព្វផ្សាយ​នេះ គឺជា​ការចាប់ផ្តើម អនុវត្ត​វិធីសាស្ត្រ​ថ្មី​មួយ​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​សហគ្រិន​ស្ត្រី​ដោយ​ធ្វើការ​ជាមួយ​ដៃគូ​ដែល​កំពុង​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​សហគ្រិន​វ័យក្មេង​ហើយ​ធ្វើការ​រួមគ្នា​ជា​ប្រព័ន្ធ​មួយ​ក្នុងទិសដៅ​លើកស្ទួយ​សហគ្រិន​ស្ត្រី​ទាំងអស់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​សំដៅ​ឆ្ពោះទៅរក​ភាព​រីកចម្រើន និង​ភាពជោគជ័យ​”​។​

​គម្រោង​សហគ្រិន​នារី​សកម្ម​ទទួលស្គាល់ថា​ប្រព័ន្ធ​សហគ្រិន​នៅ​កម្ពុជា​កំពុងដំណើរការ​រួចស្រេច​ទៅហើយ​។​មាន​តួអង្គ​ជាច្រើន​កំពុងធ្វើការ​ទៅតាម​លទ្ធភាព​ផ្សេងៗ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​កម្លាំង​ថាមវន្ត​ដែល​រួមមាន​ទាំង​ឱកាស​អប់រំ ការពង្រឹង​បណ្តាញ ការវិនិយោគ​ដើមទុន ការបង្កើត​គោលនយោបាយ និយាម​សង្គម​និង​ចំណុច​ជាច្រើន​ផ្សេងទៀត​។

​ប្រព័ន្ធ​ដែលមាន​រួច​ស្រាប់​នេះ នឹង​អាច​ជំរុញ​ផង និង​ទប់ស្កាត់​ផង​ចំពោះ​ការផ្តល់ សិទ្ធិអំណាច​ដល់​សហគ្រិន​វ័យក្មេង​។ តាមរយៈ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ពួកគេ យើង​ពិតជា អាច​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ឱ្យ​សម្រេច​លើ​ជោគវាសនា​របស់​ពួកគេ​ផ្ទាល់ និង​រួមចំណែក​ដល់​ការកសាង​វិបុលភាព ក្នុង​សហគមន៍ ក៏ដូចជា​ការរីកចម្រើន​កាន់តែខ្លាំង​នៃ​វិស័យ​សេដ្ឋកិច្ចជាតិ​។​

តាម​ការប៉ាន់ស្មាន​បង្ហា​ញ​ថា​នៅក្នុង​ប្រទេស​កម្ពុជា ស្ត្រី​កម្ពុជា​ប្រហែល​ជាង ៦០ភាគរយ មាន​អាជីវកម្ម​ផ្ទាល់​ខ្លូន ហើយ​អាជីវកម្ម​តូចតាច​ដែលមាន​បុគ្គលិក​ចាប់ពី​១០​នាក់ ឬ​ច្រើនជាង​១០​នាក់​ឡើងទៅ មាន​ចំនួន​២៦​ភាគរយ​។ ចំណែកឯ​អាជីវកម្ម​របស់​ស្ត្រី​ដែល​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​មាន​ចំនួន​តិចជាង ២​ភាគរយ តែប៉ុណ្ណោះ​។

ចំណុច​នេះ​ចង្អុលបង្ហាញ​ពី “​ឧបសគ្គ​មិនទាន់បាន​ដោះស្រាយ​” ចំពោះ​សហគ្រិន​ស្ត្រី ដែលជា​គម្លាត​សេវាកម្ម​និង​ជា​កាលានុវត្តភាព​ដ៏​ធំ​មួយ​សម្រាប់​គាំទ្រ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​ដល់​ការរីកចម្រើន​របស់​ស្ត្រី ដែលជា​តួអង្គ សេដ្ឋកិច្ច​ដ៏​សំខាន់​។​

​លោកស្រី វី​ណា រេ​ដ​ឌី នាយិកា​បេសកកម្ម​ស្តីទី​នៃ​ទីភ្នាក់ងារយូសេតមានប្រសាសន៍ថា​ “​ទិសដៅ​របស់​យើង គឺ​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ដើម្បី​ដឹកនាំ​ជីវិត​ដែល​ពួកគេ​ជ្រើសរើស សម្រាប់​ខ្លួនឯង សម្រាប់​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​។ យើង​ជឿជាក់ថា​ការគាំទ្រ​ដល់​សហគ្រាស​ដែលមាន ស្ត្រី​ជា​ម្ចាស់​កម្មសិទ្ធិ នឹង​ជួយ​ឱ្យ​ស្ត្រី​វ័យក្មេង​ទាំងនេះ​ទទួលបាន​តួនាទី​ជា​អ្នកដឹកនាំ​នៅក្នុង​សង្គម​កម្ពុជា​។

