អតីត​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រង​ការចោទប្រកាន់​៤៥​ករណី ពាក់ព័ន្ធ​ការលាង​លុយ​និង​ពុករលួយ​

695
ចែករម្លែក
  • 15
    Shares

អតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងជាប្រធានបក្សប្រឆាំងUMNO លោកអាម៉ាត ហ្សាហ៊ីត ហាមីឌី ត្រូវបាន​ចោទប្រកាន់៤៥ករណីនៅក្នុងតុលាការកាលពីថ្ងៃសុក្រទី១៩តុលា ពាក់ព័ន្ធប្រាក់១១៤លានរីងហ្គីត​(២៧,៤លាន​ដុល្លារ)។

ការចោទប្រកាន់នេះរួមមាន១០ករណីពីបទរំលោភទំនុកចិត្ត ពាក់ព័ន្ធនឹងមូនិធិសុខមាលភាពមួយដែលលោកធ្វើជាប្រធាន និង៨ករណីទៀតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយលុយ៤២លានរីងហ្គីត។

លោកអាម៉ាត ហ្សាហ៊ីត ហាមីឌី ទៅដល់តុលាការក្រុងកូឡាឡាំពួរកាលពីព្រឹកថ្ងៃសុក្រ ក្រោមការគាំទ្ររបស់សមាជិកបក្សនៅក្រៅតុលាកា។លោកត្រូវបាននាំមកកាន់តុលាការបន្ទាប់ពីត្រូវបានឃុំខ្លួននៅទីភ្នាក់ងារប្រឆាំងអំពើពុករលួយអស់មួយយប់

លោកក៏ត្រូវបានចោទប្រកាន់២៧ករណីទៀត ចំពោះការទទួលនិងផ្ទេរលុយខុសច្បាប់នៅក្រោមច្បាប់ប្រឆាំងការលាងលុយ។ការចោទប្រកាន់នេះពាក់ព័ន្ធប្រាក់សរុប៧២លានរីងហ្គីត។ទោះជាយ៉ាងណាលោកអាម៉ាត ហ្សាហ៊ីត ហាមីឌី បានបដិសេធមិនព្រមទទួលស្គាល់កំហុសចំពោះការចោទប្រកាន់ទាំងនេះទេ។

នៅទីបំផុត តុលាការបានអនុញ្ញាតអោយលោក នៅក្រៅឃុំដោយបង់ប្រាក់ធានាខ្លួនចំនួន២លានរីងហ្គីត ហើយករណីរបស់គាត់នឹងត្រូវលើមកជំនុំជម្រះនៅថ្ងៃ១៤ធ្នូ។

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏មានវត្តមាននៅតុលាការ ដើម្បីគាំទ្រលើកទឹកចិត្តលោកហ្សាហ៊ីត បុគ្កលដែលដឹកនាំUMNOបន្តពីលោក

សូមបញ្ជាក់ថា លោកអាម៉ាត ហ្សាហ៊ីត ហាមីឌី ដឹកនាំក្រុមប្រឆាំងអង្គការជាតិម៉ាឡេរួមបរួម(UMNO)ដែលបានដឹកនាំប្រទេសមួយនេះអស់៦០ឆ្នាំ មុនត្រូវបានបណ្តេញចេញពីអំណាចក្នុងការបោះឆ្នោតជាតិកាលពីខែឧសភា។លោកត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរប្រឆាំងអំពើពុករលួយម៉ាឡេស៊ី និងបានសម្រាកនៅទីនោះអស់មួយយប់មុនត្រូវបានបញ្ជូនមកកាន់តុលាការ៕ដោយ៖វាសនា

#