រួមគ្នា​បង្ការ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នា​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​តំបន់ឆ្នេរ​

1331
ចែករម្លែក

​ ​(​កំពត​)៖​កិច្ចអភិវឌ្ឍន៍​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​ជា​ផ្នែក​មួយ​ជួយ​បន្ថែម​ឱ្យមាន​ការរីកចម្រើន​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​។ ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ដើម្បី​រិះរក​វិធី​បង្ការ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ឱ្យមក​នៅ​កម្រិត​អប្បបរមា​តាមរយៈ​ការគ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព​ការលើកកម្ពស់​សុខុមាល​ភាព​ការអភិវឌ្ឍន៍​ធនធានធម្មជាតិ​នាពេល​បច្ចុប្បន្ន​និង​អនាគត​។​

​ទាំងនេះ​ជា​ប្រសាសន៍​របស់​មន្ត្រី​នៃ​ក្រសួងបរិស្ថាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអនុវត្តន៍​កម្មវិធី​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្តន៍​តំបន់ឆ្នេរ និង​ការរៀបចំ​របាយការណ៍​ស្ថានភាព​តំបន់ឆ្នេរ​សមុទ្រ​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​មិត្តភាព ក្រុង​កំពត ។​

ស្វាគមន៍​វគ្គ​បណ្តុះបណ្តាល​ដែលមាន​សមាជិក​សមាជិកា​មកពី​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​ចូលរួម កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៧​កន្លងទៅ​លោក​នៃ​គង់​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​កំពត​ជា​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ដែល​អនុវត្ត​កម្មវិធី​គ្រប់គ្រង​តំបន់ឆ្នេរ​បែប​សមាហរណកម្ម​ក្រោម​កិច្ចសម្របសម្រួល​និង​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន​ដែល​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​២០១៥​រហូតដល់​បច្ចុប្បន្ន​។​
ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ធនធានធម្មជាតិ​ព្រមទាំង​តំបន់ឆ្នេរ​បាននិងកំពុង​ទទួលរង​ការគំរាមកំហែង​បណ្តាលឱ្យ​ថយចុះ​ទាំង​បរិមាណ ទាំង​គុណភាព​គួរឱ្យ​ព្រួយបារម្ភ​បំផុត​។

​លោក​នៃ​គង់​បាន​បន្តថា​ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ​ផែនការ​សកម្មភាព​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ​គឺជា​ការងារ​អាទិភាព​ដើម្បី​ជំរុញ​អនុវត្ត​លើកកម្ពស់​សុខុមាលភាព​ព្រមទាំង​ការអភិវឌ្ឍ​ធនធានធម្មជាតិ​ការគ្រប់គ្រង​បរិស្ថាន​ប្រកបដោយ​ចីរភាព​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។​

លោក​ឡុង​រិ​ទ្ធិ​រក្ស​អគ្គនាយករង​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ពោរពេញ​ដោយ​ធនធានធម្មជាតិ​និង​ជីវចម្រុះ​ជាច្រើន​ប្រភេទ​ដែលមាន​តួនាទី​ដ៏​សំខាន់​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក្នុង​តំបន់​ពិសេស​មាន​សក្តានុពល​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាននិងកំពុង​ទទួលរ​ង​នូវ​ការគំរាមកំហែង​តា​រយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត​សម្រាប់​បម្រើ​វិស័យ​ឧស្សាហ​កម្មវិស័យ​ដឹកជញ្ជូន​ការអភិវឌ្ឍន៍​ទេសចរណ៍​វារីវប្បកម្ម​និង​ការពង្រីក​លំនៅស្ថាន​ជាដើម​។​

​ជាក់ស្តែង​ទឹកសមុទ្រ​កំពុង​ត្រូវបាន​បំពុល​ពី​ច្រើន​ប្រភព​ដូចជា​ការបង្ហូរ​សំណល់​រឹង​រាវ​ដោយផ្ទាល់​ភាពអនាធិបតេយ្យ​ក្នុងការ​បោះចោល​សំណល់ ការ​កំពប់​ប្រេង​ចេញពី​នាវា ពី​ទូក​នេសាទ ការសាងសង់​សំណង់​នានា កន្លែង​កម្សាន្ត​នៅលើ និង​ក្បែរ​មាត់ទឹក​ជាដើម​។ ម្យ៉ាងទៀត​ការធ្វើ​អាជីវកម្ម​នេសាទ​ខុសច្បាប់​បង្កឱ្យមាន​ភាពហិនហោច​ដល់​មច្ឆជាតិ​ពពួក​ជីវសាស្ត្រ​ចម្រុះ​និង​សត្វ​នៅ​បាតសមុទ្រ​យ៉ា​ត​ច្រើន​ប្រភេទ​។​

លោក​អគ្គនាយករង​បាន​បញ្ជាក់ថា​ប៉ុន្តែ​ការអភិវឌ្ឍន៍​មួយចំនួន​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យមាន​ការរីកចម្រើន​ដល់​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​ផងដែរ​។​ដូច្នេះ​វិធី​ដែល​ល្អ​គឺ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​រិះរក​មធ្យោបាយ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ឱ្យមក​នៅត្រឹម​កម្រិត​អប្បបរមា​ដូចជា​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​តាមបែប​វិចារណញ្ញាណ​ការគ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព​ជា​ចម្បង​៕S/​ដោយ បូកគោ​

​រួមគ្នា​បង្ការ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នា​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​តំបន់ឆ្នេរ​
(រូប៖បូកគោ)