​” លោកស្រី​បាន បន្ថែមថា “​យើង​កំពុង​សម្លឹង​មើលទៅ​គម្រោង​សហគ្រិន​នារី​សហកម្ម (WE Act) ដើម្បី​នាំយក​ដៃគូ ផ្សេងៗ​មក​រួម​ការងារ​ជាមួយគ្នា ដើម្បី​បង្កើតជា​តម្លៃ​រួមមួយ​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​សហគ្រិន​វ័យក្មេង​”​។​

លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​យើង​ចង់ឱ្យ​សិស្សានុសិស្ស​ចេះដឹង​ពី​របៀប​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ស្របទៅតាម​សក្កា​នុព​ល​របស់ខ្លួន​។ យើង​ចង់ឃើញ​សិស្សានុសិស្ស​នៅតាម​សាលា ចូលរួម​សិក្សា​រៀនសូត្រ​ពី​ជំនាញ សហគ្រិន និង​បំ​ណិ​ន​ជីវិត ដូច​បានកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​ក្រសួង​”​។​

លោកស្រី​អនុរដ្ឋលេខាធិការ​បាន​បន្តថា “​យើង​ចង់បាន​ការគាំទ្រ​បន្ថែមទៀត​ពី​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ រួមទាំង​អង្គការ​ផេ​ក​ផងដែរ ដោយ​សង្ឃឹមថា សហគ្រិន​ជំនាន់​ថ្មី​នេះ នឹង​អាចរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ការងារ ដោយ​ការបណ្តាក់ទុន​របស់​ពួកគេ​”​។​

ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​កម្មវិធី​ប​ណ្តុះ​បណ្តាល​អំពី​សហគ្រិនភាព ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​នៅ​កម្រិត​វិទ្យាល័យ​ចាប់តាំងពី​ដើមឆ្នាំ​២០១៧​។​គម្រោង​សហគ្រិន​នារី​សកម្ម ក៏​នឹង​ធ្វើការ​ជាមួយ សិស្សានុសិស្ស​នៅតាម​អនុវិទ្យាល័យ ហើយនឹង​ជំរុញ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​ដែល​អាច​លើកកម្ពស់​ជំនាញ​សហគ្រិនភាព​របស់​ពួកគេ​ផងដែរ​។ ជំនាញ​ទាំងនេះ​នឹង​ក្លាយជា​គុណ​តម្លៃ​មួយ​នៅពេល​ពួកគេ​ប្រឡូក​ក្នុង​អាជីព​ការងារ​ដែល​ពួកគេ​សម្រេចចិត្ត​ធ្វើទៅ​ថ្ងៃ​អនាគត​។

គួរឱ្យ​ដឹងផង​ដែរ​ថា​អង្គការ​ផេ​ក ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៧១ និង​កំពុង​ប្រតិបត្តិការ​សកម្មភាពរ​បស់​ខ្លួន​នៅក្នុង​ប្រទេស​ចំនួន ៤០ លើ​ពិភពលោក​។ អង្គការ​នេះ មាន​គោលដៅ​គាំទ្រ​ដល់​សហគមន៍​នានា​ដែល​ប្រឈម​នឹង​ភាពក្រីក្រ​និង​ភាព​ងាយ​រងគ្រោះ​ដោយ​ឈរលើ​ទស្សនៈ​យល់ឃើញថា​ពិភពលោក​មួយ​ដែល​គ្រប់គ្នា​ត្រូវតែ​ធ្វើជា​ម្ចាស់​លើ​អនាគត​របស់ខ្លួន​។ ចំណែក​ទីភ្នាក់ងារ USAID អនុវត្ត​ការងារ​ជាមួយ​ដៃគូ​រាជរដ្ឋាភិបាល​កម្ពុជា និង​អន្តរជាតិ​ទៅលើ​កម្មវិធី​អភិវឌ្ឍន៍​ជាច្រើន​សំដៅ​ផ្តល់​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។

កម្មវិធី​អភិវឌ្ឍន៍​ទាំងនោះ​រួមមាន ការពង្រឹង អភិបាលកិច្ច​ល្អ​លើ​វិស័យ​លទ្ធិ​ប្រជា​ធិ​ប​ត្យេ និង​សិទ្ធិមនុស្ស ការលើកកម្ពស់​សុខភាព និង​ការអភិវឌ្ឍ​កុមារ ការជំរុញ កំណើន​សេដ្ឋកិច្ចជាតិ ការកាត់បន្ថយ​ភាពក្រីក្រ ការបង្កើន​ផលិតភាព​កសិកម្ម និង​សន្តិសុខ​ស្បៀង ការជួយ​ដល់ គ្រួសារ​ប្រជាពលរដ្ឋ​ឲ្យ​សម្រប​ខ្លួន និង​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​របស់​ពិភពលោក ក៏ដូចជា​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​៕S/សរន

​USAID ផ្តល់​១០​លាន​ដុល្លារ​សម្រាប់​គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី​វ័យក្មេង​កម្ពុជា​