2243
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប និង ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា រយៈកាល​កន្លងមក កុមារ​បានទទួល​ការ​សេវា ផ្តល់​ការប្រឹក្សា​យោបល់​ផ្ទាល់ និង​តាមរយៈ​hotline បឋម​ពី​ការទប់ស្កាត់ និង​បទ​អន្តរាគមន៍ , ការធ្វើការ​ប៉ាន់ប្រមាណ​លើ​តម្រូវការ​សេវា​សុខភាព និង​ការពិនិត្យ​កោសល្យ វិ​ច្ច័​យ , ការផ្តល់សេវា​បញ្ជូនបន្ត​ទៅ​អង្គការ​ដៃគូ , ការធ្វើជា​តំណាង​ឲ្យ​កុមារ​រងគ្រោះ និង​គ្រួសារ​នៅ​គ្រប់​ដំណាក់កាល​នីតិវិធីតុលាការ , ការ​ផ្តល់ជំនួយ​ក្នុងការ​ចូលរួម​នីតិវិធី​តុលាការ , ការការពារ​សុវត្ថិភាព​កុមារ , ការផ្តល់សេវា​សង្គមកិច្ច និង​សេវាសាធារណៈ​នានា​ក្នុង​គម្រោង​សង្គ្រោះ​ជីវិត , គម្រោង​ប្រព័ន្ធ​បង្វែរ (​មណ្ឌល​សុំ​ចត​) , គម្រោង​កសាង​អនាគត គម្រោង​អប់រំ​ក្រៅ​ប្រព័ន្ធ និង​សមាហរកម្ម​សាលា​រដ្ឋ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ , ចលនា​សុវត្ថិភាព​កុមារ​មាន​ភ្នាក់ងារ​ពី បណ្តា​សហគមន៍ ក្នុងការ​ទទួលខុសត្រូវ​ក្នុងការ​ការពារ​កុមារ ដែល​មកពី​សហគមន៍​ម៉ូតូ​រ៉ឺម៉ក , បុគ្គលិក​សណ្ឋាគារ បុគ្គលិក​អង្គការ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​កំណត់ និង​ការពារ​កុមារ​ពី​ការរំលោភបំពាន​គ្រប់​ទម្រង់​ទាំងអស់ ។​

​នេះ​គឺជា​ការបញ្ជាក់​របស់លោក​ស្រី យូ សុភា ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ស្នាមញញឹម​អង្គរ ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅនេះ ។​

​លោកស្រី​បានបញ្ជាក់​ទៀតថា ទាំងនេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់​អ្នកពាក់ព័ន្ធ ដោយមាន​កិច្ច​សហការគ្នា​យ៉ាង​ល្អ​រវាង​អាជ្ញាធរ និង​អង្គការ​ដៃគូរ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក៏ដោយ ក៏​កុមារ​នូវតែមាន​ភាព​ប្រឈម​ងាយ​រងគ្រោះ​ពី​ការរំលោភបំពាន​ផ្សេងៗ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង អ្នកពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការការពារ ការទប់ស្កាត់ និង​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​បន្ថែមទៀត តាមរយៈ​ការងារ​លើកកម្ពស់​សម​ត្ថ​ភាព និង​ទាមទារ​ការសហការ​ចូល​រួម​ពី​គ្រប់ភាគី​ទាំងអស់ ខណៈ​កន្លងមក ឆ្លងតាម​សកម្មភាព​ការងារ​កន្លងមក គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​អនុវត្តន៍ និង​សម្រេច​ល​ទ្ឋ​ផល​លើ​កិច្ចការ​ជាច្រើន​ពាក់​ព័​ន្ឋ​ទៅនឹង​ការទប់ស្កាត់ ប្រឆាំង​ទៅនឹង​ការជួញដូរ​មនុស្ស ។​

សូមបញ្ជាក់ថា ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយ​មានការ​និមន្ត​ចូលរួម​របស់​ព្រះ​មេគណ​ខេត្ត និង​អញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង ស្រុក អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ ផ្នែក​វិស័យ​ឯកជន សង្គម​ស៊ីវិល តំណាង​កម្មករ និយោជិត បុព្វ​ជិត​សាសនា​គ្រប់​និកាយ យុវជន យុវនារី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សិស្សានុសិស្ស ក្រុមយុវជន​កាយ​រឹទ្ធ និង​យុវជន​កាកបាទក្រហម​កម្ពុជា សរុប​ប្រមាណ​ជាង​១​ពាន់​នាក់ ៕B/